ភ្នំពេញ៖ រដ្ឋាភិបាល អះអាងថា ស្ថានភាពនយោបាយនៅកម្ពុជាល្អ ហើយការអភិវឌ្ឍ និងការដោះស្រាយបញ្ហាសង្គម កាន់តែមានវឌ្ឍនភាពប្រសើរឡើង។ ការអះអាងរបស់រដ្ឋាភិបាលនេះ គឺឆ្លើយតបទៅនឹងការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ ដែលស្នើឲ្យកម្ពុជាគិតគូរពីបញ្ហាទាំងនេះ ដើម្បីអាចទទួលបានការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបបន្តទៀត។
លោក Nobert BARTHLE តំណាងមន្ត្រីជាន់ខ្ពស់ប្រទេសអាល្លឺម៉ង ដែលជាប្រទេសសមាជិកសហភាពអឺរ៉ុប(EU) បានរម្លឹកប្រាប់កម្ពុជាថា ការបើកចំហនយោបាយ និងការគោរពសិទ្ធិមនុស្សពិតប្រាកដ វានឹងជួយឲ្យកម្ពុជាអាចរក្សាបានជំនួយ និងភាពអនុគ្រោះខាងពាណិជ្ជកម្មពីសហភាពអឺរ៉ុប។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលនិយាយពីជំនួយអាល្លឺម៉ង់ផ្ដល់ឲ្យកម្ពុជា កាលពីពេលថ្ងៃទី១៥ ឧសភា លោក Nobert BARTHLE បាននិយាយភ្ជាប់ជាមួយករណីអនុគ្រោះពន្ធដូច្នេះថា៖ «ប្រសិនបើលំហនយោបាយ និងសង្គមពិតជាត្រូវបានបើកចំហនោះ កម្ពុជានឹងអាចគេចផុតពីការបាត់បង់នូវក្របខណ្ឌគាំពារពិសេសផ្នែកពាណិជ្ជកម្មនេះ។ ច្បាប់ជាតិ និងការអនុវត្តជាក់ស្ដែង ត្រូវស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្ដរជាតិ ដូចជា សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពខាងការជួបជុំ និងប្រមូលផ្ដុំ។ ខ្ញុំជឿជាក់ថា វាមិនពិបាកនឹងសម្រេចទេ»។
ជុំវិញបញ្ហានេះ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាននិយាយថា ការបើកចំហផ្នែកនយោបាយ សេដ្ឋកិច្ច ការគោរពសិទ្ធមនុស្ស និងទំនាក់ទំនងការទូតផ្សេងៗ ដែលជាលក្ខខណ្ឌរបស់សហភាពអឺរ៉ុប កំណត់ឲ្យកម្ពុជាអនុវត្ត ដើម្បីទទួលបានការអនុគ្រោះពន្ធនោះ គឺកម្ពុជាបានអនុវត្តតាមជានិច្ច ក្នុងនាមជាប្រទេសក្រីក្រ ។ ប៉ុន្តែកម្ពុជា ក៏ត្រូវរឹងមាំខ្លួនឯងនៅពេលអស់ការអនុគ្រោះពន្ធនេះដែរ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ បាននិយាយដូច្នេះថា៖«សហភាពអឺរ៉ុបទាមទារឱ្យយើងធ្វើនេះ ធ្វើនោះ ដើម្បីទទួលបានបន្តពីប្រព័ន្ធអនុគ្រោះពន្ធEBA ខណៈដែលយើងមិនទាន់រួចផុតពីប្រទេសក្រីក្រ។ ហើយការដក EBA មុនកម្ពុជារួចផុតពីប្រទេសក្រីក្រនេះ យើងនឹងពង្រីកជំហរផ្ទៃក្នុងនៃផលិតកម្មគ្រប់យ៉ាងក្នុងស្រុក ដើម្បីឱ្យកម្ពុជារឹងមាំដោយខ្លួនឯង តាមរយៈការកាត់បន្ថយចំណាយណាមិនចាំបាច់ ដើម្បីមានភាពប្រកួតប្រជែងជាមួយប្រទេសដទៃក្នុងការទំនិញទៅទីផ្សារអឺរ៉ុប»។
តែយ៉ាងណាលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បាននិយាយថា កម្ពុជាពុំទាន់មានអ្វីបើកចំហជាលក្ខខណៈធំដុំនោះទេ។ ឆ្លើយតបនឹងការលើកឡើងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មនោះ លោក រ៉ុង ឈុន បាននិយាយដូច្នេះថា៖« រដ្ឋាភិបាលគ្រាន់តែធ្វើវិសោធនកម្មមួយចំនួន ដូចជា ការបើកផ្លូវឱ្យអ្នកនយោបាយជាង១០០នាក់ ដែលហាមឃាត់ឱ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ, មានការដោះលែងសកម្មជននយោបាយមួយចំនួនចេញពីពន្ធនាគារព្រៃស និងប្រមុខរដ្ឋាភិបាលបានលើកឡើងពីពាក្យបណ្តឹងលើមេសហជីពទាំង៦រូប ដើម្បីឱ្យតុលាការទម្លាក់បទចោទ ប៉ុន្តែមកដល់ពេលនេះ បញ្ហាមេសហជីពទាំង៦រូបនេះ នៅតែជាប់បណ្តឹងដដែល នៅសាលាឧទ្ធរណ៍។ នេះជាការវិវត្តន៍ផ្នែកនយោបាយតិចតួចបំផុតនាពេលបច្ចុប្បន្ន»។
