សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្ថាបនិក Huawei មិនបារម្ភពីទណ្ឌកម្មអាមេរិក ខណៈប៉េកាំងប្រកាសធ្វើខ្នងបង្អែក
22, May 2019 , 1:52 pm        
រូបភាព
ស្ថាបនិក Huawei លោក Ren Zhengfei
ស្ថាបនិក Huawei លោក Ren Zhengfei
ដោយ:
កាលពីសប្តាហ៍មុន ក្រុងវ៉ាស៊ីនតោន បានដាក់ក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅ ដោយលើកហេតុផលជុំវិញបញ្ហាសន្តិសុខជាតិ។ ចំណាត់ការនេះ ហាមឃាត់ការដោះដូរពាណិជ្ជកម្មរវាងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក និងក្រុមហ៊ុនទូរគមនាគមន៍ចិនមួយនេះ។ ទោះបីជាបែបនេះក្តី ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei នៅតែបង្ហាញទំនុកចិត្តថា ទណ្ឌកម្មនេះ នឹងជះឥទ្ធិពលតិចតួចបំផុតលើអាជីវកម្មខ្លួន ខណៈក្រុងប៉េកាំង ប្តេជ្ញាការពារផលប្រយោជន៍ក្រុមហ៊ុនរបស់ចិននៅបរទេស។



ថ្លែងក្នុងកាសែតរដ្ឋចិន Global Times នៅថ្ងៃអង្គារ ទី២១ ឧសភា លោក Ren Zhengfei បញ្ជាក់ឲ្យដឹងថា ការរឹតត្បិតរបស់សហរដ្ឋអាមេរិក នឹងពុំមានផលប៉ះពាល់អ្វីឡើយមកលើក្រុមហ៊ុនលោក ជាពិសេសផ្នែកលក់ ហើយ Huawei នឹងបន្តអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ថ្មីៗទៅមុខទៀត ដោយគ្មានការរំខានឡើយ។ ប៉ុន្តែ លោក និយាយថា អាជីវកម្មខ្នាតតូចមួយចំនួននៅបរទេស អាចរងផលប៉ះពាល់បន្តិចបន្តួច។

ទាក់ទិនការដាក់សម្ពាធកាន់តែខ្លាំងលើក្រុមហ៊ុន Huawei ពីសំណាក់ក្រុងវ៉ាស៊ីនតោន រដ្ឋាភិបាលចិន បានប្រកាសពីជំហរខ្លួនដែលធ្លាប់សន្យាកន្លងទៅ ដោយតាមការពារផលប្រយោជន៍របស់បណ្តាក្រុមហ៊ុនរបស់ចិនទាំងអស់នៅក្រៅប្រទេស។ ប៉ុន្តែក្រុងប៉េកាំង ពុំបានបញ្ជាក់លម្អិតទេថា ខ្លួននឹងចាត់វិធានការអ្វី ដើម្បីទប់ទល់នឹងបញ្ហានេះឡើយ។

តាមរយៈកាសែតគាំទ្ររដ្ឋាភិបាលចិន Global Times អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានចោទប្រកាន់រដ្ឋបាលអាមេរិកថា បានប្រើប្រាស់ «អំណាចរដ្ឋ» ខុសលក្ខខណ្ឌ ដោយមានគោលដៅបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនបរទេស និងលូកដៃក្នុងទីផ្សារពាណិជ្ជកម្ម។ មន្ត្រីជាន់ខ្ពស់ចិនរូបនេះ សង្កត់ធ្ងន់ថា រដ្ឋាភិបាលចិន មានសមត្ថភាព និងជំហរច្បាស់លាស់ ដើម្បីការពារភាពស្របច្បាប់លើឆាកអន្តរជាតិ សិទ្ធិពេញលេញដែលមានចែងដោយច្បាប់ និងផលប្រយោជន៍របស់ក្រុមហ៊ុនរបស់ចិននៅបរទេស។

មែនទែនទៅ ការដាក់សម្ពាធលើក្រុមហ៊ុនចិន ដែលក្លាយជាក្រុមហ៊ុនឈានមុខគេខាងផ្នែកអភិវឌ្ឍន៍បណ្តាញបច្ចេកវិទ្យា 5G ពុំមែនជារឿងថ្មីឡើយសម្រាប់សហរដ្ឋអាមេរិក។ កន្លងទៅ មន្ត្រីរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថា ក្រុមហ៊ុន Huawei និងក្រុមហ៊ុនលក់សម្ភារទូរគមនាគមន៍របស់ចិនផ្សេងទៀត បង្កហានិភ័យដល់សន្តិសុខជាតិអាមេរិក។

