អន្តរជាតិ
អាកាសចរណ៍​ចិន ទារ​សំណង​ជំងឺ​ចិត្ត​ពី Boeing ជុំវិញ​ការ​បញ្ឈរជើង​យន្តហោះ 737 MAX
21, May 2019 , 9:19 pm        
រូបភាព
យន្តហោះធុន 737 MAX របស់អាកាសចរណ៍ China Eastern ។ រូបភាព The Thaiger
យន្តហោះធុន 737 MAX របស់អាកាសចរណ៍ China Eastern ។ រូបភាព The Thaiger
​ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Eastern បានប្រកាស​ទារ​សំណង​ជំងឺ​ចិត្ត​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក Boeing Co ជុំវិញ​ការផ្អាក​ការហោះហើរ​របស់​យន្តហោះ​ធុន 737 MAX និង​ការពន្យារពេល​ប្រគល់​យន្តហោះ​តាម​ការបញ្ជាទិញ​។ អាកាសចរណ៍​ដ៏​ធំ​របស់​ចិន​មួយ​នេះ អះអាងថា ខ្លួន​រង​ការខាតបង់​យ៉ាងច្រើន​ដោយសារ​ការ​បញ្ឈរជើង​យន្តហោះ​ធុន 737 MAX ព្រោះ​បារម្ភ​ពី​សុវត្ថិភាព និង​ការអូសបន្លាយ​ការផ្គត់ផ្គង់​ពី​សំណាក់ Boeing ។​

 
​យន្តហោះ​ដឹក​អ្នកដំណើរ​ធុន 737 MAX ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក Boeing រាប់រយ​គ្រឿង ត្រូវបាន​ដាក់​ឲ្យ​បញ្ឈរជើង​ពី​សំណាក់​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ជុំវិញ​ពិភពលោក​។ ការផ្អាក​ការប្រើប្រាស់​យន្តហោះ​ធុន 737 MAX  ធ្វើឡើង​ក្រោយ​ហេតុការណ៍​ធ្លាក់​យន្តហោះ​ធុន​នេះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ពីរ​ក្នុង​រយៈពេល​ត្រឹម​៦​ខែ គឺ​គ្រោះថ្នាក់​របស់​អាកាសចរ​ណ៍ Ethiopian Airlines ក្នុង​ខែមីនា ឆ្នាំ​២០១៩ និង​ការធ្លាក់​របស់​យន្តហោះ​នៃ​ក្រុមហ៊ុន Lion Air កាលពី​ខែតុលា ឆ្នាំ​២០១៨ ។​
 
​ការ​បញ្ឈរជើង​យន្តហោះ​ធុន 737 MAX នេះ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ខ្លះ​ខាតបង់​ចំណូល​យ៉ាងច្រើន​។ នៅ​ចិន​ឯណោះ ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ China Eastern បានដាក់​សំណើ​ជា​ផ្លូវការ​ទៅកាន់​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing សង​ថ្លៃ​ខូចខាត​ដល់​ខ្លួន​។ ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ផ្អាក​ដំណើរការ​យន្តហោះ​ធុន 737 MAX ចំនួន​១៤​គ្រឿង​ឯណោះ ក្រោយ​ការធ្លាក់​យន្តហោះ​នៅ​អេ​ត្យូ​ពី​នាពេល​កន្លងមក​។ 
 
​សំណើ​ទាមទារ​សំណង​នេះ ត្រូវបាន​ផ្សាយ​ពីដំបូង​ដោយ​កាសែត​រដ្ឋ​ចិន People’s Daily ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ដែល​ទាមទារ​ឡើយ​។ បើតាម​កាសែត​ចិន ក្រុមហ៊ុន China Eastern អះអាងថា ការ​រ​បញ្ឈរជើង​យន្តហោះ​ធុន 737 MAX ដែល​ធ្វើឡើង​តាំងពី​ថ្ងៃទី​១១ ខែមីនា បណ្ដាល​ឲ្យ​មាន​ការបង់​យ៉ាងច្រើន ហើយ​នៅពេល​វេលា​កាន់តែ​អូសបន្លាយ ការខាតបង់​ផ្សេងទៀត នឹង​កាន់តែ​កើនឡើង​ទៅតាម​នោះដែរ​។  
 
​ការទារ​ថ្លៃ​ជំ​ងឹ​នេះ មិនមែន​គិត​ត្រឹម​ការ​បញ្ឈរជើង​យន្តហោះ 737 MAX ចំនួន​១៤​គ្រឿង​នេះ តែ​អាកាសចរណ៍​ចិន​ដដែល​នេះ ក៏​ទារ​សំណង​សម្រាប់​ការអូសបន្លាយ​ការប្រគល់​យន្តហោះ​ដែល​ខ្លួន​បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​អាមេរិក​ដែរ​។ កាសែត​ចិន​ខាងលើ​ផ្សាយ​ថា ការពន្យារ​ពេលនេះ ក៏​ធ្វើ​ឲ្យ​មានការ​ខាតបង់​ច្រើន​ទៅទៀត​។​
 
​ជុំវិញ​គ្រោះថ្នាក់​ផ្ទួនៗ​លើ​យន្តហោះ​ធុន 737 MAX នេះ ក្រុមហ៊ុន​អាមេរិក Boeing បានប្រកាស​ទទួលស្គាល់​កំហុស​របស់ខ្លួន​ជា​លើកដំបូង​។ ក្រុមហ៊ុន​សារភាពថា ប្រព័ន្ធ​បើកបរ​ត្រាប់​សម្រាប់​អ្នកបើកបរ មាន​បញ្ហា​ដែល​មិន​អនុញ្ញាត​ឲ្យ​អ្នកបើកបរ​សម្រប​តាម​លក្ខខណ្ឌ​អាកាសធាតុ​បាន ដែល​នោះ​ជា​មូលហេតុ​នាំ​ឲ្យ​កើតហេតុ​ការណ៍​នៅ​ឥណ្ឌូណេស៊ី និង​អេ​ត្យូ​ពី​។ យ៉ាងណាមិញ Boeing ក៏​អះអាងថា ខ្លួន​បាន​កែប្រែ​រឿងនេះ​រួចហើយ​៕ 

Tag:
 ចិន​
  អាមេរិក​
  China Eastern
  Boeing
  737 MAX
© រក្សាសិទ្ធិដោយ thmeythmey.com