អន្តរជាតិ
នយោបាយអន្តរជាតិ
Brexit៖ លោកស្រី ម៉េយ៍ ត្រៀមកិច្ចព្រមព្រៀងថ្មីដើម្បីអូសអង់គ្លេសចេញពីអឺរ៉ុប ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២១ ខែឧសភា លោកស្រី ម៉េយ៍ បានស្នើឲ្យអ្នកប្រឆាំងពិចារណាសំណើថ្មីខ្លួន។ រូបថត AFP
× នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ថេរ៉េសា ម៉េយ៍ នៅថ្ងៃទី២១ ខែឧសភា បានបញ្ចេញកិច្ចព្រមព្រៀងដកខ្លួនពីសហភាពអឺរ៉ុបថ្មីមួយទៀត ដើម្បីសុំការយល់ព្រមពីសភា។ ប៉ុន្តែ មិនទាន់ទាំងយកទៅជជែកនៅសភាផងនោះ កិច្ចព្រមព្រៀងថ្មី រងការរិះគន់ខ្លាំងទៅហើយ។ អ្នកនយោបាយទាំងបក្សប្រឆាំង និងបក្សកាន់អំណាច បានប្រកាសជាស្រេចថា ពួកគេនឹងបដិសេធសំណើថ្មីរបស់លោកស្រី ម៉េយ៍ ដែលបើកផ្លូវដល់ការធ្វើប្រជាមតិលើកទីពីរផងនោះ។
បន្ទាប់ពីបរាជ័យបីដងទៅហើយ នាយករដ្ឋមន្ត្រី ថេរ៉េសា ម៉េយ៍ បានរៀបចំកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុបថ្មីមួយទៀត។ ការព្យាយាមលើកបួននេះ អាចជាការភ្នាល់លើកចុងក្រោយសម្រាប់លោកស្រី ម៉េយ៍ ដែលព្យាយាមឥតសំចៃក្នុងការអនុវត្តតាមលទ្ធផលប្រជាមតិបីឆ្នាំមុនដែលប្រជាជអង់គ្លេសភាគច្រើនជ្រើសរើសការចាកចេញពីសហភាពអឺរ៉ុបនោះ។ ខណៈការចរចាជាមួយអឺរ៉ុបមិនសូវលំបាក លោកស្រី ម៉េយ៍ បែរជាត្រូវទ័លច្រកជាមួយអ្នកនយោបាយក្នុងស្រុកខ្លួនឯងទៅវិញ។
ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយប្រញាប់ប្រញាល់នៅថ្ងៃទី២១ ខែឧសភា លោកស្រី ម៉េយ៍ បានស្នើឲ្យអ្នកប្រឆាំងពិចារណាសំណើថ្មីនេះ តែបានព្រមានថា ការប្រឆាំងកិច្ចព្រមព្រៀងដែលត្រូវដាក់ទៅកាន់សភានៅពេលខាងមុខនេះ ជាការបោះឆ្នោតប្រឆាំងការចាកចេញពីសហភាពអឺរ៉ុប។ នាយករដ្ឋមន្ត្រីរូបនេះ អះអាងថា នេះជាឱកាសចុងក្រោយដើម្បីធ្វើតាមបំណងប្រជាជន ហើយវាដល់ពេលដែលក្រុមប្រឆាំងបន្ទន់ឥរិយាបថវិញហើយ។
ក្នុងសេចក្ដីស្នើច្បាប់ស្ដីពីការចាកចេញដែលនឹងបោះពុម្ពអំឡុងសប្ដាហ៍នេះ ឬសប្ដាហ៍ក្រោយ លោកស្រី ម៉េយ៍ សន្យាផ្ដល់ការធានាជាថ្មីសម្រាប់សិទ្ធិកម្មករ ការការពារបរិស្ថាន និងបញ្ហាព្រំដែនជាមួយអៀរឡង់ និងការសម្របសម្រួលទាក់ទងនឹងសហភាពពន្ធគយរួមជាមួយអឺរ៉ុប។ អ្វីគួរឲ្យចាប់អារម្មណ៍នោះ ប្រមុខរដ្ឋាភិបាលអង់គ្លេស ក៏បើកផ្លូវឲ្យសភាមានសិទ្ធិបោះឆ្នោតថា ត្រូវធ្វើប្រជាមតិជាលើកទីពីរដើម្បីសម្រេចចុងក្រោយលើការចាកចេញពីអឺរ៉ុប។
គ្រាន់តែលោកស្រី ម៉េយ៍ បញ្ចេញចំណុចសំខាន់ៗខ្លះនៃសំណើកិច្ចព្រមព្រៀងថ្មីដែលមាន១០ចំណុច មេដឹកនាំបក្សប្រឆាំង និងអ្នកនយោបាយបក្សអភិរក្សរបស់លោកស្រីខ្លះបានបង្ហាញជំហរជំទាស់បាត់ទៅហើយ។ ប្រធានបក្សពលករដែលជាបក្សប្រឆាំង Jeremy Corbyn និយាយថា សំណើថ្មីនេះ ជាសំណើចាស់ប៉ុណ្ណោះ ហើយរដ្ឋាភិបាលលោកស្រី ម៉េយ៍ គ្មានសមត្ថភាពដើម្បីបំពេញតាមការប្ដេជ្ញាចិត្តរបស់ខ្លួនឯងបាន។
ចំណែកសមាជិកសភាបក្សកាន់អំណាចមួយចំនួនទៀត ដែលធ្លាប់បោះឆ្នោតគាំទ្រសំណើចាកចេញកាលពីខែមីនានោះ ប្រកាសជំទាស់សំណើលើកទីបួននេះ។ អតីតរដ្ឋមន្ត្រីការបរទេស និងជាសមាជិកសភា បូរីស ចនសុន និយាយថា សំណើរបស់លោកស្រី ដើរផ្ទុយពីគោលនយោបាយបក្ស ហើយលោកនឹងមិនបោះឆ្នោតគាំទ្រឡើយ។ ចំណែកអតីតរដ្ឋមន្ត្រីការងារ និងសោធននិវត្តន៍ Stephen Crabb បញ្ជាក់ថា គម្រោងប្រជាមតិជាថ្មី ជារឿងហួសហេតុពេក៕
Tag:
Brexit
អឺរ៉ុប
ថេរ៉េសា ម៉េយ៍
© រក្សាសិទ្ធិដោយ thmeythmey.com