កីឡាជាតិ
ជាតិ
​មិន​ធ្លាប់មាន​ពីមុន​! CNCC ប្រគល់​ពានរង្វាន់​គ្រូបង្វឹក និង​កីឡាករ​ឆ្នើម​ប្រចាំខែ​
21, May 2019 , 4:09 pm        
រូបភាព
ដោយ:
​ខ្សែបម្រើ គួច សុក​ម្ភៈ របស់​ណាហ្គា​វើ​ល និង​ខ្សែប្រយុទ្ធ Jean Marie Privat របស់​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវបាន​គណៈកម្មាធិកា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC)​ជ្រើសរើស​ជា​កីឡាករ​ល្អ​ជាងគេ​ប្រចាំខែ​រៀងៗ​ខ្លួន​។ ចំណែក​គ្រូបង្វឹក​ព្រះខ័ន​រាជ​ស្វាយរៀង លោក Nestor Conor ជា​គ្រូបង្វឹក​ដឹកនាំ​ល្អ​ជាងគេ​ពីរ​ខែ​ជាប់​គ្នា​។

 
​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​កីឡាករ និង​គ្រូបង្វឹក ក៏ដូចជា​ធ្វើ​ឲ្យ​គុណភាព​ការប្រកួត​កាន់​តែមាន​ភាពល្អប្រសើរ គណៈកម្មាធិការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​បាន​បង្កើត​ពានរង្វាន់​កីឡាករ​ល្អ​ជាងគេ និង​គ្រូបង្វឹក​ដឹកនាំ​ល្អ​ជាងគេ​ប្រចាំខែ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​១៩ ឧសភា CNCC បានប្រគល់​ពានរង្វាន់​កីឡាករ​ល្អ​ជាងគេ និង​គ្រូបង្វឹក​ដឹកនាំ​ល្អ​ជាងគេ​ប្រចាំខែ​មិនា និង​ខែមេសា​ដល់​កីឡាករ​និង​គ្រូបង្វឹក​។​


កីឡាករ Jean Marie Privat (អាវខៀវ)ជាកីឡាករល្អជាងគេប្រចាំខែមេសា
 
​គ្រូបង្វឹក​អៀរ​ឡង់ លោក Nestor Conor បានចាប់ផ្តើម​រដូវ​កាល​ដ៏​ល្អ​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​នា​រដូវ​កាល​នេះ ដោយ​មិនទាន់​ស្គាល់​ចាញ់​ការប្រកួត​ឡើង​សម្រាប់​ជំនួប​៨​លើក​កន្លងមក​។ ដោយឡែក​កាលពី​ខែ​មិនា លោក​បាន​បើកឆាក​សប្តាហ៍​ទីមួយ​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​នេះ ដោយ​ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២-០ ហើយ​បន្ត​ឈ្នះ​សូល​ទី​ឡូ​អង្គរ ១-០​។​
 
​ឈានដល់​ខែមេសា ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​ឈ្នះ​បី​ប្រកួត​បន្ថែមទៀត តាមរយៈ​ការបំបាក់ គិរីវង់​សុខ​សែន​ជ័យ ២-០ ឈ្នះ​ភ្នំពេញ​ក្រោ​ន ៥-១ និង​បន្ត​ឈ្នះ​អគ្គិសនី​កម្ពុជា ១-០​។ លទ្ធផល​ឈ្នះ​រហូត​ទាំង​ខែ​មិនា និង​ខែមេសា បាន​នាំ​ឲ្យ​គ្រូបង្វឹក​វ័យ​៣៥​ឆ្នាំ ដែលមាន​កំណើត​នៅ​ក្រុង Dublin រូបនេះ ឈ្នះ​ពានរង្វាន់​គ្រូបង្វឹក​ឆ្នើម (Coach of the Month) ទាំងពីរ​ខែ​តែម្តង​។​


កីឡាករ គួច សុកម្ភៈ (អាវខៀវ)ពេលទទួលពានរង្វាន់កីឡាករល្អជាងគេប្រចាំខែមិនា ពីលោក ឆាំង ពិសិដ្ឋ
 
​រីឯ​ខ្សែបម្រើ គួច សុគ​ម្ភៈ ដែលជា​ប្រធាន​ក្រុម​ណាហ្គា​វើ​ល​ផង​ដែរនោះ បានចាប់ផ្តើម​យ៉ាង​ល្អ​នា​ជំនួប​បើក​រដូវ​កាល ជាមួយនឹង​ជ័យជម្នះ ១-០ នៅលើ​ទឹកដី​អាស៊ី​អឺរ៉ុប​។ សម្រាប់​ការប្រកួត​បន្ទាប់ ម្ចាស់​ការពារ​តំណែង​ជើងឯក​ណាហ្គា​វើ​ល រង​ការខកចិត្ត​ដោយ​ចាញ់​ក្រសួងការពារជាតិ ៤-២ ប៉ុន្តែ​លទ្ធផល​នេះ មិនបាន​រារាំង កីឡាករ​ជើងចាស់​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា ទទួលបាន​ពានរង្វាន់​កីឡាករ​ឆ្នើម (Player of The Month) ប្រចាំខែ​មិនា នោះឡើយ​។​
 
​សម្រាប់​ខែមេសា ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Jean Marie Privat រួមចំណែក​យ៉ាងសំខាន់​ក្នុង​ជ័យជម្នះ​ទាំងបី​លើក​របស់​ព្រះខ័ន​រាជ​ស្វាយរៀង បើទោះបីជា​រូបគេ ស៊ុត​បាល់​បញ្ចូល​ទី​តែ​១​គ្រាប់​ក្នុង​ជ័យជម្នះ ៥-១ លើ​ភ្នំពេញ​ក្រោ​ន​ក៏ដោយ​។ លទ្ធផល​ល្អ និង​ការរៀប​ចំណែក​របស់ Privat បាន​នាំ​ឲ្យ​គេ​ក្លាយជា​កីឡាករ​ឆ្នើម​ប្រចាំ​ខែមេសា​៕


លោក Nestor Nonor (ឆ្វេង)ទទួលពានរង្វាន់គ្រូបង្វឹកដឹកនាំការប្រកួតល្អជាងគេប្រចាំខែមិនា និងមេសា ពីលោក ឆាំង ពិសិដ្ឋ
 

Tag:
 Cambodian League 2019
  គួច សុក​ម្ភៈ​
  Nestor Conor
© រក្សាសិទ្ធិដោយ thmeythmey.com