អន្តរជាតិ
ប្រមុខ​ការពារជាតិ​អាមេរិក​ថា ចង់​កំញើញ​អុីរ៉ង់ មិន​ដល់​ថ្នាក់​ធ្វើសង្គ្រាម​ឡើយ
22, May 2019 , 3:30 pm        
រូបភាព
រដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិអាមេរិក ផាទ្រីក សាណាហាន់ (ឆ្វេង) និងរដ្ឋមន្រ្តីការបរទេស ម៉ៃ ប៉ុមប៉េអូ (ស្ដាំ) ថ្លែងទៅកាន់អ្នកសារព័ត៌មាន។ រូបភាព AFP
រដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិអាមេរិក ផាទ្រីក សាណាហាន់ (ឆ្វេង) និងរដ្ឋមន្រ្តីការបរទេស ម៉ៃ ប៉ុមប៉េអូ (ស្ដាំ) ថ្លែងទៅកាន់អ្នកសារព័ត៌មាន។ រូបភាព AFP
​ស្របពេល​ការប្រឈមមុខ​ជាមួយ​អ៊ីរ៉ង់​កាន់តែ​តានតឹង រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ជំហរ​ទន់ភ្លន់​បន្តិច​វិញ​។ ពី​វិមាន Capitol Hill ប្រមុខ​ការពារជាតិ​អាមេរិក ផា​ទ្រី​ក សា​ណា​ហាន់ និយាយ​ច្បាស់ៗ​ថា ជំហ​របស់​អាមេរិក គឺ​គ្រាន់តែ​ចង់​កំញើញ​អ៊ីរ៉ង់​ប៉ុណ្ណោះ ហើយ​គ្មាន​បំណង​ធ្វើសង្គ្រាម​អ្វី​ឡើយ​។ សម្ដី​របស់លោក សា​ណា​ហាន់ ហាក់​ផ្ទុយ​ពី​ការលើកឡើង​របស់លោក ត្រាំ ដែល​គំរាម​ធ្វើ​ឲ្យ​អ៊ីរ៉ង់​រលាយ​សាបសូន្យ​នោះ​។

 
​នៅ​ថ្ងៃទី​២១ ខែឧសភា មន្ត្រី​កំពូល​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពីររូប​គឺ​រដ្ឋមន្ត្រី​ស្តីទី​ក្រសួងការពារជាតិ ផា​ទ្រី​ក សា​ណា​ហាន់ និង​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​រាយការណ៍​ព័ត៌មាន​សម្ងាត់​ទាក់ទង​បញ្ហា​អ៊ីរ៉ង់​ទៅកាន់​សមាជិក​ជាន់ខ្ពស់​សភា​ទាំងពីរ ស្រប​ពេលដែល​ស្ថានការណ៍​នៅ​ឈូង​សមុទ្រ​ពែ​រ្ស​មិនទាន់​ថយកម្ដៅ​។ លោក សា​ណា​ហាន់ ក៏​បញ្ជាក់​ពី​ជំហរ​របស់​អាមេរិក​ដែល​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ឡើយ​។ 
 
​រឿង​មិន​ចង់​ធ្វើសង្គ្រាម​នេះ ត្រូវបាន​មន្ត្រី​អាមេរិក​លើកឡើង​ជាច្រើន​ដង​មកហើយ សូម្បីតែ​លោក ត្រាំ ផ្ទាល់ ដែល​គំរាម​កម្ទេច​អ៊ីរ៉ង់​មិន​ដាច់​ពី​មាត់​នោះ ក៏​ធ្លាប់​និយាយ​បែបនេះ​ដែរ​។ ប៉ុន្តែ វត្តមាន​នាវា​ដឹក​យន្តហោះ​ចម្បាំង យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ដែល​នៅ​មិន​ឆ្ងាយ​ពី​អ៊ីរ៉ង់​ឯណោះ​ទេ ទើប​ជា​រឿង​ធ្វើ​ឲ្យ​កម្ដៅ​កើនឡើង​ស្រឺ​តៗ​នោះ ជាមួយនឹង​ការព្រួយបារម្ភ​ថា ភាព​ភាន់ភាំង​ណាមួយ​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ ប្រាកដជា​នាំទៅរក​ជម្លោះ​ពេញទី​មិន​ខាន​។​
 
