សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន បណ្តាល​ឲ្យ​មានការ​ខ្វាយខ្វល់​នៅ​រដ្ឋសភា Capitol Hill
អន្តរជាតិ
សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន បណ្តាល​ឲ្យ​មានការ​ខ្វាយខ្វល់​នៅ​រដ្ឋសភា Capitol Hill
21, May 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន ៖ នៅពេលដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង យក​ពន្ធគយ​កាន់តែ​ច្រើនឡើង​មិន​ធ្លាប់មាន​កាលពី​ពេលមុន​ដែល​បាន​បណ្តាល​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​មានការ​រអាក់រអួល សមាជិកសភា​សហរដ្ឋ​អាមេរិក កំពុង​សម្ដែង​នូវ​ក្តី​សង្ឃឹមថា​នឹងមាន​សេចក្តីសម្រេច​ដ៏​ឆាប់រហ័ស ក៏ប៉ុន្តែ​ធំ​ទូលាយ​មួយ​សម្រាប់​ជម្លោះ​ពាណិជ្ជកម្ម​ដ៏​ខ្លាំង​របស់​សហរដ្ឋអាមេរិក​ជាមួយ​ចិន​។​

 
​ការ​ខ្វាយខ្វល់​មាន​កាន់តែខ្លាំង​ឡើង​នៅ​វិមាន​រដ្ឋសភា Capitol Hill បន្ទាប់ពី​ចិន​បានធ្វើការ​សងសឹក​ប្រឆាំងនឹង​ការយក​ពន្ធគយ​ថ្មី​របស់​អាមេរិក ដោយ​ការដំឡើង​ពន្ធគយ​លើ​ទំនិញ​ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក​។ ទោះជា​អញ្ចឹង​ក៏ដោយ ព្រឹទ្ធសភា​របស់​គណបក្ស​ទាំង​២ និយាយថា គេ​ត្រូវតែ​ប្រឈម​នឹង​ចិន​។ លោក Chris Van Hollen សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋ​ម៉ា​រី​លែ​ន បាន​និយាយ​ជាមួយ VOA ថា​៖ «​យើង​ចាំបាច់​ត្រូវ​ជំទាស់​ប្រឆាំង​ចិន​ដើម្បី​កែប្រែ​របៀប​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន​និង​ការ​ការធ្វើ​ពាណិជ្ជកម្ម​ក្នុងស្រុក​របស់​ចិន​។ ឧទាហរណ៍ ពួកគេ​បាន​លួច​ការសម្ងាត់​បច្ចេកវិទ្យា​របស់​សហរដ្ឋអាមេរិក​ជា​យូរយារ​ណាស់​មកហើយ​»​។​
 
​ក៏ប៉ុន្តែ លោក Van Hollen បានដាក់​កំហុស​លើ​ការផ្តោត​យកចិត្តទុកដាក់​របស់​ប្រធានាធិបតី​ត្រាំ​លើ​ពន្ធគយ​។ លោក Chris Van Hollen និយាយថា​៖ «​អ្វីដែល​ខ្ញុំ​មើលឃើញ​ជា​យុទ្ធសាស្ត្រ​ពន្ធគយ​តែប៉ុណ្ណោះ​។ ខ្ញុំ​មើលឃើញថា គ្មាន​យុទ្ធសាស្ត្រ​ធំ​ទូលាយ​ឆ្ពោះទៅកាន់​ដំណោះស្រាយ​ជាមួយ​ចិន​នោះទេ​។ អ្នកប្រើប្រាស់​ទំនិញ​អាមេរិកាំង កំពុង​បង់ប្រាក់​កាន់តែ​ច្រើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ការណ៍​នេះ មិនមែន​អំពី​ថា​តើ​ក្រុមហ៊ុន​ចិន​លក់បាន​ប៉ុន្មាន ឬ​អំពី​ថា​តើ​សហរដ្ឋអាមេរិក​លក់ទំនិញ​ប៉ុន្មាន​ទៅ​ឲ្យ​ចិន​នោះទេ​»​។​
 
​ក្នុងចំណោម​អ្នក​ដែល​រិះគន់​ខ្លាំង​បំផុត​អំពី​ការ​ព្រួយ​កង្វល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​នោះ​គឺ​កសិករ​អាមេរិកាំង​។ លោក Roy Blunt សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​ឲ្យ​រដ្ឋ Missouri ដែល​សម្បូរ​ខាង​វិស័យ​កសិកម្ម​។ លោក Blunt បាន​និយាយថា​៖ «​កសិករ​រដ្ឋ Missouri បាន​លក់​សណ្តែកសៀង​ប្រហែល​២៥​ភាគរយ​ទៅ​ឲ្យ​ចិន​។ ហើយ​ទីផ្សារ​សណ្តែកសៀង ពោត សត្វពាហនៈ​លក់​ទៅ​ឲ្យ​ចិន​ដែលជា​ផ្សារ​ដ៏​ធំ​មួយ​ត្រូវបាន​គេ​បង្អាក់​»​។​
 
​ក៏ប៉ុន្តែ លោក Blunt ជឿថា ពលរដ្ឋ​អាមេរិកាំង យល់ថា ការប៉ះពាល់​ខាង​សេដ្ឋកិច្ច​រយៈពេល​ខ្លី​ជាការ​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ លោក​បាន​ថ្លែងថា​៖ «​ប្រសិនបើ​មានការ​ប្រយុទ្ធ​ខាង​ពាណិជ្ជកម្ម​ឲ្យ​មាន​ភាពប្រសើរឡើង វា​ជាការ​ប្រយុទ្ធ​ខាង​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ ចិន​ជា​អ្នករកស៊ី​មិន​ត្រឹមត្រូវ​»​។​
 
​ខណៈដែល​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​កំពុង​ក្លាយជា​ដើមរឿង​ព័ត៌មាន​ភាគច្រើន​នោះ លោក Blunt ក៏បាន​ជំរុញ​ឲ្យ​សភា​ពិចារណា​ឲ្យ​បាន​រហ័ស​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម