អន្តរជាតិ
លោក ម៉ា​ឌុយ​រ៉ូ ចង់​ផ្ដាច់​ផ្លូវ​មេដឹកនាំ​ប្រឆាំង ដោយ​ស្នើ​រៀបចំ​ការបោះឆ្នោត​រដ្ឋសភា​មុន​កាលកំណត់​
21, May 2019 , 7:39 pm        
រូបភាព
​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ នៅ​ថ្ងៃទី​២០ ខែឧសភា បានស្នើ​រៀបចំ​ការបោះឆ្នោត​រដ្ឋសភា​ដែល​សព្វថ្ងៃ​គ្រប់គ្រង​ដោយ​ក្រុមប្រឆាំង​។ គម្រោង​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​មុន​កំណត់​នេះ ត្រូវបាន​លោក ម៉ា​ឌុយ​រ៉ូ អះអាងថា ជាការ​ធ្វើ​ឲ្យ​ស្ថាប័ន​មួយ​នេះ​ស្របច្បាប់​ឡើងវិញ​។ ប៉ុន្តែ​គេ​បារម្ភ​ថា គោលដៅ​ពិត​របស់លោក ម៉ា​ឌុយ​រ៉ូ គឺ​ផ្ដាច់​ផ្លូវ​របស់​ក្រុមប្រឆាំង​ប៉ុណ្ណោះ ព្រោះ​រដ្ឋសភា​ដែលមាន​លោក ហ័ន ក្វៃ​ដូ ជា​ប្រធាន​នេះ ជា​ស្ថាប័ន​តែមួយគត់​ទទួលស្គាល់​ដោយ​អន្តរជាតិ​។​

 
​រដ្ឋសភា ដែលជា​ស្ថាប័ន​ប្រជាធិបតេយ្យ​តែមួយគត់​នៅ​សេសសល់​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា កំពុង​ក្លាយជា​មុខសញ្ញា​ត្រូវ​កម្ចាត់​ពី​សំណាក់​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។ រដ្ឋសភា ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​ក្រុមប្រឆាំង​តាំងពី​ឆ្នាំ​២០១៥ មក ហើយ​បាន​ដើរតួ​ជា​មូលដ្ឋាន​នយោបាយ​សម្រាប់​លោក ហ័ន ក្វៃ​ដូ ក្នុង​យុទ្ធនាការ​ផ្ដូ​ល​រំលំ​លោក ម៉ា​ឌុយ​រ៉ូ ។ លោក ម៉ា​ឌុយ​រ៉ូ បានប្រកាស​នៅ​ថ្ងៃទី​២០ ខែឧសភា ពី​គម្រោង​រៀបចំ​ការបោះឆ្នោត​រដ្ឋសភា​មុន​កំណត់​។​
 
​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​នៅ​ឆ្នាំ​២០១៥ ក្រុមប្រឆាំង​បាន​គ្រប់គ្រង​កៅអី​ចំនួន​១០៩ ក្នុងចំណោម​កៅអី​សរុប​១៦៩ ខណៈ​បក្ស​ដែល​គាំទ្រ​លោក ម៉ា​ឌុយ​រ៉ូ កាន់​កាន់​ចំនួន​៥៥ កៅអី​។ ការបោះឆ្នោត​អាណត្តិ​ក្រោយ គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០២០ ឯណោះ​។ ទោះជា​យ៉ាងណា លោក ម៉ា​ឌុយ​រ៉ូ មិន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​កាលបរិច្ឆេទ​រៀបចំ​ការ​បោះឆ្នោត​ដែល​លោក​ចង់​បានឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ត្រូវបាន​គ្រប់គ្រង​ដោយ​បក្សប្រឆាំង រដ្ឋសភា បាន​ក្លាយជា​ឆ្អឹង​ទទឹង​ក​សម្រាប់​រដ្ឋបាល​លោក ម៉ា​ឌុយ​រ៉ូ ។ ទីបំផុត លោក ម៉ា​ឌុយ​រូ ក៏​បង្កើត​សភាធម្មនុញ្ញ​ថ្មី ដែល​ដើរតួ​ជំនួស​រដ្ឋសភា ហើយ​អំណាច​របស់​រដ្ឋសភា​ក៏​សាបរលាប​។ សភាធម្មនុញ្ញ​ថ្មី​នេះ​ដែល​ពោរពេញ​ដោយ​មនុស្សលោក ម៉ា​ឌុយ​រ៉ូ ក្លាយជា​ស្ថាប័ន​នីតិបញ្ញត្តិ​ជំនួស​រដ្ឋសភា ហើយ​ក្ដោប​ក្ដាប់​អំណាច​ពេញដៃ​ទៀតផង​។ ប៉ុន្តែ​សភាធម្មនុញ្ញ គ្មាន​អន្តរជាតិ​ទទួលស្គាល់​ឡើយ​។​
 
​លោក ម៉ា​ឌុយ​រ៉ូ ចង់​ផ្ដាច់​ផ្លូវលោក ក្វៃ​ដូ​?
 
​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​ដើម្បី​អបអរ​ជ័យជម្នះ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំមុន លោក ម៉ា​ឌុយ​រ៉ូ ចាត់ទុក​រដ្ឋសភា​ដែលមាន​លោក ក្វៃ​ដូ ជា​មេដឹកនាំ ជា​ស្ថាប័ន​ខុសច្បាប់​។ ដូចនេះ ការបោះឆ្នោត​មុន​កំណត់​នេះ មាន​គោលដៅ​ធ្វើ​ឲ្យ​រដ្ឋសភា​ទៅជា​ស្របច្បាប់​វិញ​។ ធ្វើ​ឲ្យ​ស្របច្បាប់ លោក ម៉ា​ឌុយ​រ៉ូ ទំនង​ចង់​ឲ្យ​ស្ថាប័ន​មួយ​នេះ លែង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុមប្រឆាំង​វិញ​។ 
 
​បើសិនជា​អាច​គ្រប់គ្រង​រដ្ឋសភា​បាន​នោះ លោក ម៉ា​ឌុយ​រ៉ូ ក៏​អាច​ដក​បន្លា​ចេញពី​ទ្រូង​ដែរ​។ នេះ​ក៏​ព្រោះ​រដ្ឋសភា​ជាទី​ប្រមូលផ្ដុំ​អំណាច​របស់លោក ក្វៃ​ដូ ។ បើ​បាត់បង់​កៅអី​សភា លោក ក្វៃ​ដូ ក៏​អស់​មាន​អំណះអំណាង​ដើម្បី​តាំងខ្លួន​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​ទៀត​ដែរ​។ មេដឹកនាំ​ប្រឆាំង​រូបនេះ អាច​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​បាន ក្នុងនាម​ជា​ប្រធានរដ្ឋសភា​ប៉ុណ្ណោះ​ដែល​ចែង​តាម​រដ្ឋធម្មនុញ្ញ​។ 
 
​បាត់បង់​តំណែង​ប្រធានរដ្ឋសភា លោក ក្វៃ​ដូ ទំនងជា​មិនអាច​ផ្ដួលរំលំ​លោក ម៉ា​ឌុយ​រ៉ូ បាន​ទៀតឡើយ បន្ថែម​ពីលើ​ស្ថានភាព​បច្ចុប្បន្ន​ដែល​មិនល្អ​ស្រាប់​ផង​នោះ​។ យ៉ាងណាមិញ បើសិនជា​សភាពការណ៍​ដើរ​ដល់​ចំណុច​នោះ​មែន លោក ម៉ា​ឌុយ​រ៉ូ ផ្ទាល់​ក៏​ទំនងជា​ពិបាក​ដែរ ព្រោះ​ប្រាកដជា​រង​សម្ពាធ​កាន់តែខ្លាំង​ថែមទៀត​៕ 

Tag:
 ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
  ហ័ន ក្វៃ​ដូ​
© រក្សាសិទ្ធិដោយ thmeythmey.com