ជាតិ
​​​ន​យោ​បាយ​ជាតិ​
UN នៅ​កម្ពុជា កំពុង​តាមដាន​ស្ថានភាព​អតីតមន្ត្រី​បក្សប្រឆាំង ដែល​ត្រូវ​កោះហៅ​ជា​បន្តបន្ទាប់​
21, May 2019 , 7:19 pm        
រូបភាព
អតីតមន្ត្រីគណបក្សប្រឆាំងខេត្តបាត់ដំបង ពេលទៅបំភ្លឺនៅតុលាការ (រូបពីទំព័រហ្វេសប៊ុក) Seng Mengbunrong
អតីតមន្ត្រីគណបក្សប្រឆាំងខេត្តបាត់ដំបង ពេលទៅបំភ្លឺនៅតុលាការ (រូបពីទំព័រហ្វេសប៊ុក) Seng Mengbunrong
ដោយ: ថ្មីៗ
​បន្ទាប់ពី​សហរដ្ឋអាមេរិក គឺ​តំណាង​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា (UN) ដែល​បង្ហាញ​ក្តីកង្វល់​ចំពោះ​ចំណាត់ការ​របស់​តុលាការ​និង​សមត្ថកិច្ច ទៅលើ​អតីតមន្ត្រី​គណបក្សប្រឆាំង​រហូត​មិនតិចជាង​៧០​នាក់​។ មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល បកស្រាយ​ថា ចំណាត់ការ​របស់​តុលាការ គឺ​ដើម្បី​បង្ហាញ​ពី​សុចរិត​ភាព​របស់​ពួកគេ​។​

 
 
 
​តាមរយៈ​សំណេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ United Nations Human Rights in Cambodia នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩​នេះ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បានបង្ហាញ​ពី​កង្វល់ ជំវិញ​ស្ថានភាព​របស់​អតីតមន្ត្រី​គណបក្សប្រឆាំង ដែល​ត្រូវបាន​តុលាការ និង​សមត្ថកិច្ច កោះហៅ​និង​ឃុំខ្លួន​។ ស្ថាប័ន​តំណាង​ឲ្យ​អង្គការសហប្រជាជាតិ​មួយ​នេះ អះអាងថា ខ្លួន​កំពុង​តាមដាន​រឿងនេះ​។ 
 
​ការ​រិ​យា​ល័យ​ឧ​ត្ត​ម​ស្នងការ បាន​រម្លឹក​ពី​ប្រសាសន៍​របស់​អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ យ៉ាង​ដូច្នេះ​ថា «​មាន​តម្រូវការ​ផ្លាស់ប្តូរ​វប្បធម៌​នយោបាយ​តែមួយ គឺ​ផ្តោតទៅលើ​បញ្ហា​ជាជាង​ផ្តោតលើ​បុគ្គល​។ ករណីនេះ​រួមជាមួយ​នឹង​ការការពារ​ដោយ​ច្បាប់​នៃ​សេរីភាព​បញ្ចេញមតិ អាចជួយ​ឲ្យ​មាន​ភាពជោគជ័យ លើ​បញ្ហា​ប្រឈម​នានា​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន សម្រាប់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​»​។ 
 
​អ្នកស្រី ស្មី​ត លើកឡើង​បែបនេះ ពេល​អ្នកស្រី មក​បំពេញ​ទស្សនកិច្ច​លើក​ទី​៧​នៅ​កម្ពុជា កាលពី​ចុងខែ​មេសា​និង​ដើមខែ​ឧសភា​កន្លងទៅ​។ អ្នកស្រី ស្មី​ត ដែលមាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Special Rapporteur Cambodia បាន​ចែករំលែក (Share) សំណេរ (Status) របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។​
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល លើកឡើងថា ការកោះហៅ​របស់​តុលាការ មិនមែន​ជាការ​បំភ័យ​ឬ​ការគាបសង្កត់​លើ​អតីតមន្ត្រី​គណបក្សប្រឆាំង​ទាំង​នោះទេ តែ​ជាការ​បង្ហាញ​ពី​សុចរិត​ភាព​របស់​ពួកគេ បើ​ពួកគេ ពិតជា​មិនបាន​ប្រព្រឹត្ត​អំពើ​ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំពូល​មែន​។ ម្យ៉ាងទៀត លោក យល់ថា ចំណាត់ការ​របស់​តុលាការ គឺជា​ការរក្សា​នីតិរដ្ឋ និង​សន្តិសុខ​នៅ​កម្ពុជា​។ 
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ​ថា «​ប្រតិកម្ម​របស់គេ​ខាងក្រៅ ឬ​អង្គការ​នានា គឺ​ដើម្បី​ប្រយោជន៍​របស់គេ​។ យើង មិន​ឲ្យ​តម្លៃ​ទេ​»​។ 
 
