សេដ្ឋកិច្ចរបស់កម្ពុជា បានពឹងផ្នែកលើវិស័យបួនធំៗរួមមាន៖ កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និងអចលនទ្រព្យ។ ភាពរីកម្រើននៃសេដ្ឋកិច្ចកម្ពុជា ត្រូវបានគេមើលឃើញថាបានចាប់ផ្កើមឡើង នៅពេលមានកំណើនវិស័យរោងចក្រឧស្សាហកម្ម ដែលបានជំរុញផលិតកម្ម ក្នុងស្រុក និងនាំចេញទីផ្សារបរទេស។
មានការលើកឡើងជាច្រើន ទាក់ទងនឹងវិស័យអចលនទ្រព្យ និងវិស័យរោងចក្រ ពោលគឺការចូលរួមចំណែករបស់រោងចក្រ ចំពោះកំណើននៃវិស័យអចលនទ្រព្យ នៅទូទាំប្រទេស។ អាជីវកម្មអចលនទ្រព្យ បានចាប់យកតំបន់រោងចក្រឧស្សាហកម្ម ជាកត្តាចម្បង សម្រាប់ការលក់របស់ខ្លួន ជាពិសេសគម្រោងដីឡូតិ៍។
តើដីនៅជិតរោងចក្រ ពិតជាដីមានសក្តានុពលមែនឬ?
នេះប្រហែលជាការពិត បើមើលទៅតាមទិដ្ឋភាពជាក់ស្តែង របស់កម្ពុជា។ គេសង្កេតឃើញថា ការទិញដីនៅជិតរោងចក្រ ផ្តល់ផលប្រយោជន៍ជាច្រើន ដល់អ្នកទិញ។
ជាទីប្រជុំជន
កន្លែងដែលមានរោងចក្រ ជាកន្លែងដែលបានប្រមូលផ្តុំ ដោយមនុស្សជាច្រើន។ ដូចនេះវាអាចបង្កើតជាតំបន់ ដែលមានតម្រូវការ និងសកម្មភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។
តម្លៃដីឆាប់កើនឡើង
មានរោងរោងចក្រនៅជិត អាចធ្វើឲ្យដីនៅតំបន់ជុំវិញនោះ កើនឡើងឆាប់រហ័ស ដោយសារមនុស្សនឹងផ្លាស់ប្តូរចូលមកទីតាំងនេះ កាន់តែច្រើនឡើង។ ប្រជាពលរដ្ឋ និងអ្នកចំណូលថ្មីត្រូវការទិញដីនៅជិតតំបន់រោងចក្រ ដើម្បីធ្វើលំនៅដ្ឋាន ឬបង្កើតសកម្មភាពសេដ្ឋកិច្ច ដូចជាលក់ដូរ ឬបើកអាជីវកម្មណាមួយ ដើម្បីទទួលបានប្រាក់ចំណូលវិញ។
សាងសង់ផ្ទះជួល
រោងចក្រធំៗ មានកម្មកររាប់ពាន់នាក់ ដែលជាឱកាសសម្រាប់អ្នកជំនួញខ្នាតតូច និងមធ្យម។ មិនតែប៉ុណ្ណោះ អ្នកដែលមានដីនៅជិតរោងចក្រ ក៏អាចសង់ជាបន្ទប់ ឬផ្ទះជួល បានដែរដែលនេះ ត្រូវបានគេចាត់ទុកថា ជាការវិនិយោគល្អបំផុត។
ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ
រដ្ឋាភិបាល នឹងបង្កលក្ខណៈងាយស្រួលដល់រោងចក្រ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ទឹក ភ្លើង សេវាកម្មសាធារណៈផ្សេងៗ ត្រូវបានតភ្ជាប់ទៅដល់តំបន់នោះ។ កាលណាតំបន់មួយមាន ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ តំបន់នោះ នឹងមានសក្តានុពលបំផុត សម្រាប់ សកម្មភាពសេដ្ឋកិច្ច និងលំនៅដ្ឋាន។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើន បានលើកឡើងថា ការវិនិយោគត្រូវមានការប្រុងប្រយ័ត្នបំផុត។ ពិសេស ត្រូវកំណត់ឲ្យច្បាស់ពីគោលបំណងនៃការវិនិយោគ ថាអ្នកនឹងទិញទុកលក់យកចំណេញ ធ្វើអាជីវកម្ម ឬទិញទុកសាងសង់ផ្ទះសម្រាប់រស់នៅ។ ជាទូទៅ តំបន់រោងចក្រ មិនមែនជាតំបន់លំនៅដ្ឋាន ដែលមានផាសុកភាពនោះទេ។ បើពិនិត្យទៅតាម ផែនការអភិវឌ្ឍន៍ក្រុង គេបានបែងចែកដាច់ពីគ្នា រវាងតំបន់លំនោដ្ឋាន តំបន់ពាណិជ្ជកម្ម និងតំបន់ឧស្សាហកម្ម៕
(អត្ថបទពាណិជ្ជកម្ម)