ជាតិ
ព្រះមហាក្សត្រ យាង​ទៅ​បារាំង ដើម្បី​ធ្វើជា​ព្រះរាជ​កិត្តិយស នៃ​សកម្មភាព​ការងារ ICC-Angkor
23, May 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ឧសភា​នេះ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី យាង​ទៅ​ប្រទេស​បារាំង ដើម្បី​ធ្វើជា​ព្រះរាជ​កិត្តិយស នៅ​ក្នុងការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​សកម្មភាព​ការងារ​របស​គណៈកម្មាធិកា​រ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ដែល​ហៅ​កាត់​ថា «ICC-Angkor»​។

 
​ការរៀបចំ​ពិធី​អបអរសាទរ​ខួប ២៥​ឆ្នាំ​នៃ​ការបង្កើត ICC-Angkor​នេះ មាន​គោលបំណង​សាទរភាព​ជោគជ័យ ដែល​កើតចេញ​មកពី​យន្តការ​របស់​ស្ថាប័ន​មួយ​នេះ ក្នុង​ការជួយ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍ​សម្បត្តិ​វប្បធម៌​បុរាណ​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​។  បច្ចុប្បន្ន ICC-Angkor ក៏​កំពុង​ក្លាយជា​គំរូ​មួយ បង្ហាញ​ទៅ​បណ្តា​ប្រទេស​នានា​លើ​សាកលលោក​ទៀតផង​។​
 
​គួរ​បញ្ជាក់ថា គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ  ICC-Angkor ត្រូវបាន​បង្កើតឡើង​កាលពី​ខែធ្នូ ឆ្នាំ​១៩៩៣ ក្នុង​គោលដៅ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ។ ការបង្កើត ICC-Angkor នេះ ធ្វើឡើង​ក្រោយ​ពេលដែល​ប្រាសាទអង្គរវត្ត បានដាក់​បញ្ចូល​ជា​សម្បត្តិ​បេ​តក​ភណ្ឌ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​១៤ ធ្នូ ឆ្នាំ​១៩៩២​។ 
 
​សកម្មភាព និង​សមិទ្ធផល ដែល​ICC-Angkor បាន​អនុវត្ត​កន្លងមក​នោះ គឺ​ការជួសជុល​ប្រាសាទ និង​អភិរក្ស​បេតិកភណ្ឌ​, គម្រោង​បណ្តុះបណ្តាល​ថែទាំ​ប្រាសាទ ស្រាវជ្រាវ និង​អភិវឌ្ឍន៍ , លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ​តាមរយៈ​ក្រម​ប្រតិបត្តិ​អង្គរ​,​សាងសង់​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ និង សារមន្ទីរ​កុលាលភាជន៍​អង្គរ​នៅ​ភូមិ​តានី និង​សាងសង់​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ីអាគ្នេយ៍​ជាដើម​។​
 
​បច្ចុប្បន្ន​សមាជិក ICC-Angkor មាន​ចំនួន​៣៧​ប្រទេស និង​អង្គការ​អន្តរជាតិ​ចំនួន ១៣​ទៀត​។ ក្នុងនោះ​អ្នកជំនាញ​បច្ចេកទេស មាន​ជាង​៣០០​នាក់​។ បារាំង និង​ជប៉ុន គឺជា​សហប្រធាន​ICC-Angkor ខណៈ​អាជ្ញាធរ​ជាតិ​អប្សរា​កម្ពុជា និង​ការិយាល័យ​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជា​លេខាធិការដ្ឋាន​វិទ្យាសាស្ត្រ​អចិន្ត្រៃយ៍​៕ 
 

Tag:
 ​ព្រះមហាក្សត្រ​
  បារាំង​
  ICC-Angkor
© រក្សាសិទ្ធិដោយ thmeythmey.com