ត្រង់ចំណុចនេះ មន្ត្រីអាមេរិក ពន្យល់ថា ការលូតលាស់ជឿនលឿនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ កើតឡើងទៅបានក៏ដោយសារមានការជ្រៀតជ្រែកពីសំណាក់បក្សកុម្មុយនីស្តចិន ដូច្នេះពួកគេ ច្បាស់ណាស់ គោរពដឹងគុណចំពោះទង្វើរបស់ក្រុងប៉េកាំង។ យ៉ាងណាមិញ ក្រុមហ៊ុន Huawei បានច្រានចោលការចោទប្រកាន់ថា ខ្លួនប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើចារកម្មឲ្យរដ្ឋាភិបាលចិន។

អត្ថបទទាក់ទង



ទន្ទឹមនឹងគ្នានេះ ក្រុងវ៉ាស៊ីនតោន ក៏កំពុងព្យាយាមបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តខ្លួន កុំអនុញ្ញាតឲ្យចិនពាក់ព័ន្ធនឹងការអភិវឌ្ឍបណ្តាញទូរសព្ទ 5G ដោយព្រមានថា ការធ្វើបែបនេះ នឹងបង្កឲ្យការចែករំលែកព័ត៌មានរវាងពួកគេនិងសហរដ្ឋអាមេរិកប្រឈមមុខភាពតឹងតែង។ តួយ៉ាង អូស្ត្រាលី តៃវ៉ាន់ និងរដ្ឋាភិបាលផ្សេងទៀត បានផ្អាកការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុនចិន Huawei ប៉ុន្តែ អាល្លឺម៉ង់ បារាំង និងបណ្តាប្រទេសផ្សេងៗទៀត នៅបន្តធ្វើអាជីវកម្មជាមួយក្រុមហ៊ុនផ្គត់ផ្គត់ទូរសព្ទលំដាប់លេខពីរនេះដដែល។

សូមបញ្ជាក់ថា ភាពចម្រូងចម្រាសនេះ កើតឡើង ក្រោយពីបទបញ្ជារបស់រដ្ឋបាលលោកត្រាំ កាលពីសប្តាហ៍មុន ដាក់សម្ពាធលើក្រុមហ៊ុន Huawei ដែលក្រុងវ៉ាស៊ីនតោនចាត់ទុកថា បង្កហានិភ័យដល់សន្តិសុខជាតិខ្លួន។ បទបញ្ជានេះ គំរាមកំហែងដល់ការលក់ផលិតផលទូរសព្ទរបស់ក្រុមហ៊ុនចិននេះ ដ្បិត Huawei ដែលជាម៉ាកទូរសព្ទឆ្លាតវៃលេខ២ លើពិភពលោក តាមពីក្រោយ Samsung បែរជាពឹងផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុនអាមេរិក Google និង Chip ទូរសព្ទ ដែលផលិតដោយក្រុមហ៊ុនអាមេរិក។

អនាគតរបស់ទូរសព្ទ Huawei ជំនាន់ក្រោយៗ ហាក់មានភាពស្រពេចស្រពិល ទោះបីជាមានការពន្យារពេលទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិននេះសម្រាប់រយៈពេល៣ខែក្តី។ កាលណាការពន្យារដល់ទីអវសាន ទូរសព្ទដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android របស់ Huawei ប្រភេទថ្មីៗ នឹងលែងអាចទទួលបានសេវាកម្មពេញនិយមមួយចំនួន រួមមាន Google Play Store, Gmail, Chrome browserនិង YouTube ជាដើម។ យ៉ាងណាមិញ ទូរសព្ទ Huawei ជំនាន់ថ្មីៗ នឹងបង្ខំចិត្តប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Andriod ប្រភេទ Public Version តាមរយៈអាជ្ញាបណ្ណ Open Source ដែលស្គាល់ថា Android Open Source Project (AOSP) ។

ម្យ៉ាងវិញទៀត ក្តីស្រមៃរបស់ក្រុមហ៊ុនចិននេះដើម្បីឈោងចាប់តំណែងកំពូល ជាក្រុមហ៊ុនផ្គត់ផ្គង់ទូរសព្ទឆ្លាតវៃលំដាប់កំពូលពីក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង អាចនឹងត្រូវរលាយសាបសូន្យ។ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីអាមេរិក TIME អ្នកជំនាញឧស្សាហកម្មទូរសព្ទ ព្យាករថា ក្រុមហ៊ុន Huawei ទំនងជាពិបាកតស៊ូប្រកួតប្រជែង ប្រសិនបើក្រុមហ៊ុននេះ ពុំអាចមានប្រព័ន្ធប្រតិបត្តិការផ្សេងដែលខ្លាំង មកជំនួស Android OS របស់ក្រុមហ៊ុន Google អាមេរិកទេនោះ៕

Tag:
 ស្ថាបនិក Huawei
  ចិន
  សហរដ្ឋអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com