​ក្រោយ​ជំនួប​ជា​សមាជិកសភា លោក សា​ណា​ហាន់ ប្រាប់​អ្នកសារព័ត៌មាន​ដែល​ចោមរោម​លោក ថា ការបញ្ជូន​នាវា​ដឹក​យន្តហោះ និង​យន្តហោះ​ទម្លាក់​គ្រាប់បែក ជាការ​ឆ្លើយតប​មួយ ហើយ​វា​ក៏បានផ្ដល់​សញ្ញា​ច្បាស់​ទៅកាន់​អ៊ីរ៉ង់​ដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​មន្ទីរ​បញ្ច​កោណ​នេះ អះអាងថា ការ​សម្ញែង​អាវុធ​ទាំងនេះ បាន​កំញើញ​អ៊ីរ៉ង់​មិន​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​ទៀត ហើយ​គោលដៅ​សំខាន់ គឺ​ធ្វើយ៉ាងណា​កុំ​ឲ្យ​គិតគូរ​ខុស​ឲ្យ​សោះ​។ 
 
​ដោយឡែក​មុនពេល​ចូលប្រជុំ​នៅ​វិមាន Capitol Hill មន្ត្រីជាន់ខ្ពស់​រូបនេះ​ក៏​និយាយ​បែប​លើកសរសើរ​ដល់​ការពង្រាយ​សព្វាវុធ​នៅ​តំបន់​ឈុ​ង​សមុទ្រ ថា ចំណាត់ការ​ដ៏​ប្រុងប្រយ័ត្ន​ដែល​បាន​ទប់ស្កាត់​ការគំរាមកំហែង​ពី​សំណាក់​ទីក្រុង​តេ​ហេ​រ៉ង់​។ នៅពេល​សួរថា លោក​ចង់បាន​មានន័យ​ដូចម្ដេច​ពេល​លើកឡើងថា បាន​ទប់ស្កាត់​ការ​គំរាម លោក​ពន្យល់ថា អាមេរិក មិនបាន​រង​វាយប្រហារ​ណាមួយ​ដោយ​កម្លាំង​អ៊ីរ៉ង់ ឬ​កម្លាំង​ក្រោមបង្គាប់​អ៊ីរ៉ង់​នាពេល​កន្លងមក​ឡើយ​។​
 
​តាមពិតទៅ អាមេរិក ហាក់​បាន​ផ្ញើ​សារ​ចម្រុះ​ជុំវិញ​បញ្ហា​អ៊ីរ៉ង់​នេះ​។ មានពេលខ្លះ មន្ត្រី​មួយចំនួន​ប្រកាស​ពី​ជំហរ​តឹងរ៉ឹង​ដាក់​អ៊ីរ៉ង់ ហើយ​ពេលខ្លះ មន្ត្រី​ផ្សេងទៀត បែរជា​បញ្ចេញ​ជំហរ​បែប​ទន់ភ្លន់​ទៅវិញ​។ មន្ត្រី​ក្នុង​រដ្ឋបាល​លោក ត្រាំ ដែលមាន​ជំហរ​តឹងតែង​ជាងគេ គឺ​ទីប្រឹក្សា​សន្តិសុខ​ជាតិ ច​ន ប៊ូល​តុ​ន ។ លោក​តែងតែ​ចង់​ឲ្យ​អាមេរិក​ដាក់បន្ទុក​ខ្លាំង​អ៊ីរ៉ង់ ជាការ​ធម៌​ត្រជាក់​ដូច​មន្ត្រី​ឯទៀត​។ លោក ត្រាំ ធ្លាប់​និយាយថា លោក​ត្រូវ​ឃុំគ្រង​មន្ត្រី​រូប​ឲ្យ​បាន​ខ្លាំង​៕ 

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  ផា​ទ្រី​ក សា​ណា​ហាន់
© រក្សាសិទ្ធិដោយ thmeythmey.com