​មកដល់ពេលនេះ មាន​អតីតមន្ត្រី​គណបក្សប្រឆាំង​៣៥​នាក់​នៅ​ខេត្តបាត់ដំបង ដែល​ត្រូវបាន​តុលាការ​កោះហៅ ឲ្យ​ចូលទៅ​បំភ្លឺ ដោយសារតែ​ពួកគេ ជួបជុំ និង​ពិសា​នំ​បញ្ចុក​ជាមួយគ្នា​។ តុលាការខេត្ត​បាត់ដំបង សង្ស័យថា ការ​ជុំគ្នា​នេះ គឺមាន​ចេតនា​ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំពូល អំពី​ការរំលាយ​គណបក្សប្រឆាំង​កាលពី​ចុងឆ្នាំ​២០១៧​។ 
 
​លោក សំ សុ​គង់ មេធាវី​របស់​អតីតមន្ត្រី​គណបក្សប្រឆាំង​ទាំង​៣៥​នាក់ ធ្លាប់​អះអាងថា ការជួបជុំ​និង​ការ​ពិសា​នំ​បញ្ចុក​ជាមួយគ្នានេះ មិនមែនជា​ការប្រឆាំង​នឹង​សាលដីកា​របស់​តុលាការ​កំពូល​ទេ​។ លោក បកស្រាយ​ថា ការ​ជុំគ្នា ដើម្បី​ពិភាក្សា​ពី​រឿង​អ្វីមួយ គឺជា​សិទ្ធិ​ក្នុងការ​ជួបជុំ​និង​ការបញ្ចេញមតិ ដែលមាន​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​។ លោក សង្ឃឹមថា តុលាការ នឹង​តម្កល់​សំណុំ​រឿងនេះ​មិន​ចាត់ការ​។ 
 
​លោក អេង ឆៃអ៊ាង មេដឹកនាំ​ជាន់ខ្ពស់​ម្នាក់​នៃ​អតីត​គណបក្សប្រឆាំង បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ក្នុងន័យ​ចំអក​ឲ្យ​តុលាការ​យ៉ាង​ដូច្នេះ​ថា «​បទល្មើស​ថ្មី លក់​នំ​បញ្ចុក ឬ​ហូប​នំ​បញ្ចុក ត្រូវ​ជាប់ចោទ​ប្រឆាំងនឹង​សាលដីកា​....»​។ 
 
​ដោយឡែក នៅ​ខេត្តកំពង់ធំ ក៏មាន​អតីតមន្ត្រី​គណបក្សប្រឆាំង​៣៥​នាក់​ដែរ ដែល​ត្រូវបាន​ហៅ​ទៅ​សួរ​ពី​ការជួប​ជុំគ្នា​។ ប៉ុន្តែ សំណុំរឿង​របស់​អតីតមន្ត្រី​គណបក្សប្រឆាំង​ទាំងនោះ កំពុងស្ថិត​ក្នុង​ដៃ​របស់​នគរបាល​នៅឡើយ ដោយ​មិនទាន់​ឈានទៅដល់​តុលាការ​នោះទេ​។​
 
​ប្រតិកម្ម​របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា គឺ​បន្ទាប់ពី អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បានចេញ​សេចក្តីថ្លែងការណ៍​អំពី​រឿងនេះ​។ តាមរយៈ​សេ​កច​ក្តី​ថ្លែងការណ៍ កាលពី​ថ្ងៃទី​១៧ ខែឧសភា ក្រសួងការបរទេស មាន​កង្វល់​ចំពោះ​មរណភាព​លោក ទិ​ត  រ៉​ន  កូនប្រុស​របស់​អតីត​សកម្មជន​គណបក្សប្រឆាំង នៅក្នុង​ពន្ធនាគារ​វត្ត​ឃ្មួ​ង​ខេត្តកំពង់ចាម​។ ក្រសួងការបរទេស​អា​មេ​រិ​ក អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​ជាបន្ទាន់​លើ​ករណីនេះ​។ 
 
​លើសពីនេះ ក្រសួងការបរទេស​អា​មេ​រិ​ក ក៏មាន​កង្វល់​ផងដែរ  អំពី​ការចាត់វិធានការ​រប​ស់​តុលាការ ទៅលើ​អតីតមន្ត្រី​គណបក្សប្រឆាំង​។ ក្រសួងការបរទេស​អា​មេ​រិ​ក អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា  លុបបំបាត់​ការ​រឹតត្បិត និង​ដោះលែង​អ្នកទោស​ទាំងឡាយណា  ដែល​ត្រូវបាន​ឃុំខ្លួន​តាម​អំពើ​ចិត្ត ដោយ​រួមទាំង​លោក កឹម សុខា ផងដែរ​។  
 
