អ្នកវិភាគ​៖ ជប៉ុន​ជួយផ្ដល់​តុល្យភាព​ជាមួយ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​
ជាតិ
បទវិភាគ
អ្នកវិភាគ​៖ ជប៉ុន​ជួយផ្ដល់​តុល្យភាព​ជាមួយ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​
23, May 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ភ្នំពេញ ៖ គ្រា​ដែល​ប្រទេស​ចិន​កំពុង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​កាន់តែខ្លាំង​ឡើង​ក្នុងប្រទេស​កម្ពុជា​តាមរ​យៈ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​យោធា កាលពី​ចុងខែ​មេសា​កន្លងទៅនេះ ប្រទេស​កម្ពុជា​និង​ចិន​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​បន្ថែមទៀត​ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​កាន់តែ​ខិត​កៀក​គ្នា និង​ស្អិតល្មួត​ចូលគ្នា​មួយកម្រិត​ថែមទៀត​។ នោះ​គឺ​កិច្ចព្រមព្រៀង​ស្តីពី​ផែនការ​សកម្មភាព​កសាង​សហគមន៍​ជោគវាសនា​រួមគ្នា​រវាង​ចិន​និង​កម្ពុជា​។​

 
​កិច្ចព្រមព្រៀង​នេះ​សំដៅ​ឲ្យ​ពង្រឹង​កិច្ចសហការ​ទ្វេភាគី​រវាង​រដ្ឋាភិបាល​ក្រុងភ្នំពេញ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឲ្យ​មាន​លក្ខណៈ​«​ពេញលេញ​ពិតប្រាកដ​ស៊ីជម្រៅ និង​មាន​លក្ខណៈ​ខ្ពស់​»​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ទៅមុខ​ដោយ​រាប់​គិត​ចាប់តាំងពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២៣​។​
 
​ពិតមែន​ហើយ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​ផង​និង​យុទ្ធសាស្ត្រ​ផង​។ ក៏ប៉ុន្តែ​ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ហាក់ដូចជា​បាន​ពិចារណា​លើ​ការ​រអិល​ធ្លាក់​របស់​ប្រទេស​កម្ពុជា​ទៅក្នុង​អន្ទាក់​ណាមួយ​របស់​ប្រទេស​ចិន  ខណៈដែល​កម្ពុជា​ពឹងផ្អែក​លើ​ទីក្រុង​ប៉េកាំង​ច្រើន​ដើម្បី​ទប់​ទល់នឹង​សម្ពាធ​មហាអំណាច​លោកខាងលិច ដូចជា​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​។​
 
​ប៉ុន្តែ​ប្រទេស​ជប៉ុន​ប្រហែលជា​អាច​ដើរតួនាទី​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ទំនាក់ទំនង​ការបរទេស​របស់​កម្ពុ​ជា​ជាមួយ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ដទៃទៀត​។​
 
​កញ្ញា ពេជ្រ ចា​រ៉ា​ឌី​ន អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ និង​សន្តិភាព​ពន្យល់​ត្រង់ចំណុច​នេះ ដោយ​និយាយថា តាមរយៈ​ការផ្ដល់​ជំនួយ​ដល់​ការបោះឆ្នោត​សភា​ឆ្នាំ​២០១៨​កន្លងទៅ ជប៉ុន​មានលទ្ធភាព​ច្រើន​ក្នុង​ការបន្ត​និយាយ​ចូលគ្នា​នឹង​រដ្ឋាភិបាល​ខ្មែរ និង​ក៏ដូចជា​ធ្វើ​សមតុល្យ​ជាមួយ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​។​
 
​ប្រទេស​ចិន​បាន​ដណ្តើមយក​តំណែង​ទី​១​ក្នុងការ​បណ្តាក់​ទុនវិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា​គឺមាន​ទំហំ​៣,៩​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨​។ ការវិនិយោគ​ពី​ប្រទេស​ចិន​មាន​ច្រើន ជាពិសេស​ក្នុង​ផ្នែក​អចលនទ្រព្យ និង​កាស៊ីណូ រួមទាំង​គម្រោង​វិនិយោគ​លើ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​។ ក្រៅពីនោះ​ប្រទេស​ចិន​ក៏មាន​គម្រោង​សាងសង់​ព្រលានយន្តហោះ​នៅ​ជាយ​ទីក្រុង​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប​ផងដែរ​។​
 
