ជាតិ
សេដ្ឋកិច្ច
ធនាគារ​អភិវឌ្ឍន៍ជនបទ ត្រៀម​ថវិកា​២​លាន​ដុល្លារ​សម្រាប់​ការផលិត​«​បន្លែ​សុវត្ថិភាព​»​ខ្នាតតូច នៅ​កម្ពុជា​
22, May 2019 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​ត្រៀម​ថវិកា​២​លាន​ដុល្លារ សម្រាប់​គាំពារ​ដល់​សហគម​ដាំ​បន្លែ​សុវត្ថិភាព​ខ្នាតតូច​ទូទាំងប្រទេស ដើម្បី​លើកកម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ ។ ជាពិសេស​កាត់បន្ថយ​ការប្រើប្រាស់​បន្លែ​គីមី និង​គ្មាន​គុណភាព​។

 
​លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​បញ្ជាក់ថា គម្រោង​កញ្ចប់​ថវិកា​២​លាន​ដុល្លារ​នេះ នឹង​អនុវត្ត​នៅពេល​ខាងមុខ ។ ក្រៅពី​ត្រៀម​ថវិកា​សម្រាប់​គាំពារ​ដល់​សមាគម​ដាំ​បន្លែ​សុវត្ថិភាព​នេះ ខាង​ធនាគារ​អភិវឌ្ឍ​ជនបទ ក៏មាន​កញ្ចប់​ឥណទាន​សម្រាប់​ក្រុមហ៊ុន​បញ្ជា​ទិញ​បន្លែ​សុវត្ថិភាព​ពី​សមាគម ខ្ចី​យកទៅ​ប្រើប្រាស់​ទៀតផង​។ 


ប្រភពរូប៖ បានពីទំព័រហ្វេសប៊ុកធនាគារអភិវឌ្ឍន៍ជនបទ
 
​លោក កៅ ថាច បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​២២ ឧសភា ដូច្នេះ​ថា​៖«​គម្រោង​គាំពារ​ដល់​ការផលិត​បន្លែ​សុវត្ថិភាព​នេះ គឺ​ផ្តោតទៅលើ​សមាគម​កសិកម្ម និង​អ្នកផ្គត់ផ្គង់​សម្ភារ​កសិកម្ម ដូចជា​ជី និង​ពូជ​បន្លែ​ជាដើម​។ ហើយ​ខេត្ត​នីមួយៗ អាច​នឹង​ផ្តោតទៅលើ​ប្រភេទ​បន្លែ​ផ្សេងៗ​គ្នា​។ ដូចជា​ខេត្តកណ្តាល យើង​ផ្តោតលើ​បន្លែ​ប្រភេទ​ស្លឹក​, ខេត្ត​ភាគ​ឦសាន​យើង​ផ្តោតលើ​បន្លែ​ប្រភេទ​មើម និង​ខេត្ត​ផ្សេងទៀត យើង​ផ្តោតទៅលើ​បន្លែ​ប្រភេទ​ដើម​។ យើង​ធ្វើ​បន្លែ​កុំឱ្យ​ជាន់គ្នា ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ស្វែងរក និង​ចាប់​ទីផ្សារ​ផ្សេងៗ​គ្នា​។  ហើយ​តម្លៃ​បន្លែ​សុវត្ថិភាព​នេះ នឹង​អាច​តម្លៃ​ប្រហាក់ប្រហែល​ទៅនឹង​បន្លែ​ធម្មតា​ផងដែរ​»​។​


 
​សម្រាប់​ការជួយ​ដល់​អ្នក​ផលិត​បន្លែ​សុវត្ថិភាព គឺជា​ការសាកល្បង​លើកទីមួយ របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ ក្នុងការ​ចូលរួម​លើកកម្ពស់​ជីវភាព​ប្រជាកសិករ ក៏ដូចជា​ការចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​បន្លែ​គីមី​ផងដែរ​។​
 
​កាលពី​ថ្ងៃទី​១៧​ឧសភា ឆ្នាំ​២០១៩ ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​ប្រជុំពិភាក្សា​អំពី​គម្រោង​គាំទ្រ​ការដាំដុះ​បន្លែ​សុវត្ថិភាព​នៅ​កម្ពុជា ជាមួយ​តំណាង​ក្រុមហ៊ុន​បោះ​ដុំ​-​លក់​បន្លែ​សុវត្ថិភាព​ជាង​១០​ក្រុមហ៊ុន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​។ ការប្រជុំ​បានសម្រេច​ប​ង្កើ​ត​ក្រុម​ការ​មួយ​ឡើង ដោយមាន​តំណាង​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ ក្រុមហ៊ុន​ទិញ​-​លក់​បន្លែ​សុវត្ថិភាព ដើម្បី​សិក្សា​រួមគ្នា​លើ​បញ្ហា​ទីផ្សារ​បន្លែ និង​យន្តការ​នៃ​គន្លឹះ​សំខាន់ៗ ដើម្បី​អភិវឌ្ឍ​ការដាំដុះ​បន្លែ​សុវត្ថិភាព​របស់​ប្រជាកសិករ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕



Tag:
 កសិកម្ម​
  បន្លែ​សុវត្ថិភាព​
  កៅ ថាច​
© រក្សាសិទ្ធិដោយ thmeythmey.com