អំឡុងខែឧសភា ឆ្នាំ២០១៩នេះ សមាជិកព្រឹទ្ធសភាអាមេរិកបីរូប បានរួមគំនិតគ្នាសរសេរសេចក្តីស្នើច្បាប់មួយបន្ថែមទៀត ដែលមានគោលដៅជំរុញឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ អាមេរិក ជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង២០ ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
សមាជិកព្រឹទ្ធសភាអាមេរិកទាំងបីរូបនោះ រួមមាន លោក Dick Durbin លោក Marco Rubio និង លោក Linsey Graham។ ជានីតិវិធី សេចក្តីស្នើច្បាប់ ត្រូវឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភានិងរដ្ឋសភា ហើយបន្ទាប់មក ត្រូវយកទៅឲ្យប្រធានាធិបតី (ដូណាល់ ត្រាំ) ពិនិត្យ។ បើប្រធានាធិបតី អនុម័ត សេចក្តីស្នើច្បាប់ នឹងក្លាយទៅជាច្បាប់និងចាប់ផ្តើមអនុវត្ត តែបើប្រធានាធិបតី បដិសេធ សេចក្តីស្នើច្បាប់ នឹងមិនអាចក្លាយជាច្បាប់បានឡើយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់សារព័ត៌មានថ្មីៗថា សេចក្តីស្នើច្បាប់របស់សមាជិកព្រឹទ្ធសភាអាមេរិកទាំងនោះ នឹងមិនងាយចេញជាច្បាប់ទេ។ លោក និយាយបែបចំអកទៅឲ្យសមាជិកព្រឹទ្ធសភាអាមេរិកទាំងនោះថា «គ្រាន់តែវាយស្គរ ដើម្បីបង្អើលប៉ុណ្ណោះ»។
អ្នកនាំពាក្យរូបនេះ អះអាងថា រដ្ឋាភិបាលកម្ពុជា មិនចាប់អារម្មណ៍ ហើយក៏មិនភ្ញាក់ផ្អើលដែរ ចំពោះសកម្មភាពរបស់សមាជិកព្រឹទ្ធសភាអាមេរិក។ លោក បញ្ជាក់ថា កម្ពុជា នៅតែពង្រឹងនីតិរដ្ឋ ហើយក្រុមណា ធ្វើខុសច្បាប់ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
យ៉ាងណា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលខាងលើ នៅតែសម្តែងការសោកស្តាយចំពោះសហរដ្ឋអាមេរិក ដែលត្រូវបានពិភពលោក ទទួលស្គាល់ថាជាប្រជាជាតិថ្លៃថ្នូរ តែបែរជាសមាជិកព្រឹទ្ធសភារបស់ខ្លួនមួយចំនួន បន្តធ្វើច្បាប់នេះ-ច្បាប់នោះ ដើម្បីវាយប្រហារមកលើរដ្ឋអធិបតេយ្យដូចកម្ពុជាទៅវិញ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បកស្រាយថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនអាចយកមកអនុវត្តបានឡើយ ព្រោះត្រូវបានបញ្ជូលទៅក្នុងរដ្ឋធម្មនុញ្ញរួចហើយ។ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ថា កម្ពុជា អនុវត្តរដ្ឋធម្មនុញ្ញ មិនមែនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ។
ការចាប់ផ្តើមតាក់តែងច្បាប់ថ្មីនេះ គឺទន្ទឹមនឹងការចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។ តាមរយៈសេកចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៧ ខែឧសភា ក្រសួងការបរទេស មានកង្វល់ចំពោះមរណភាពលោក ទិត រ៉ន កូនប្រុសរបស់អតីតសកម្មជនគណបក្សប្រឆាំង នៅក្នុងពន្ធនាគារវត្តឃ្មួងខេត្តកំពង់ចាម។ ក្រសួងការបរទេសអាមេរិក អំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យជាបន្ទាន់លើករណីនេះ។
លើសពីនេះ ក្រសួងការបរទេសអាមេរិក ក៏មានកង្វល់ផងដែរ អំពីការចាត់វិធានការរបស់តុលាការ ទៅលើអតីតមន្ត្រីគណបក្សប្រឆាំង។ ក្រសួងការបរទេសអាមេរិក អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា លុបបំបាត់ការរឹតត្បិត និងដោះលែងអ្នកទោសទាំងឡាយណា ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត ដោយរួមទាំងលោក កឹម សុខា ផងដែរ។
«យើង ក៏សូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យគាំទ្រលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដ ហើយធ្វើយ៉ាងណា ឲ្យសកម្មភាព និងច្បាប់របស់ខ្លួន គោរពទៅតាមកាតព្វកិច្ចសិទ្ធិមនុស្ស របស់កម្ពុជា ស្ថិតក្រោមច្បាប់អន្តរជាតិ»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកដដែល។
លើសពីនេះ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏បង្ហាញក្តីកង្វល់ដែរ ដែលតុលាការនិងសមត្ថកិច្ច ហៅអតីតមន្ត្រីគណបក្សប្រឆាំងមិនតិចជាង៧០ ទៅសួរនាំជាបន្តបន្ទាប់។ ស្ថាប័នតំណាងឲ្យអង្គការសហប្រជាជាតិមួយនេះ សរសេរលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ថា ខ្លួនកំពុងតាមដានរឿងនេះ។
កន្លងមក មានសមាជិកព្រឹទ្ធសភាមួយចំនួន បានធ្វើសេចក្តីស្នើច្បាប់ផ្សេងៗរួចមកហើយ ដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា និងដើម្បីបង្ខំឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើអ្វីដែលពួកគេទាមទារ។
កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ សមាជិកព្រឹទ្ធសភាអាមេរិកប្រាំរូប បានសរសេរសេចក្តីស្នើច្បាប់មួយ ដើម្បីទាមទារឲ្យបញ្ឈប់ការផ្តល់ជំនួយមកកម្ពុជា។ ហើយរហូតដល់ខែមករា ឆ្នាំ២០១៩ សមាជិកព្រឹទ្ធសភាអាមេរិកផ្សេងទៀត បានផ្តើមធ្វើសេចក្តីស្នើច្បាប់មួយទៀត ដើម្បីផ្អាកការអនុគ្រោះពន្ធ GSP នៅកម្ពុជា។ ប៉ុន្តែ មកដល់ពេលនេះ សេចក្តីស្នើច្បាប់ទាំងអស់នោះ មិនទាន់ចេញជាច្បាប់នៅឡើយទេ៕