កីឡាជាតិ
ជាតិ
ពាន​សម្តេច ស ខេង រំពឹង​រួមចំណែក​ជួយ​ឲ្យ​កូនគោល​ជោគជ័យ​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
22, May 2019 , 9:29 am        
រូបភាព
ដោយ:
​ក្រុម​វាយកូនគោល​របស់​សម្តេច ស ខេង ដែល​ចាប់ដៃគ្នា​ជាមួយ​លោក សុខ ហុង និង​លោក ឈុន អូន បាន​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង ដែល​រៀបចំ​ដើម្បី​អបអរ​ខួប​លើក​ទី​៧៤ នៃ​ការបង្កើត​កងកម្លាំង​នគរបាលជាតិ​។ ចំណែក​ក្រុម​សម្តេច ទៀ បាញ់ និង​សម្តេច សាយ ឈុំ ទទួលបាន​ចំណាត់ថ្នាក់​ជា​បន្តបន្ទាប់​។ លោ ជា បូរ៉ា រំពឹងថា ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយជា​ផ្នែក​មួយ​ជួយ​ពង្រឹងសមត្ថភាព​កីឡាករ​ក្នុងការ​ឈានទៅរក​ភាពជោគជ័យ​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​

 
​ព្រឹត្តិការណ៍​ប្រកួត​កីឡាវាយកូនគោល​ដណ្តើម​ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង នឹង​ក្លាយជា​ផ្នែក​មួយ​ជួយ​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាវាយកូនគោល​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​។ លើសពីនេះ វា​ជា​នឹង​ក្លាយជា​កត្តា​ទាក់ទាញ​ការចូលរួម​សម្រាប់​យុវជន ក៏ដូចជា​ជួយ​បង្កើន​សមត្ថភាព​កីឡាករ ដើម្បី​ឈានទៅរក​ភាពជោគជ័យ​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នៅ​កម្ពុជា​។ នេះ​ជាការ​បង្ហាញ​ក្តី​រំពឹង​របស់លោក ជា បូរ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​។​


 
​នា​ពិធី​បិទ​ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ​បាន​រៀបរាប់ថា​៖«​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​កំពុង​កសាង​សមត្ថភាព និង​គុណ​ផល​កីឡា​ឲ្យ​ស្របតាម​ផែនការ កែទម្រង់ និង​ផែនការ​យុទ្ធសាស្ត្រ ៤​ឆ្នាំ​រំកិល​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា គឺ​«​កម្ពុជា​ឆ្ពោះទៅរក​គុណ​ផល​កីឡា​កម្រិត​ខ្ពស់​»​។ ខ្ញុំ​សង្ឃឹម​ជឿជាក់ថា ថ្ងៃ​អនាគត​កីឡាវាយកូនគោល​កម្ពុជា នឹងមាន​ការរីកចម្រើន​ឆ្ពោះទៅកាន់​ភាពជោគជ័យ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ​២០២៣»​។   
 
​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង គឺ​ដើម្បី​អបអរ​ខួប​លើក​ទី​៧៤​នៃ​ថ្ងៃ​បង្កើត​កងកម្លាំង​នគរបាល ក៏ដូចជា​ផ្សព្វផ្សាយ និង​ទាក់ទាញ​យុវជន​ឲ្យ​ចូលរួម​លេង​កីឡា​នេះ​ឲ្យ​កាន់តែច្រើន​។ បន្ថែម​លើ​នេះ គឺ​ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ជាមួយ​កីឡាករ​កីឡាការិនី និង​ប្រជាពលរដ្ឋ​ជាដើម​។ 


 
​ទន្ទឹមនឹង​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរការ ថា​បាន​ព្រឹ​ត្ត​ទៅ​យ៉ាង​រលូន​ប្រកបដោយ​តម្លាភាព និង​សុក្រឹតភាព លោក ជា បូរ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​មានប្រសាសន៍ថា នេះ​ជា​លើក​ទី​១ ដែល​សហព័ន្ធ​បង្កើត​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ​ឡើង ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡាវាយកូនគោល​នៅ​កម្ពុជា​។   
 
​ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ពេញ​មួយ​ថ្ងៃទី​១៩ ឧសភា នៅ​ទីលាន​វាយកូនគោល​ហ្គ្រេ​ន​ភ្នំពេញ ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើ​វិញ្ញាសា​ក្រុម បាន​ទៅលើ​ក្រុម​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែលមាន​លោក​ឧកញ៉ា សុខ ហុង និង​លោក​ឧកញ៉ា ឈុន អូន ជា​សមាជិក​។ ក្រុម​នេះ​ធ្វើបាន​ក្នុង​កម្រិត​ពិន្ទុ​ដក​៩(-9)​។ 


 
​ចំណែក​ក្រុម​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជាមួយ​លោក ឥត សារ៉ាត់ និង​លោក អ៊ុក សោកា ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ក្រោយ​ទទួលបាន​ពិន្ទុ​ដក​៨(-8) ខណៈ​ក្រុម​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ជា សុផារ៉ា និង​លោក អ៊ុក សាវុធ ទទួលបាន​ចំណាត់​លេខ​៣ ក្រោយ​ធ្វើបាន​ក្នុង​កម្រិត​ពិន្ទុ​ដក​៦(-6)​។​
 
​សម្រាប់​ការប្រកួត​ឯកត្តជន​ដែលមាន​ហា​នី​កាប់ លោក សរ សិទ្ធិ ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ក្រោយ​ធ្វើបាន​៧២​ពិន្ទុ រីឯ​លោក លី ហុង ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​ក្រោយ​ធ្វើបាន​៧២​ពិន្ទុ​ដូចគ្នា ខណៈ​លោក លី គា ក្រោយ​ធ្វើបាន​៧៣​ពិន្ទុ​ទទួលបាន​លេខ​៣​។ ក្រៅពី​ពានរង្វាន់​ទាំងពីរ​នេះ ក៏មាន​ពានរង្វាន់​ជាច្រើន​ទៀតផង​ដែរ​។ ព្រឹត្តិការណ៍​នេះ មាន​កីឡាករ​កីឡាការិនី​ចំនួន​១៧៩​នាក់​ចូលរួម ក្នុងនោះ​ប្រកួត​ជា​ក្រុម​មាន​ចំនួន​៧២​នាក់ ឯកត្តជន​៨៦​នាក់ និង​នារី​២១​នាក់​៕   











Tag:
 វាយកូនគោល​
  សម្តេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com