កីឡាអន្តរជាតិ
អន្តរជាតិ
បារម្ភ​ពី​សន្តិសុខ​ខ្លួន Mkhitaryan មិន​ទៅ​ជួយ Arsenal វគ្គ​ផ្តាច់ព្រ័ត្រ Europa League នៅ​អា​ស៊ែ​បៃ​ហ្ស​ង់​
22, May 2019 , 10:44 am        
រូបភាព
​ដោយសារ​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​ខ្សែបម្រើ Henrikh Mkhitaryan នឹង​មិនបាន​ចូលរួម​ជាមួយ Arsenal ដើម្បី​តតាំង​ជាមួយ Chelsea ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន UEFA Europa League នៅ​ថ្ងៃទី​២៩ ខែឧសភា​នេះឡើយ​។ នេះ​បើតាម​ការប្រកាស​របស់​ក្លិប Arsenal​។​

​ខ្សែបម្រើ​សញ្ជាតិ​អា​មេ​នី​វ័យ​៣០​ឆ្នាំ រអា​នឹង​សុវត្ថិភាព​ខ្លួន​នៅលើ​ទឹកដី អា​ស៊ែ​បៃ​ហ្ស​ង់​ជាទី​ដែល​ក្រុម​អង់គ្លេស​ទាំងពីរ​ត្រូវ​ប្រជែង​គ្នា​ក្នុង​ពហុ​កីឡដ្ឋាន​អូឡាំពិក​នា​ក្រុង​បា​គូ​។ អា​មេ​នី និង អា​ស៊ែ​បៃ​ហ្ស​ង់​មាន​បញ្ហា​តានតឹង​ផ្នែក​នយោបាយ​ធ្ងន់ធ្ងរ​រហូតដល់​សព្វថ្ងៃ​ជុំវិញ​ការឈ្លានពាន​ទឹកដី​គ្នា​ដោយ​ប្រទេស​ទាំងពីរ​មិន​អនុញ្ញាត​ឲ្យ​មាន​ប្រជាជន​ខាង​ណា​ចូល​ទឹកដី​ខ្លួន​ឡើយ​។​
 
«​ដោយបាន​ពិចារណា​លើ​លក្ខខណ្ឌ​ជាច្រើន យើង​ត្រូវ​សម្រេចចិត្ត​ដ៏​លំបាក​មួយ​សម្រាប់​ខ្ញុំ គឺ​មិនអាច​ធ្វើដំណើរ​ជាមួយ Arsenal ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Europa League ឡើយ​។ នេះ​ជាការ​ប្រកួត​ដែល​មិនមាន​ញឹកញាប់​នោះទេ ហើយ​ខ្ញុំ​ពិតជា​សោកស្តាយ និង​ឈឺចាប់​ណាស់​»​។ Mkhitaryan រៀបរាប់​ដូច្នេះ​។​
  
 
​ជុំវិញ​ស្ថានភាព​នេះដែរ ខាង​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប UEFA ក៏​បង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង​ដូចគ្នា និង​ថែមទាំង​បាន​ពិភាក្សា​ជាមួយ​អតីត​សមាជិក​ក្រុម Man Utd នេះ​ទៀតផង​។​
«​យើង​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​អំពី​ជម្រើស​ជាច្រើន​សម្រាប់ Mkhitaryan ក្នុង​ជម្រើស​របស់ Arsenal ប៉ុន្តែ​បន្ទាប់ពី​ពិភាក្សា​ជាមួយ Mkhitaryan និង​ក្រុមគ្រួសារ​របស់គាត់ យើង​បាន​យល់ព្រម​រួមគ្នា​ថា គាត់​នឹងមិន​ទៅ​ចូលរួម​ការប្រកួត​នេះ​ទេ​។ យើង​ពិតជា​សោកស្តាយ​ដែល​កីឡាករ​ម្នាក់​នឹង​ខកខាន​ក្នុងជំនួប​ផ្តាច់ព្រ័ត្រ​អឺរ៉ុប​ដ៏​សំខាន់​មួយ​ក្នុង​កាលៈទេសៈ​បែបនេះ ព្រោះ​វា​ជា​រឿង​មួយ​ដែល​កម្រ​កើតមាន​ក្នុង​អាជីព​របស់​កីឡាករ​បាល់ទាត់​ណាស់​»​។ 
 
​ម្យ៉ាងវិញទៀត UEFA បាន​ឆ្លើយតប​ទៅខាង​ភាគី Arsenal ថា​ស្ថាប័ន​ខ្លួន​នឹង​ធានា​សុវត្ថិភាព​របស់ Mkhitaryan នៅ​ទឹកដី​អា​ស៊ែ​បៃ​ហ្ស​ង់​ដោយមាន​ការការពារ​ពី​សំណាក់​អាជ្ញាធរ​ប្រទេស​នេះ​ក្នុង​កម្រិត​ខ្ពស់បំផុត​។ ប៉ុន្តែ​យ៉ាងណា សាមីខ្លួន​នៅតែមាន​ការភ័យខ្លាច ហើយ​សម្រេច​មិន​ចូលរួម​ដដែល​។​
 
​សហព័ន្ធ​កីឡាបាល់ទាត់​អា​ស៊ែ​បៃ​ហ្ស​ង់ (AFFA) ក៏​សម្តែង​ការខកចិត្ត​ដូចគ្នា​ជុំវិញ​ការអាក់ខាន​ធ្វើដំណើរ​រ​បស់ Mkhitaryan មកកាន់​ទឹកដី​ខ្លួន ខណៈ​ពួកគេ​បានផ្ដល់​ទិដ្ឋាការ​សម្រាប់​កីឡាករ​អា​មេ​នី​ដែរនោះ​៕

 

Tag:
 បាល់ទាត់​
  Henrikh Mkhitaryan
  UEFA Europa League
© រក្សាសិទ្ធិដោយ thmeythmey.com