​លើ​ផ្នែក​នយោបាយ​វិញ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀតថា ចិន​នឹង​ជួយ​ទំនុកបម្រុង​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​នានា ជាពិសេស​ក្នុងពេលដែល​សហភាព​អឺរ៉ុប​លុបចោល​ការអនុគ្រោះ​ពន្ធគយ​លើ​ទំនិញ​កម្ពុជា​ទាំងអស់​លើកលែងតែ​អាវុធ (EBA)​ចូលទៅ​ទីផ្សារ​អឺរ៉ុប ដើម្បី​ឆ្លើយតប​នឹង​ការបង្ក្រាប​ខាង​នយោបាយ និង​ការរំលាយ​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។​
 
​ដោយឡែក​ក្នុង​ផ្នែក​យោធា​វិញ ប្រទេស​កម្ពុជា​ហាក់ដូចជា​បាន​ដោះដៃ​ពី​សហរដ្ឋអាមេរិក​ដែល​ខ្លួន​ធ្លាប់​សហការ​ធ្វើ​លំ​ហាត់​យោធា​ជាប្រចាំ ហើយ​ងាក​មក​ចាប់ដៃ​ជាមួយ​ប្រទេស​ចិន​ក្នុង​កិច្ចការ​ដូចគ្នានេះ​។ យោធា​ចា​រ្យ​ចិន​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការផ្ដល់​ការហ្វឹកហ្វឺន​ដល់​នាយទាហាន​ខ្មែរ ដែល​កំពុង​សិក្សា​នៅឯ​វិទ្យាស្ថាន​កងទ័ពជើងគោក ក្នុង​ខេត្តកំពង់ស្ពឺ ថែមទាំង​មានការ​បញ្ជូន​និស្សិត​យោធា​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​ផងដែរ​។ ជាងនេះទៅទៀត រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទើបតែ​បានផ្តល់​ជំនួយ​យោធា​ចំនួន​៩០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​។​
 
​រីឯ​កម្ពុជា​វិញ​បាន​គាំទ្រ​ស្មារតី​ពហុភាគី​និយម​របស់​ចិន​ក្នុង​រឿង​ជម្លោះ​ពាណិជ្ជកម្ម​ចិន​អាមេរិក​។ ហើយ​កម្ពុជា​ឈរ​នៅ​ខាង​ចិន​ដោយ​មិន​គាំទ្រ​ការធ្វើ​អន្តរ​ជាតូបនីយកម្ម​នៃ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​មាន​ជម្លោះ​ជាមួយ​ប្រទេស​អាស៊ីអាគ្នេយ៍​បួន​ផ្សេងទៀត​ដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ព្រុយ​ណេ​នោះទេ​។​
 
​ហើយ​កាល​ចុងខែ​មេសា​ឆ្នាំ​នោះ​ទៀតសោត ប្រទេស​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ផែនការ​សកម្មភាព​កសាង​សហគមន៍​ជោគវាសនា​រួមគ្នា​រវាង​ចិន​និង​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​ក្នុង​ការចុះ​កិច្ចព្រមព្រាង​ជាមួយ​មហាអំណាច​អាស៊ី​មួយ​នេះ ក្នុង​ក្របខណ្ឌ​ដែល​ប្រទេស​ចិន​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន​(Belt and Road Initiative)​។​
 
​ក្នុង​កិច្ចព្រមព្រៀង​នេះ ប្រទេស​កម្ពុជា​និង​ចិន​នឹង​បង្កើត​យន្តការ​សហការ​គ្នា​ចាប់តាំងពី​កម្រិត​«​ស្ថាប័ន​បក្ស និង​រដ្ឋាភិបាល ស្ថាប័ន​នីតិបញ្ញត្តិ និង​រដ្ឋបាល​គ្រប់​កម្រិត​»​។ ក្នុងនោះដែរ កិច្ចសហការ​នឹងត្រូវ​ផ្តោតលើ​វិស័យ​ធំៗ​ចំនួន​ប្រាំ មាន​ជាអាទិ៍​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច ប្រជាជន និង​ពហុភាគី​។ បន្ថែម​ពី​នោះ​ទៀត ប្រទេស​កម្ពុជា​និង​ចិន​ក៏បាន​សន្យា​សហការគ្នា​គ្រប់​ដំណាក់កាល​ទាក់ទង​នឹង​បញ្ហានយោបាយ​អាស៊ី អឺរ៉ុប និង​កិច្ចសហការ​រវាង​កម្ពុ​ជា​ចិន​លើ​ឆាក​អង្គការសហប្រជាជាតិ​។​
 
