សៀមរាប៖ អ្នកដាំបន្លែសុវត្ថិភាព ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ខាតបង់ទិន្នផលជាង៧០ភាគរយ ដោយសារខ្វះទឹកស្រោចស្រពដំណាំ ដែលធ្វើឱ្យដំណាំទាំងនោះមិនល្អ និងងាប់។ ការខ្វះទឹកនេះ ដោយសារតែអាកាសធាតុក្តៅខ្លាំង ដែលធ្វើឱ្យស្រះ បឹង អណ្តូង សម្រាប់ប្រើប្រាស់លើដំណាំប្រចាំថ្ងៃ បានរីងស្ងួតអស់។
កំពុងឈរនៅក្រោមកម្តៅព្រះអាទិត្យ នាម៉ោងជិត១១ថ្ងៃត្រង់ នៅក្នុងចម្ការបន្លែចម្រុះ លោក គង់ ឆៃ ហាក់មិនសូវសប្បាយចិត្តចំពោះអាកាសធាតុក្ដៅ ដែលមិនសូវអំណោយផលដល់ដំណាំរបស់លោក។ ជាអ្នកដាំបន្លែសុវត្ថិភាព ក្នុងភូមិជ្រៃខាងលើ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បុរសវ័យ៥៥រូបនេះ បាននិយាយថា ឆ្នាំនេះដាំបន្លែមិនសូវបានផលទេ ព្រោះគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ ខណៈកម្តៅព្រះអាទិត្យចេះតែក្តៅខ្លាំង។ ដៃកំពុងជូតញើសនៅលើមុខ ហើយងើយមើលឡើងទៅព្រះអាទិត្យ ដែលកំពុងជះកម្តៅដ៏ខ្លាំងនោះ កសិកររូបនេះ បានប្រាប់សារព័ត៌មានThmeyThmey ថា រដូវប្រាំងរាល់ឆ្នាំ លោកតែងតែដាំបន្លែ សាឡាត់ ស្ពៃ និងក្រសាំងទាបបានផលច្រើន ទោះបីគ្មានភ្លៀងធា្លក់ក៏ដោយ ព្រោះមានទឹកស្រះប្រើប្រាស់មិនដែរខ្វះឡើយ។ ចំពោះបន្លែទាំងនោះ គឺលក់បានតម្លៃខ្ពស់ថែមទៀត នៅលើទីផ្សារ ។
កញ្ញា ឌុច សែស ប្រធានសហគមន៍កសិកម្មសុវត្ថភាពធម្មជាតិ
«ឆ្នាំមុនៗ ទោះបីជាមេឃក្តៅខ្លាំងយ៉ាងណា ក៏ទឹកក្នុងស្រះមិនរីងទេ ។ ឆ្នាំនេះទឹកស្រះទាំង៣កន្លែងរបស់ខ្ញុំបានរីងអស់ គ្មានទឹកស្រោចលើបន្លែគ្រប់គ្រាន់ទេ ធ្វើឱ្យបន្លែទាំងនោះងាប់ខ្ទេចនៅក្នុងចម្ការ ។ រាល់ថ្ងៃខ្ញុំបន់ឱ្យតែមេឃភ្លៀង ដើម្បីស្រោចបន្លែ ព្រោះគ្មានភ្លៀងធ្លាក់តាំងដើមខែមេសាមកម្ល៉េះ។ បន្លែមិនបានស្រាចទឹកតែ២ថ្ងៃ គឺងាប់អស់ហើយ»។ នេះជាការលើកឡើងរបស់លោក គង់ ឆៃ ប្រាប់សារព័ត៌មានថ្មីៗ ទាំង ទឹកមុខក្រៀមក្រំ។ បើតាមអ្នកដាំបន្លែសុវត្ថិភាពវ័យ៥៥ឆ្នាំរូបនេះ បន្លែមួយប្រភេទលោកប្រមូលផលបាន១០០ទៅ២០០គីឡូក្រាម ប៉ុន្តែការប្រមូលផលបន្លែនារដូវក្តៅឆ្នាំនេះ បានតែ៣០ទៅ៤០គីឡូក្រាម ប៉ុណ្ណោះ ។
លោក គង់ ឆៃ អ្នកដាំបន្លែសុវត្ថិភាព ក្នុងភូមិជ្រៃខាងលើ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប
អ្នកស្រី ទិត រិទ្ធ ដែលជាអ្នកដាំបន្លែសុវត្ថិភាព នៅក្នុងភូមិ-ឃុំជាមួយលោក គង់ ឆៃ នោះ ក៏ជួបប្រទះបញ្ហាខាតបង់ទិន្នផលដំណាំដែរ។ រដូវប្រាំងកន្លងមកនេះ ដំណាំស្ពៃ ជីគីនឆាយ ត្រប់ និងបន្លែផ្សេងទៀតរបស់អ្នកស្រី រិទ្ធ បានងាប់ និងខូចស្ទើទាំងស្រុង ដែលធ្វើឲ្យអ្នកស្រីមិនអាចប្រមូលផលយកទៅលក់ក្នុងទីផ្សារបាន។ សូម្បីតែពូជបន្លែថ្មីជាង៥០០កូន ដែលខ្លួនបានត្រៀមទុកដាំបន្ថែមនោះ ក៏អ្នកស្រី រិទ្ធ មិនហ៊ានដាំនៅរដូវប្រាំងនេះដែរ ដោយសារតែគ្មានទឹកប្រើប្រាស់សម្រាប់ស្រោច។
លោក ពិន សារិន អភិបាលរងស្រុកសូទ្រនិគម ខេត្តសៀមរាប
«ឆ្នាំនេះបន្លែនៅរក្សាតម្លៃខ្ពស់ដដែល ប៉ុន្តែខ្ញុំគ្មានបន្លែលក់ឱ្យគេ ព្រោះបន្លែងាប់អស់ច្រើន ដោយសារគ្មានទឹកស្រាច។ រាល់ឆ្នាំ មេឃក្តៅក៏ពិតមែន តែខ្ញុំនៅតែធ្វើបន្លែបាន ព្រោះទឹកនៅក្នុងស្រះអាចប្រើប្រាស់បាន។ ដោយឡែកឆ្នាំនេះមិនដឹងមកពីហេតុអ្វី អាកាសធាតុក្តៅជាងរាល់ឆ្នាំ…ក្តៅណាស់…សូម្បីតែទឹកក្នុងស្រះ មិនថាស្រះរបស់ខ្ញុំឬរបស់គេនៅក្នុងភូមិ គឺរីងអស់ហើយ។ ពួកយើងគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់លើបន្លែទាំងនេះទេ»។ នេះបើតាម អ្នកស្រី ទិត រិទ្ធ។
អ្នកស្រី ទិត រិទ្ធ អ្នកដាំបន្លែសុវត្ថិភាព ក្នុងភូមិជ្រៃខាងលើ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប
អ្នកស្រី ទិត រិទ្ធ បានបន្ថែមថា សព្វថ្ងៃអ្នកស្រីដាំបន្លែប្រមូលផលបានប្រហែល៣០ភាគរយ គ្រាន់បានចំណូលតិចតួចទិញត្រីគេហូបប្រចាំថ្ងៃ។ ប៉ុន្តែបើធៀបនឹងឆ្នាំចាស់ៗវិញ បន្លែដែលអ្នកស្រីដាំទទួលផលបានពី៨០ទៅ៩០ភាគរយនៅលើទំហំដីដូចគ្នា និងនៅក្នុងរដូវប្រាំងដូចគ្នា។
កសិករដែលមានបទពិសោធន៍ដាំបន្លែជិត៣០ឆ្នាំររូបនេះបានអះអាងថា «ថ្វីត្បិតឆ្នាំនេះ ខ្ញុំបាត់បង់ប្រាក់ចំណូលពីការលក់បន្លែក៏ពិតមែន ប៉ុន្តែខ្ញុំមិនជាប់បំណុលគេក្នុងដំណើរដាំដុះទេ ព្រោះពូជបន្លែខ្ញុំមានស្រាប់ ជីនិងថ្នាំពុលប្រើលើបន្លែ ជារបស់ធម្មជាតិធ្វើខ្លួនឯង ឬទិញពីសហគមន៍។ បន្លែដែលខ្ញុំដាំ គឺមិនត្រូវការទិញជី និងថ្នាំពុលគីមីលក់នៅលើទីផ្សារសម្រាប់បំប៉នសុខភាពបន្លែ ឬសម្លាប់សត្វចង្រៃឡើយ ដូច្នេះមិនចំណាយច្រើន»។
នេះជាឆ្នាំដំបូងក្នុងរដូវប្រាំងដែលមានអាកាសធាតុខ្លាំង ហើយគ្មានភ្លៀងធា្លក់បែបនេះនៅក្នុងភូមិដែលធ្វើឱ្យដំណាំបន្លែរបស់ប្រជាកសិករមួយចំនួនបានងាប់អស់ និងខ្វះបន្លែផ្គត់ផ្គង់នៅលើទីផ្សារ។ នេះជាការលើកឡើងរបស់ កញ្ញា ឌុច សែស ប្រធានសហគមន៍កសិកម្មសុវត្ថភាពធម្មជាតិ។ កញ្ញា បានបន្ត ខាងម្ចាស់ គម្រោងអង្គការGRET ក៏បានជីកស្រះ និងស្តារស្រះឱ្យប្រជាកសិករផងដែរ ប៉ុន្តែនៅតែមិនអាចជួយបាន ព្រោះអាកាសធាតុក្តៅពេក។ ស្រះរបស់ប្រជាកសិករមួយចំនួនបានរីងទឹកអស់ ឯស្រះរបស់ប្រជាកសិករនៅមានទឹកបន្តិចបន្តួចសម្រាប់ប្រើប្រាស់ ប៉ុន្តែក៏នឹងរីងអស់នាពេលឆាប់ៗនេះផងដែរ បើគ្មានភ្លៀងធ្លាក់។
