ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​ទល់ខ្យល់​ក្នុង​ពោះ​មែន​ទេ ប្រហែលជា​របៀប​ញ៉ាំ​អាហារ​អ្នក​មិន​ត្រឹមត្រូវ​ហើយ​
22, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​គ្រប់គ្នា​ដែលមាន​បញ្ហា​ទល់ខ្យល់​ក្នុង​ពោះ ឬ​ហើមពោះ​ច្រើនតែ​ប្រាប់ថា មាន​ខ្យល់​ច្រើន​ក្នុង​ពោះ ជាមួយនឹង​អា​ការៈពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ទៀត​ដែល​ធ្វើ​ឲ្យ​មិនមាន​ផាសុកភាព​ក្នុង​ពោះ​តែម្តង​។ យ៉ាងណាមិញ មូលហេតុ​នាំ​ឲ្យ​ទល់ខ្យល់​ក្នុង​ពោះ​នេះ​មាន​ច្រើនណាស់ ហើយក៏​ទាក់ទង​នឹង​របប​អាហារ​ផងដែរ​។​


 
​ដូច្នេះ​បើសិនជា​អ្នក​ឧស្សាហ៍​ហើមពោះ​ក្រោយពី​ញ៉ាំ​អាហារ​រួច យក​ល្អ​គួរតែ​ផ្លាស់ប្តូរ​របៀប​ញ៉ាំ​ដូចខាងក្រោម​នេះ​៖
 
​ចំណាយពេល​គ្រប់គ្រាន់​
 
​ជាមួយនឹង​របៀប​រស់​នៅ​ដែល​មមាញឹក​ច្រើន អាចធ្វើ​ឲ្យ​យើង​ទទួលបាន​ទម្លាប់​អាក្រក់​ក្នុងការ​ញ៉ាំ​អាហារ​ក៏​កាន់តែ​ស្រួល និង​លឿន​ដែរ​។ នៅពេល​អ្នក​ញ៉ាំ​អាហារ​លឿន​ពេក អ្នក​ប្រហែលជា​បាន​លេប​ទាំង​ខ្យល់​ច្រើន​តាម​អាហារ​ផង ដែលជា​ហេតុ​នាំ​ឲ្យ​ខ្យល់​ចូលទៅក្នុង​ពោះ​ច្រើន​រហូតដល់​ហើមពោះ​។ ដូច្នេះ​ចូរ​ព្យាយាម​ទំពារ​អាហារ​ឲ្យ​បាន ៣០​ដង​សិន​មុននឹង​លេប​ចូលទៅក្នុង​ពោះ​។ ក្បួន​មួយ​នេះ​ទំនងជា​ពិបាក​នឹងធ្វើ​ឲ្យ​បាន​ណាស់ ប៉ុន្តែ​វា​គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​កែសម្រួល​បញ្ហា​អ្នក​បាន​។ 

​ចូរ​ញ៉ាំ​អាហារ​តិចៗ​តែ​ច្រើនដង​
 
​ការ​ញ៉ាំ​អាហារ​តិចៗ​មានន័យថា អ្នក​កំពុងតែ​ធ្វើ​ល្អ​ចំពោះ​ពោះវៀន ដូច្នេះ​ចូរ​ព្យាយាម​ញ៉ាំ​អាហារ​តិចៗ ៤ ទៅ ៥​ដង​ក្នុង​មួយថ្ងៃ​ជំនួស​ជាជាង​ញ៉ាំ​៣​ដង​តែ​ច្រើនៗ​។ រឿងនេះ​នឹង​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​កាន់តែ​ល្អ និង​បង្ក​ការ​ឃ្លាន​អាហារ​ច្រើន​ជ្រុល​បាន​។ 
 
​ចៀសវាង​ការ​ញ៉ាំ​អាហារ​យប់​ជ្រៅ​ច្រើនៗ​
 
​នៅពេល​អ្នក​ញ៉ាំ​អាហារ​ច្រើនៗ​នៅពេល​យប់​ជ្រៅ អ្នក​នឹងមាន​អារម្មណ៍​ថា​ខ្លួនឯង​ដូច​ហើមៗ​ក្នុង​ពោះ​នៅពេល​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង​។ ដូច្នេះ​បើសិនជា​អាហារ​មួយពេល​របស់​អ្នក​ប្រចាំថ្ងៃ​ដែល​ត្រូវ​ញ៉ាំ​ច្រើន​នោះ យក​ល្អ​គួរតែ​ញ៉ាំ​នៅពេល​ថ្ងៃ​វិញ​។ 
 
​កុំ​ប្រើ​ទុយោ​បឺត​អី​
 
​ការដែល​ប្រើ​ទុយោ​បឺត​ទឹក វា​នឹង​បង្កើន​ការ​បឺត​ខ្យល់​ចូលទៅក្នុង​ពោះ​ឥតប្រយោជន៍​ច្រើន​។ មានន័យថា អ្នកនឹង​ញ៉ាំ​ទឹក​បណ្តើរ លេប​ខ្យល់​បណ្តើរ ដូច្នេះ​ប្រាកដជា​ចៀស​មិន​ផុតពី​ការ​ហើមពោះ​ឡើយ​។ ដូច្នេះ​គួរតែ​លះបង់​ទម្លាប់​នេះ​ចោល តាមរយៈ​ការ​ញ៉ាំ​ទឹក​ដោយ​ប្រើ​កែវ ឬ​ពែង​ធម្មតា​វិញ​សិន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com