​អ្នកជំនាញ​បានបង្ហាញ​ក្ដីបារម្ភ​ថា ការពឹង​ពាក់​ពហុ​វិស័យ​ទៅលើ​ប្រទេស​ចិន​បែបនេះ​បាន​នាំឱ្យ​ប្រទេស​កម្ពុជា​បាត់​លំនឹង​នយោបាយ​ការបរទេស ខណៈដែល​រដ្ឋាភិបាល​ក្រុងភ្នំពេញ​កំពុងតែ​រង​គំនាប​ផ្នែក​សេដ្ឋកិច្ច​ពី​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​។​
 
​លោក សេក សុផល អ្នកស្រាវជ្រាវ​នៅឯ​មជ្ឈមណ្ឌល Ritsumeikan ដើម្បី​ការសិក្សា​កិច្ចការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឋិត​នៅ​ប្រទេស​ជប៉ុន កត់សម្គាល់ថា ប្រទេស​ជប៉ុន​ក៏មាន​កង្វល់​ទាក់ទង​នឹង​ការពង្រីក​ឥទ្ធិពល​របស់​ប្រទេស​ចិន​នេះដែរ​។​
 
​អ្នកស្រាវជ្រាវ​រូបនេះ​បាន​លើកឡើងថា ការដែល​កម្ពុជា និង​តំបន់​អាស៊ីអាគ្នេយ៍​ធ្លាក់​ក្នុង​ឥទ្ធិពល ឬ​បរិបាលកិច្ច​ផ្ដាច់មុខ​របស់​ចិន ប្រយោជន៍​ជប៉ុន​នៅ​តំបន់​អាង​ទន្លេមេគង្គ និង​អាស៊ីអាគ្នេយ៍​មុខជា​នឹងរង​ផលប៉ះពាល់ ហើយ​ការបង្ហាញ​ជំហរ​របស់​កម្ពុជា​ស្រប​ជាមួយ​ចិន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក៏បង្ក​ហានិភ័យ​ដល់​ជប៉ុន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងកើត​ដែរ​។​
 
«​ជប៉ុន​គាត់​បារម្ភ​លើ​បញ្ហា​ហ្នឹង សេណារីយោ​បែប​ហ្នឹង​។ គាត់​មិន​ចង់ឱ្យ​កើតឡើង​ទេ អ៊ីចឹង​គាត់​ព្យាយាម​ប្រើ​មធ្យោបាយ​ទាក់ទង​ផ្នែក​សេដ្ឋកិច្ច ពង្រីក​ទីផ្សារ​ដើម្បី​បញ្ចៀស ឬក៏​ទប់ស្កាត់ យ៉ាងហោចណាស់​ធ្វើឱ្យ​យឺត​នៃ​ដំណើរ​ការកើនឡើង​នៃ​ឥទ្ធិពល​ចិន ក្នុង​សេដ្ឋកិច្ចកម្ពុជា បែប​ផ្ដាច់មុខ​»​។​
 
​ដូច្នេះ ចង់ ឬ​មិន​ចង់ រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​ត្រូវតែ​បង្ហាញ​តួនាទី​មួយ​ដើម្បី​ធ្វើ​ឲ្យ​មាន​លំនឹង​ឥទ្ធិពល​នៃ​មហា​យក្ស​ចិន​។ ជាក់ស្តែង​ក្នុង​វិស័យ​យោធា មានការ​ចូល​ចត​របស់​នាវាចម្បាំង​ជប៉ុន​ក្នុង​ដែនសមុទ្រ​កម្ពុជា​កាលពី​ខែកុម្ភៈ​កន្លងទៅ​។ ក្នុង​ផ្នែក​វិនិយោគ​វិញ ប្រទេស​ជប៉ុន​បាន​ឈរ​នៅ​លំដាប់​លេខ​២​បន្ទាប់ពី​ប្រទេស​ចិន​ដោយមាន​ទុនវិនិយោគ​សរុប​ចំនួន​៨៨២​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨​។​
 
​មួយវិញទៀត​ប្រទេស​កម្ពុជា​ក៏​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​គោលដៅ​វិនិយោគ​នាំមុខ​របស់​ជប៉ុន​ផងដែរ តាមរយៈ​គម្រោង​បើកផ្លូវ​ថ្មី​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ឬ Japan Inc​។ គម្រោង​នេះ​បើក​លទ្ធភាព​ដល់​គ្រឹះស្ថាន​ឯកជន និង​ទុនវិនិយោគ​គិ​ន​ជប៉ុន​ឆ្ពោះ​មកកាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​
 
