កីឡាអន្តរជាតិ
អន្តរជាតិ
Spurs ហាម​អ្នកគាំទ្រ​៣​នាក់​ចូល​ទស្សនា​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ព្រោះ​យក​សំបុត្រ​លក់​បន្ត​
22, May 2019 , 6:39 pm        
រូបភាព
​ក្លិប Tottenham Hotspur សម្រេច​ហាម​អ្នក​គាំំ​ទ្រ​៣​រូប​មិន​ឲ្យ​ចូល​ទស្សនា​ការប្រកួត​ក្រោយ​រកឃើញថា ពួកគេ​បាន​យក​សំបុត្រ​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ដែល​ទិញ​រួច​យកទៅ​ដាក់លក់​បន្ត​លើ​វេ​ប​សាយ​យ៉ាង​អាណាធិបតេយ្យ​។ នេះ​បើតាម​សេចក្តីប្រកាស់​របស់​ក្លិប Spurs នៅ​ថ្ងៃទី​២១ ខែឧសភា​។​


​ក្រុម Spurs នឹងត្រូវ​តទល់​ជាមួយ Liverpool ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​កំពូល​អឺរ៉ុប​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​ប្រទេស​អេ​ស្ប៉ា​ញ នៅ​ថ្ងៃទី ១ ខែមិថុនា ដោយ​ក្រុម​នីមួយៗ​ទទួលបាន​សំបុត្រ​ចំនួន ១៧០០០ សន្លឹក នៅ​កីឡដ្ឋាន Wanda Metropolitano ដែល​ផ្ទុក​ទស្សនិកជន​សរុប​ចំនួន ៦៣៥០០​នាក់​។​
 
​តាមច្បាប់​ចាប់តាំងពី​ឆ្នាំ ១៩៩៤ មក សម្រាប់​ក្រុម​នៅ​អង់គ្លេស សំបុត្រ​ទិញ​រួច​មិនអាច​យកទៅដាក់​លក់​ប​ន្ត​ឲ្យ​ជន​បន្ទាប់​ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ​។​
 
​តាមរយៈ​សេចក្តីប្រកាស​របស់​ក្លិប Spurs ពួកគេ​បាន​រំឭក​ដល់​អ្នកគាំទ្រ​ថា​៖«​សំបុត្រ​ដែល​បាន​ទិញ​គឺ​សម្រាប់​ការប្រើប្រាស់​បុគ្គល​តែមួយគត់​។ ការផ្ទេរ​ឬ​លក់​សំបុត្រ​ដោយ​ខុសច្បាប់ គឺ​រំលោភ​លើ​លក្ខខណ្ឌ​របស់​យើង ហើយ​វា​ផ្ទុយ​នឹង​ច្បាប់​ផងដែរ​»​។​
 
​ក្រុម​មាន់​ខ្នាយ​មាស​ថែមទាំង​ស្នើសុំ​កុំ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​បំផ្លាញ​ឱកាស​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​តាមរយៈ​ការលក់​សំបុត្រ​ពីមួយ​ទៅមួយ​យ៉ាង​អាណាធិបតេយ្យ​។​
 
Liverpool ឯណោះ​វិញ​ក៏​កំពុងបើក​ការស៊ើបអង្កេត​លើ​អ្នកគាំទ្រ​របស់ខ្លួន​ចំនួន​៥​នាក់​ដែល​បាន​ទិញ​សំបុត្រ​ហើយ​ធ្វើ​រឿង​ដូចគ្នានេះដែរ​។ ប៉ុន្តែ​បើ​រកឃើញ​ករណីនេះ​មែន ហង្ស​ក្រហម​នឹងដាក់​ពិន័យ​អ្នកគាំទ្រ​ខ្លួន​មិន​ឲ្យ​ចូល​ទស្សនា​អស់​មួយជីវិត​តែម្តង​៕
 

Tag:
 បាល់ទាត់​
  UEFA Champions League
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com