ជាតិ
សម្តេច នរោត្តម សិរិវុឌ្ឍ ទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវពីជប៉ុន
× សម្តេច នរោត្តម សិរិវុឌ្ឍ អតីតឧបនាយករដ្ឋមន្ត្រី និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសិ្ថតក្នុងចំណោមជនបរទេស១៤២រូបដែលត្រូវទទួលគ្រឿងឥស្សរិយយសពីជប៉ុនសម្រាប់និទាឃរដូវឆ្នាំ២០១៩។ នេះបើតាមការប្រកាសរបស់គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលនាថ្ងៃទី២១ ខែឧសភា និងផ្សព្វផ្សាយបន្តដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ការទទួលបាន គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០១៩ (Grand Cordon of the Order of the Rising Sun) របស់សម្តេច នរោត្តម សិរិវុឌ្ឍ ដោយសារតែរដ្ឋាភិបាលជប៉ុន វាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សម្តេចក្នុងការពង្រឹងទំនាក់ទំនង និងមិត្តភាពរវាងប្រទេសទាំងពីរ។
ស្ថានទូតជប៉ុនបានរំលឹក ពីការរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី ចាប់ពីឆ្នាំ១៩៩៣ ក្នុងតួនាទីព្រះអង្គជាឧបនាយករដ្ឋមន្ត្រី និងក្នុងព្រះឋានៈជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏ដូចជាស្ថាបនិកនៃវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាពផងដែរ។
«ប្រទេសយើងទាំងពីរបានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ន អាស្រ័យដោយការលះបង់ឥតឈប់ឈររបស់សម្តេច [នរោត្តម សិរិវុឌ្ឍ] ចំពោះទំនាក់ទំនងរបស់យើង»។ នេះជាការគូសបញ្ជាក់របស់ស្ថានទូតជប៉ុន៕
Tag:
សម្តេច នរោត្តម សិរិវុឌ្ឍ
គ្រឿងឥស្សរិយយស
© រក្សាសិទ្ធិដោយ thmeythmey.com