អន្តរជាតិ
ជប៉ុន គ្រោង​ឲ្យ​អន្តរជាតិ​ហៅ​ឈ្មោះ​នាយករដ្ឋមន្ត្រី​ខ្លួន​ថា «​អា​បេ ស៊ិន​ហ្សូ​» វិញ​
22, May 2019 , 7:19 pm        
រូបភាព
​មិនមែន ស៊ិន​ហ្សូ អា​បេ (Shinzo Abe) តែ អា​បេ ស៊ិន​ហ្សូ (Abe Shinzo)​។  រដ្ឋមន្ត្រីការបរទេស​ជប៉ុន តា​រ៉ូ កូ​ណូ បានស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ផ្លាស់ប្ដូរ​របៀប​សរសេ​រ​ឈ្មោះ​នាយករដ្ឋមន្ត្រី​ខ្លួន​។ បច្ចុបន្ននេះ ការសរសេរ​ឈ្មោះ​នៅ​ជប៉ុន ត្រូវបាន​អនុវត្ត​តាមបែប​លោកខាងលិច គឺ​នាម​បុគ្គល រួច​ទើប​ត្រកូល​តាម​ក្រោយ​។

 
​ការសរសេរ​ឈ្មោះ​នៅ​ជប៉ុន​តាមបែប​បស្ចិម​លោក ត្រូវបាន​អនុវត្ត​ក្នុង​រជ្ជកាល Meiji ដែល​មកទល់ពេលនេះ​មាន​រយៈពេល​ជិត​មួយ​សតវត្ស​កន្លះ​ទៅហើយ​។ កាលនោះ ការសរសេរ​ឈ្មោះ​យក​លំនាំ «​នាម​-​គោត្តនាម​» ជា​ផ្នែក​មួយ​នៃ​ការធ្វើ​អន្តរ​ជាតូបនីយកម្ម​សង្គម​ជប៉ុន ដែល​បាន​បិទ​ជិត​ពី​ពិភពលោក​ខាងក្រៅ​ជាច្រើន​រយ​ឆ្នាំ​មកហើយ​នោះ​។ ក្រោយមក ការសរសេរ​បែបនេះ ក្លាយជា​ស្តង់ដា​ប្រើ​ជាទូទៅ ទោះ​មាន​ករណី​លើកលែង​ខ្លះ​ដូចជា​ឈ្មោះ​ប្រវត្តិសាស្ត្រ​ជាដើម​។​
 
​យ៉ាងណាមិញ នៅពេលនេះ​ជប៉ុន បាន​ចូលដល់​សករាជ​ថ្មី​នៃ​អធិរាជ ណា​រូ​ហ៊ី​តុ ។ រដ្ឋាភិបាល​ជប៉ុន ក៏​ចង់​កែប្រែ​ប្រព័ន្ធ​សរសេរ​ឈ្មោះ​ឡើងវិញ​ដែរ ដោយ​ចាប់ផ្ដើម​ពី​ឈ្មោះ​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ ជាមុន​។ ប៉ុន្តែ​វា​ទំនងជា​រឿង​ពិបាក​។ 
 
​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២១ ខែឧសភា រដ្ឋមន្ត្រីការបរទេស​ជប៉ុន តា​រ៉ូ កូ​ណូ បង្ហាញ​ក្ដី​ថា តទៅ​មុខ ឈ្មោះ​របស់​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​គួរ​សរសេរ «​អា​បេ ស៊ិន​ហ្សូ​» ។ បើតាម​លោក កូ​ណូ កាត​សរសេរ​ដោយ​ចាប់ផ្ដើម​ត្រកូល​មុននេះ គឺ​ដូចគ្នា​នឹង​ការសរសេរ​ឈ្មោះ​មេដឹកនាំ​ផ្សេងទៀត​ដែលមាន​ត្រកូល​នៅខាងមុខ​ដូចជា ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង (Xi Jinping) និង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន (Moon Jae-in) ។​
 
​ទូរទស្សន៍ CNN ផ្សាយ​ថា ប្រមុខ​ការទូត​ជប៉ុន គ្រោង​នឹងដាក់​សំណើ​មួយ​ទៅកាន់​ប្រព័ន្ធ​អន្តរជាតិ​ឲ្យ​ផ្លាស់ប្ដូរ​ការសរសេរ​ឈ្មោះ​លោក អា​បេ ។ លើសពីនោះ លោក កូ​ណូ ក៏​សង្ឃឹមថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​ដែល​ផ្សាយ​ជា​ភាសា​អង់គ្លេស នឹង​អនុវត្តតាម​គោលការណ៍​ថ្មី​ដែរ​។​
 
​កាលពី​២០​ឆ្នាំមុន ក្រុមប្រឹក្សា​ភាសាជាតិ​របស់​ជប៉ុន ក៏​ធ្លាប់​លើ​គំនិត​ក្នុងការ​សរសេរ​ឈ្មោះ​តាមបែប​ជប៉ុន​ក្នុង​ភាសា​អង់គ្លេស​ដែរ ប៉ុន្តែ​មិនបាន​ជោគជ័យ​ឡើយ ដោយ​សហគមន៍​អន្តរជាតិ និង​ប្រជាជន​ជប៉ុន​ផ្ទាល់​បន្ត​សរសេរ​ឈ្មោះ​តាមរបៀប​លោកខាងលិច​ដដែល​៕ 
 

Tag:
 ជប៉ុន​
  ស៊ិន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com