ប្រធានសហគមន៍រូបនេះបាននិយាយទាំងដកដង្ហើមធំដូច្នេះ៖«ចាប់ពីចុងខែមីនា រហូតដល់ ដើមខែឧសភានេះ ការផ្គត់ផ្គង់បន្លែរបស់យើងទៅដៃគូនៅលើទីផ្សារបាត់បង់ប្រហែល៧០ភាគរយ បើធៀបទៅនឹងឆ្នាំមុន។ យើងសង្ឃឹមថា នៅចុងខែឧសភា ការផ្គត់ផ្គង់នេះនឹងកើនបាន៥០ភាគរយវិញ ប្រសិនបើមានភ្លៀងធា្លក់។ ចំពោះដំណោះស្រាយពេលនេះ គឺខ្ញុំមិនទាន់មានទេ ក្រៅពីរង់ចាំទឹកភ្លៀង»។
ឆ្នាំនេះប្រជាកសិករជួបឧបសគ្គមិនបានត្រៀមទុកជាមុន ទៅនឹងការប្រែប្រួលអាកាសធាតុ ដោយសារកម្តៅព្រះទិត្យក្តៅជាងរាល់ឆ្នាំ ព្រោះរដូវប្រាំងមានរយៈពេលវែង ហើយប្រភពទឹកប្រើប្រាស់ដូចជាអណ្តូង ស្រះ បឹង បានរីងស្ងួតអស់ទៀត។ នេះជាការលើកឡើងរបស់ លោក ពិន សារិន អភិបាលរងស្រុកសូទ្រនិគម។
យ៉ាងណាមិញ អភិបាលរងស្រុករូបនេះ ពុំទាន់បានរកឬចាត់វិធានការណាមួយសម្រាប់ជួយប្រជាកសិករដែលកំពុងជួបប្រទះនឹងការខ្វះទឹកប្រើប្រាស់នេះទេ។ លោកបាននិយាយថា៖« កន្លងមកយើងមិនដែលជួបប្រទះនឹងភាពរាំស្ងួតបែបនេះ ដូច្នេះយើងក៏មិនមានវិធានការការពារអ្វីទេ ព្រោះវាជារឿងធម្មជាតិ ដែលយើងមិនអាចកំណត់ និងទប់ស្កាត់ការប្រែប្រួលអាកាសបាន។ ជាក់យើងមានស្រះទឹក និងបានជីកបន្ថែមមួយចំនួនទៀតសម្រាប់ស្តុកទឹកប្រើប្រាស់នារដូវប្រាំងផងដែរ។ ប៉ុន្តែវាបានរីងហួតហែងទឹកអស់។ យើងក៏មិនដឹងធ្វើអ្វីបន្ថែមទៀតដែរ គឺមានតែរង់ចាំទឹកភ្លៀងប៉ុណ្ណោះ »។
ឆ្នាំនេះ គឺជាឆ្នាំប្រឈមមុខខ្លាំងនឹងភាពរាំងស្ងួត ដែលគ្មានភ្លៀងធ្លាក់តាំងពីចុងឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន។ មិនថាប្រជាកសិករដាំបន្លែសុវត្ថិភាពគ្មានប្រើប្រាស់នោះទេ សូម្បីតែប្រជាកសិករដាំបន្លែឬធ្វើចម្ការធម្មតាក៏គ្មានទឹកប្រើប្រាស់លើដំណាំ និងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។ ក្នុងអំឡុងរដូវប្រាំងនេះ ស្រះទឹកមួយចំនួនរបស់ប្រជាកសិករក៏បានស្តារឡើងវិញ ប៉ុន្តែនៅតែគ្មានទឹកប្រើប្រាស់ ព្រោះអាកាសក្តៅពេក។នេះជាការអះអាងរបស់លោក ពិន សារិន។
ក្នុងរដូវប្រាំងកន្លងមកនេះ កម្ពុជាបានទទួលរងបាតុភូត អ៊ែល នីណូ ដែលធ្វើឲ្យកម្តៅកើនឡើងត្រឹម៤០-៤២ អង្សារ ហើយតំបន់ជាច្រើនរាំងស្ងួត នៅស្ទើទូទាំងប្រទេសទៀតផង៕