ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
«​ផ្កាក្ងោក​» រីក​ព្រោងព្រាត​លើ​ខ្នងភ្នំ​សំពៅ នៅ​បាត់ដំបង​
22, May 2019 , 2:30 pm        
រូបភាព
ដោយ:
​បាត់ដំបង​៖ ឈានចូល​ទឹកដី​ខេត្តបាត់ដំបង នៅតាម​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​ទី​រួម​ខេត្ត លោកអ្នក​នឹង​ឃើញ​មាន​ដើម​ផ្កាក្ងោក​ពីរ​ជួរ​រាប់រយ​ដើម​ដ៏​ស្រស់បំព្រង ពោរពេញ​ដោយ​ស្លឹក​ពណ៌​បៃតង​និង​ផ្កា​ពណ៌​ក្រហមឆ្អៅ នៅ​ប្រប​សង់ខាង​ផ្លូវជាតិ ខ្លះ​នៅជាប់​នឹង​របង​ផ្ទះ និង​ក្នុង​បរិវេណ​ទីធ្លា​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​។ ផ្កាក្ងោក​ក្រហមឆ្អៅ​រីក​ស្គុសស្គាយ បាន​កំ​ដេរ​ភ្នែក​អ្នកធ្វើដំណើរ​ឲ្យ​ស្វាងអារម្មណ៍​និង​បំបាត់​អស់​នូវ​ភាពស្មុគស្មាញ ដោយ​ជំនួស​មកវិញ​នូវ​ស្នាមញញឹម​សប្បាយរីករាយ​ដូច​ផ្កាក្ងោក ដែល​កំពុង​រីក​និង​រេរា​ទោ​ទន់​ទៅតាម​ខ្យល់​។ អ្វីដែល​កាន់តែ​ពិសេស គឺ​ផ្កា​ប្រភេទ​នេះ កំពុងតែ​រីក​ព្រោងព្រាត​លើ​ខ្នងភ្នំ​សំពៅ​នៃ​ខេត្តបាត់ដំបង​។

 
 
​ក្រុមការងារ​សារព័ត៌មាន​ថ្មីៗ (ThmeyThmey.com) បាន​បន្តដំណើរ​ជាមួយនឹង​ក្រុមការងារ​ក្រុមហ៊ុន Star Auto Cambodia តាមរយៈ​រថយន្ត​ម៉ូ​ឌែ​ល Mercedes-Benz GLC 250 4MATIC SUV ឆ្នាំ​២០១៩ មាន​បំពាក់​ដោយ​ឧបករណ៍​និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​, ម៉ាស៊ីនរថយន្ត​ស៊ីប្រេង​សាំង​អស់​ត្រឹម​ជាង​៦​លីត្រ​ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ ដែល​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​ប្រកបដោយ​សុ​វត្ថ​ភាព​ខ្ពស់​និង​ផាសុខភាព​ល្អ មកដល់​ជើងភ្នំ​សំពៅ​ឃើញ​មាន​ផ្កាក្ងោក​រីក​ស្រសបំព្រង​នៅលើ​ខ្នងភ្នំ ដែល​មើលទៅ​ហាក់​ធ្វើ​អារម្មណ៍​កាន់តែ​ប្លែក​ជាង​ឃើញ​ផ្កាក្ងោក​នៅតាម​ដងផ្លូវ​ធ​ម្ម​តា​។​


 
​ផ្កាក្ងោក​ក្រហមឆ្អៅ រីក​ព្រោងព្រាត​នៅលើ​ខ្នងភ្នំ​សំពៅ ដែលជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ ស្ថិតនៅក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ មាន​ចម្ងាយ​១២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់ដំបង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ឆ្ពោះទៅ​ខេត្ត​ប៉ៃលិន​។​


 
​នៅក្នុង​វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា រៀបរាប់​ពី​ដើម​ក្ងោក​នេះ យ៉ាង​ដូច្នេះ​៖ «​ក្ងោក​ហោះ ឬ​ក្ងោក​ខ្មែរ ឬ​ក្ងោក​តូច គឺជា​ប្រភេទ​ចុ​ល្ល​ព្រឹក្ស​មួយ​មាន​កម្ពស់​ចាប់ពី​២​ម៉ែត ទៅ​៤​ម៉ែត ហើយ​អាចមាន​និង​គ្មាន​បន្លា​នៅលើ​ធាង​។ រុក្ខជាតិ​នេះ មាន​ដើមកំណើត​ក្នុងស្រុក​អាមេរិក​ក្ដៅ ហើយ​គេ​ដាំ​វា​គ្រប់​ស្រុក​ក្ដៅ​នៃ​សកលលោក​។ នៅ​ស្រុក​ខ្មែរ​យើង គេ​និយម​ដាំ​ដើម​នេះ​លើ​វិថី​នានា ក្នុង​ក្រុង​ធំៗ​នៃ​ប្រទេស សម្រាប់​លម្អរ​ដោយ​ផ្កា​ធំៗ ពណ៌​លឿង​ឬ​ក្រហម​ភាវ​។ ផ្កា ស្លឹក សំបក ឫស សម្រាប់ធ្វើ​ថ្នាំ​។ គេ​ស្ងោ​ផ្កា​ផឹក ដើម្បី​ឲ្យ​បាត់​ក្អក ឬមួយ​បញ្ចុះ​ព្រូន​ចេញ​។ ស្លឹក​ជា​ថ្នាំ​បញ្ចុះ ឬ​សម្រាប់​រលូត​កូន​។ សំបក​ជា​ថ្នាំ​ធ្វើ​ឲ្យ​ការ​មក​រដូវ​របស់​ស្ត្រី​មាន​ភាពទៀងទាត់​។ ឫស​គេ​កិន​ឲ្យ​ល្អិត​ដូច​ម្សៅ​សម្រាប់​ព្យាបាល​រោគ​ស្ក​ន់​កូនក្មេង​»៕

​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ផ្កាក្ងោក​រីក​ស្គុសស្គាយ​នៅលើ​ខ្នងភ្នំ​សំពៅ នៃ​ខេត្តបាត់ដំបង ដែល​អ្នកសារព័ត៌មាន​ថ្មីៗ​បាន​ផ្តិត​យក​កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ ដូចតទៅ​៖

































Tag:
 ទេសចរណ៍
  ភ្នំសំពៅ
  បាត់ដំបង
 
© រក្សាសិទ្ធិដោយ thmeythmey.com