«​យើង ក៏​សូម​អំពាវនាវ​ដល់​រដ្ឋា​ភិ​បាល​កម្ពុជា ឲ្យ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​ពិតប្រាកដ  ហើយ​ធ្វើយ៉ាងណា ឲ្យ​សកម្មភាព និង​ច្បាប់​របស់ខ្លួន  គោរព​ទៅតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស របស់​កម្ពុជា ស្ថិតក្រោម​ច្បាប់​អន្តរជាតិ​»​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​ដដែល​។  
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច ពុំបាន​ឆ្លើយតប​នឹង​ក្រសួងការបរទេស​អាមេរិក​និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​នោះទេ តែ​លោក បាន​បញ្ចេញមតិ​ថា ក្នុង​សភាពការណ៍​បច្ចុប្បន្ន ការតស៊ូ​នយោបាយ​រវាង​រដ្ឋាភិបាល​កម្ពុជា និង កម្លាំង​អមិត្ត មាន​លក្ខណៈ​ស្រួចស្រាល់​យ៉ាងខ្លាំង​។ ដោយ​មិន​សំដៅ​ឲ្យ​ចំៗ​ទៅ​ក្រុម​ណាមួយ លោក សុខ ឥសាន បាន​និយាយថា ពួក​អមិត្ត​ទាំងនោះ ខិតខំ​ជាន់ពន្លិច​ការពិត និង​ភាពស្របច្បាប់​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ហើយ​ខិតខំ​ធ្វើ​ឲ្យ​អតីត​បក្សប្រឆាំង រស់​ឡើងវិញ​។  
 
​អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​យ៉ាង​ដូច្នេះ​ថា «​ការវាយតម្លៃ​របស់​ពួកគេ និង​មជ្ឈដ្ឋាន​អមិត្ត​ផ្សេងទៀត គឺ​ផ្អែកលើ​ភាពលម្អៀង​ខាង​នយោបាយ និង​មនោ​គម​ន៏​វិជ្ជា  ម្យ៉ាងទៀត​អាច​ក្តាប់​សភាពការណ៍​ពិត​នៅ​កម្ពុជា​មិនបាន​គ្រប់​ជ្រុងជ្រោយ​»​។ 
 
​ចំណាត់ការ​របស់​តុលាការ​និង​សមត្ថកិច្ច ទៅលើ​អតីតមន្ត្រី​គណបក្សប្រឆាំង​នៅតាម​មូលដ្ឋាន​នេះ ត្រូវបាន​គេ​មើលឃើញថា បានកើត​ឡើងខណៈ​លោក សម រង្ស៊ី ប្រកាស​កាន់តែ​ញឹកញាប់​ពី​ការធ្វើ​មាតុភូមិ​និវត្ត​របស់លោក ក្នុងពេល​ឆាប់ៗ​នេះ​។ មេដឹកនាំ​ក្រុមប្រឆាំង​រូបនេះ អះអាងថា នឹងមាន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ប្រទេស​នានា វិល​មក​កម្ពុជា​ជាមួយ​លោក​។ 
 
​លើសពីនេះ លោក សម រង្ស៊ី ក៏​សង្ឃឹមថា នឹងមាន​ប្រជាពលរដ្ឋ​ក្នុងស្រុក ចាំ​ទទួល​លោក​ផងដែរ​។ ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង​នៅក្រៅ​ប្រទេស បាន​បញ្ជូន​ផែនការ​មក​ឲ្យ​មន្ត្រី​របស់ខ្លួន​នៅក្នុង​ស្រុក ដើម្បី​ឲ្យ​ពួកគេ ដើរ​ប្រមូល​អ្នកគាំទ្រ សម្រាប់​ត្រៀម​ទទួល​លោក សម រង្ស៊ី​។ អ្នកគាំទ្រ​ខ្លះ បានប្រកាសថា ពួកគេ ត្រៀម​ស្វាគមន៍ និង​ចាំ​ទៅ​ទទួល​លោក សម រង្ស៊ី    ជានិច្ច​។ 
 
​រដ្ឋាភិបាល បានទទួល​ដំណឹង​ថា ពិត​ជាមាន​ការដើរ​ប្រមូល​គ្នីគ្នា​នៅតាម​ឃុំ​-​សង្កាត់​មែន ដើម្បី​ចាំ​ទទួល​លោក សម រង្ស៊ី​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តឿន​ពួកគេ ឲ្យ​បញ្ឈប់​សកម្មភាព​នេះ បើ​មិន​ចង់​ប្រឈម​នឹង​ផ្លូវច្បាប់​៕ 
 

Tag:
 UN
  កម្ពុជា​
  CNRP
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com