ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ខៀវ កាញារីទ្ធ ព្រមាន​បង្ហោះ​រូប​មន្ត្រី​ដែល​មានតែ​ឈ្មោះ តែ​បើក​ប្រាក់ខែ​
21, May 2019 , 2:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដើម្បី​ការរួមចំណែក​អភិបាលកិច្ច​ល្អ ស្របតាម​ទិសដៅ​រដ្ឋាភិបាល​នោះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ព្រមាន​បង្ហោះ​រូប​មន្ត្រី ដែល​មានតែ​ឈ្មោះ ហើយ​អត់​ធ្វើការ ដោយ​រង់​ចាំតែ​បើកប្រាក់​ខែ​ក្រសួង នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

 
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​សារ​ព្រមាន​បែបនេះ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​ក្រោយពី​មានការ​រអ៊ូរទាំ​របស់​មន្ត្រី​ក្រសួង​ព័ត៌មាន ក្រសួង​ព័ត៌មាន​សុំ​ឲ្យ​គ្រប់​អគ្គនាយកដ្ឋាន បញ្ជូន​ឈ្មោះ និង រូបថត មន្ត្រី​ណាខ្លះ ដែល​មានតែ​ឈ្មោះ តែ​បើក​ប្រាក់ខែ ដើម្បី​រួមចំណែក​អភិបាលកិច្ច​ល្អ​របស់​រាជរដ្ឋាភិបាល ដើម្បី​ខ្ញុំ​បង្ហោះ​រូបអ្នក​ដែល​ស៊ី​លើ​កម្លាំង​មន្ត្រី​ក្រសួង​»​។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព យល់ឃើញថា វិធានការ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ដែល​ព្រមាន​បង្ហោះ​រូប​មន្ត្រី​អសកម្ម​ការងារ​ម៉ោង​រដ្ឋ​នោះ គឺជា​រឿង​មួយ​ល្អ ក្នុងការ​កំញើញ​ឲ្យ​មន្ត្រី​ខ្ជិល និង​អសកម្ម​ការងារ​រដ្ឋ​នេះ មានការ​ភ័យខ្លាច ហើយ​ងាក​មក​បំពេញការងារ​វិញ​។ ប៉ុន្តែ​ការអនុវត្ត​វិធានការ​បែបនេះ គឺ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។ បើតាម​លោក ព្រាប កុល គ្រប់​ក្រសួង និង​ស្ថាប័ន​ទាំងអស់ ត្រូវ​កំណត់​វិធាន​រដ្ឋបាល និង​តាមដាន​ការងារ​ប្រចាំថ្ងៃ​របស់​បុគ្គល​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ទើប​អាច​ដោះស្រាយ និង​លុបបំបាត់​មន្ត្រី​កេងប្រវ័ញ្ច​ម៉ោង​រដ្ឋ ហើយ​យក​ពេល​ទៅរក​ស៊ី និង​ធ្វើ​ការងារ​ឯកជន ដើម្បី​ផលប្រយោជន៍​ខ្លួន​បាន​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​វា​ជា​វិធី​មួយ​ដែល​ធ្វើ​ឲ្យ​(​មន្ត្រីរាជការ​កេងប្រវ័ញ្ច​ម៉ោង​ធ្វើការ​)​អាម៉ាសមុខ គឺជា​វិធី​មួយ​ស្រាល​ទេ ដែល​ដាក់​សម្ពាធ​ឲ្យ​ពួកគេ​មក​ធ្វើការ បើ​មិន​មក​ធ្វើការ​ទេ គាត់​បង្ហាញ​រូបភាព​បុគ្គល​នោះ ឲ្យ​គេ​ឃើញ ដើម្បី​ឲ្យ​អាម៉ាស​។ ហើយ​វិធី​ហ្នឹង គឹ​គ្រាន់តែ​ជា​វិធី​មួយ​ក្នុងចំណោម​វិធី​ច្រើន​។ ប៉ុន្តែ​វិធី​ដែលមាន​ប្រសិទ្ធភាព​បំផុត គឺមាន​លក្ខខណ្ឌ​ការងារ មាន​គោលការណ៍ មានច្បាប់​ទម្លាប់​ឲ្យ​ពួកគាត់​ដឹង ហើយ​មាន​យន្តការ​តាមដាន ត្រួតពិនិត្យ​ពួកគាត់​ឲ្យ​បាន​ត្រឹមត្រូវ ហើយនឹង​មើល​លទ្ធផល​ការងារ​របស់​ពួកគាត់ ។ ទាំងនេះ​វា​ជា​វិធី ដែលមាន​ប្រសិទ្ធភាព​ការងារ​ល្អ​បំផុត​»​។​
ជុំវិញបញ្ហាមន្ត្រីរាជការស៊ីប្រាក់ខែ តែមិនព្រមធ្វើការបម្រើរដ្ឋឲ្យពេញដៃពេញជើង ពោលគឺយកពេលរដ្ឋទៅធ្វើការងារឯកជន ឬរកស៊ីខាងក្រៅនោះ គឺតែងតែមានការរិះគន់ជាបន្តបន្ទាប់ពីសំណាក់មហាជន ទៅលើការគ្រប់គ្រងរបស់ក្រសួង និងស្ថាប័នរដ្ឋ ដែលចំណាយថវិកាខ្ជះខ្ជាយលើមន្រ្តីខ្ជិលធ្វើការហើយ (អ្នកដែលបើកប្រាក់ខែ តែមិនធ្វើការ) ប៉ុន្តែការងារវិញ មិនសូវមានប្រសិទ្ធភាព ដោយសារសម្បូរមន្រ្តីទាំងនោះនៅតាមស្ថាប័ន៕
 

Tag:
 ខៀវ កាញារីទ្ធ​
  ព័ត៌មាន​
  រាជការ​
© រក្សាសិទ្ធិដោយ thmeythmey.com