បើតាមលោក រ៉ុង ឈុន អ្វីដែលសហភាពអឺរ៉ុបចង់បានពីកម្ពុជាក្នុងការបើកចំហនយោបាយ គឺការដោះលែងលោក កឹម សុខា និងសមាជិកជាង១០០នាក់ របស់គណបក្សសង្គ្រោះជាតិ មានសិទ្ធិធ្វើនយោបាយក្នុងនោះរួមមានក្រុមប្រឹក្សាឃុំ-សង្កាត់ ។ ជាពិសេសអតីតគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ជាមួយនឹងការរៀបចំបោះឆ្នោតសារជាថ្មី។
ប្រធានសហភាពសហជីពកម្ពុជា បាននិយាយថា៖« អ្វីដែលសហភាពអឺរ៉ុបបានស្នើឡើង ខ្ញុំគិតថាយើងពុំមានអ្វីដែលលំបាកនោះទេ។ ពីព្រោះយើងធ្វើឱ្យស្ថានភាពហ្នឹង វិលទៅរកស្ថានភាពដើមប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើរដ្ឋាភិបាលពុំបានអនុវត្តតាមការលើកឡើងរបស់សហភាពអឺរ៉ុប វាមិនត្រឹមតែបាត់បង់ប្រព័ន្ធEBAនោះទេ វាថែមទាំងឈានដល់ការបាត់បង់ប្រព័ន្ធGSP ដែលសហរដ្ឋអាមេរិកទៅទៀត»។
លោក ស៊ាង ថៃ ទទួលស្គាល់ថា បើសហភាពអឺរ៉ុបដកការអនុគ្រោះពន្ធពីកម្ពុជាមែននោះ វានឹងធ្វើឱ្យកម្ពុជាខាតបង់នូវប្រាក់ចំណេញខ្លះ ដែលកម្ពុជាធ្លាប់ទទួលបានពីការប្រព័ន្ធលើកលែងពន្ធនេះមែន។ ប៉ុន្តែវាមិនប៉ះពាល់សេដ្ឋកិច្ចកម្ពុជានោះទេ។ បើតាមលោក ស៊ាង ថៃ កម្ពុជានឹងពង្រឹងចង្វាក់ផលិតកម្មផ្ទៃក្នុងឱ្យបានរឹងមាំ រួមទាំងការកាត់បន្ថយថ្លៃដើមនោះ កម្ពុជានៅតែអាចរក្សាប្រាក់ចំណេញពីការនាំទំនិញចូលទៅទីផ្សារអឺរ៉ុបនេះ។
«ការដកប្រព័ន្ធអនុគ្រោះពន្ធEBAមុនប្រទេសយើងរួចផុត ពីភាពក្រីក្រនេះ គឺជាលំហាត់មួយដែលសហភាពអឺរ៉ុបដាក់ឱ្យយើងអនុវត្ត ដើម្បីពង្រឹងខ្លួននៅពេលដែលយើងរួចផុតពីប្រទេសក្រីក្រទៅ នោះយើងមានភាពរឹងមាំស្រាប់។ បើយើងពឹងផ្អែកគេរហូតដល់ឆ្លងផុតពីភាពក្រីក្រ ហើយគេផ្តាច់នៅពេលនោះភ្លាម វាធ្វើឱ្យយើងមានភាពឡេមឡាម (សម្លឹងមើលអ្វីមួយទាំងភ័យ) »។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
យោងតាមរបាយការណ៍ធនាគារពិភពលោក បានចេញផ្សាយថា ក្នុងករណីមានការព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា នោះការនាំចេញនឹងអាចធ្លាក់ចុះ ដែលគិតជាទឹកប្រាក់ចន្លោះប្រមាណ ៥១៣លានដុល្លារ ទៅ ៦៥៤លានដុល្លារក្នុងមួយឆ្នាំ។ ការគណនានេះ ដោយផ្អែកតួលេខនៃនាំចេញទៅ EU ឆ្នាំ២០១៨ ទំហំ ៤៣៤០លានដុល្លារ នៃផលិតផលសម្លៀកបំពាក់ ស្បែកជើង និងអង្ករ ដោយមិនគិតផលិតផលកង់។ គួរបញ្ជាក់ថា គ្រាន់តែសម្លៀកបំពាក់ កាន់ទំហំដល់ទៅ ៨០ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាទៅ EU ។
សូមរម្លឹកថា មកដល់ពេលនេះ សហភាពអឺរ៉ុប កំពុងបន្តដំណើរការនីតិវិធីតាមដាន និងត្រួតពិនិត្យលើស្ថានការណ៍កម្ពុជា មុននឹងសម្រេចថា បន្ត ឬដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅកម្ពុជា។ នីតិវិធីនេះ ត្រូវការរយៈពេល១៨ខែ ទើបសហភាពអឺរ៉ុប ធ្វើសេចក្តីសម្រេចចុងក្រោយ។ ក្នុងអំឡុង៦ខែដំបូង សហភាពអឺរ៉ុប ឲ្យកម្ពុជាចូលរួមពិភាក្សានិងការពារខ្លួន ដើម្បីបញ្ចៀស ពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA៕