កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ជួយ Man City ឈ្នះ​ពាន​៣ បែលហ្ស៊ិក​កោះហៅ Kompany ចូល​ជម្រើសជាតិ​វិញ​
22, May 2019 , 8:19 pm        
រូបភាព
​បែលហ្ស៊ិក​កោះហៅ​ខ្សែការពារ Vincent Kompany ចូល​ក្រុម​ជម្រើសជាតិ​វិញ​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ Euro ឆ្នាំ ២០២០ បន្ទាប់ពី​រូបគេ​បង្ហាញ​ទម្រង់​លេង​បានល្អ​ដោយ​ជួយ Manchester City ឈ្នះ​ពាន​៣​ក្នុង​មួយ​រដូវ​កាល​។ ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​នឹងត្រូវ​ប៉ះ​កា​ហ្សា​ក់​ស្ថាន និង​ស្កុ​តឡែ​ន​។​


 
​ខ្សែការពារ​វ័យ ៣៣ ឆ្នាំ​រូបនេះ​បានប្រកាស​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា​រូប​នឹង​ចាក​ចេញពី​ទឹកដី Etihad ដើម្បី​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្លិប​ចាស់ Anderlecht នៅឯ​ប្រទេស​កំណើត ក្នុងនាម​ជា​កីឡាករ​ផង និង​អ្នកចាត់ការ​ផង​។​
 
Kompany បាន​អាក់ខាន​បង្ហាញខ្លួន​ឲ្យ​បែលហ្ស៊ិក​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ ២០១៨ ម្លេះ ប៉ុន្តែ​រូបគេ​បាន​ក្លាយជា​តួអង្គ​សំខាន់​ក្នុង​ការជួយ​ក្រុម​របស់លោក Pep Guardiola ការពារ​ជើងឯក Premier League ព្រមទាំង​ឈ្នះ​ពាន ៣ ក្នុងស្រុក​ជា​ប្រវត្តិសាស្ត្រ​ក្លិប​រដូវ​កាល​នេះ​។​
 
​ដោយសារ​មើលឃើញ​ពី​គុណសម្បត្តិ​ជាច្រើន​របស់ Kompany គ្រូបង្វឹក​ជម្រើសជាតិរ​ហស្ស​នាម​បិសាច​ក្រហម​លោក Roberto Martinez បានសម្រេច​កោះហៅ​ខ្សែការពារ​ដ៏​រឹងមាំ​រូបនេះ​ចូលទៅ​ជួយ​ក្រុម​វិញ​។​
 
​គ្រូ​សញ្ជាតិ​អេ​ស្ប៉ា​ញ និង​ជា​អតីត​អ្នកចាត់ការ​ក្រុម Everton លើកឡើងថា​៖ «​គាត់ (Kompany) នឹងត្រូវ​ចូលមក​ជួយ​ក្រុម​វិញ​ក្នុងនាម​ជា​កីឡាករ មិនមែនជា​គ្រូបង្វឹក​ទេ​ដើម្បី​ប្រជែង​កៅអី​ឈានទៅ​ការប្រកួត​ពានរង្វាន់​ប្រចាំ​ទ្វីបអឺរ៉ុប Euro 2020»​។​
 
​បែលហ្ស៊ិក នឹងត្រូវ​តទល់​ជាមួយ​កា​ហ្សា​ក់​ស្ថាន​នៅ​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ​២០១៩ មុនពេល​ជួប​ស្កុ​តឡែ​ន​នៅ​បី​ថ្ងៃ​បន្ទាប់ ដោយ​ការប្រកួត​ទាំងពីរ​នឹង​ប្រព្រឹត្ត​ទៅក្នុង​ក្រុង​ព្រុ​ច​សែ​ល​ប្រទេស​បែលហ្ស៊ិក​៕

Tag:
 ​បាល់ទាត់​
  Vincent Kompany
  បែលហ្ស៊ិក
© រក្សាសិទ្ធិដោយ thmeythmey.com