​ស្រដៀង​គ្នា​ទៅនឹង​ប្រទេស​ចិន​ដែរ ប្រទេស​ជប៉ុន​ក៏បានផ្តល់​ហិរញ្ញ​ប្រទាន​ជាច្រើន​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ដូចជា​ការសង់​ស្ពាន​មិត្តភាព​កម្ពុជា​ជប៉ុន​ឡើងវិញ ការ​បោះដៃ​ជួយ​ស្ថាបនា​ស្ពាន​អ្នក​លឿង និង​ការផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​ការសាងសង់​ផ្លូវ​មួយចំនួនទៀត​។ ក្នុងនោះ​មានការ​ជួសជុល​និង​ពង្រីក​ផ្លូវជាតិ​លេខ​៥​ដែលជា​សរសៃឈាម​ដ៏​សំខាន់​នៃ​ច្រករបៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​ត​ភ្ជាប់​រាជធានី​បាងកក ប្រទេស​ថៃ​មក​ទីក្រុង​ព្រៃនគរ ប្រទេស​វៀតណាម​ដោយ​ឆ្លងកាត់​រាជធានី​ភ្នំពេញ​របស់​កម្ពុជា​។​
 
​លោក Bradley Jensen Murg អ្នកជំនាញ​សេដ្ឋកិច្ច​នយោបាយ​នៅ​សាកលវិទ្យាល័យ Seattle Pacific សហរដ្ឋអាមេរិក​បាន​លើកឡើងថា ជំនួយ​ជប៉ុន​ហាក់​មាន​គុណភាព និង​តម្លាភាព​ជាង​ជំនួយ​ចិន នាពេល​កន្លងមក បើទោះបី​គេ​គិតពី​បរិមាណ​ចិន​ហាក់​កំពុង​នាំមុខ​ក៏ដោយ​។​
 
​អ្នកជំនាញ​រូបនេះ​បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក​ថា​៖
 
«​វា​[​ជំនួយ​និង​ការវិនិយោគ​របស់​ជប៉ុន​]​មិនអាច​ផ្គូផ្គង​ឱ្យ​ត្រ​ដំ​ត្រសង​នឹង​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​(BRI)​របស់​ចិន​បានទេ​។ បើ​គេ​ប្រើប្រាស់​ទំហំ​នៃ​សាច់ប្រាក់​យកមក​វាស់វែង​តែ​យ៉ាងណា ការបន្ត​ភាព​សកម្ម​និង​ចូលរួម​របស់​ជប៉ុន រួមទាំង​បណ្ដា​រដ្ឋ​ផ្ដល់ជំនួយ​ដទៃទៀត អាច​ផ្ដល់​ជាការ​ប៉ះប៉ូវ​ជួស​ការពឹង​ពាក់​ជ្រុល​ហួស​ទៅលើ​ប្រទេស​ចិន​។ ការបន្ត​ចូលរួម​របស់​ប្រទេស​ជប៉ុន​មាន​សារៈសំខាន់ បើសិន​គេច​ង់​ចៀសវាង​ការ​ផ្ដេកផ្ដួល​[​ទៅលើ​ប្រទេស​ចិន​]»​។​
 
​កញ្ញា ពេជ្រ ចា​រ៉ា​ឌី​ន​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ​និង​សន្តិភាព បាន​ឯកភាព​ជាមួយ​ការលើកឡើង​នេះ​។​
 
«​នៅ​ចំ​កណ្ដាល​នៃ​ការលេង​ល្បែង​ដណ្ដើម​អំណាច​រវាង​មហាអំណាច​ធំៗ​(​មាន​ចិន​និង​អាមេរិក​ជាដើម​) ជប៉ុន​រក្សា​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​ប្រាកដថា យើង​មិន​ដល់​ថ្នាក់​«​លន់តួ​»​ចំពោះមុខ​ចិន​នោះទេ​»​។​
 
​ជប៉ុន និង​សហភាព​អឺរ៉ុប​ជា​តួអង្គ​ម្ចាស់ជំនួយ​ពីរ​សំខាន់​ជាមួយនឹង​តួនាទី​ជួយ​ទំនុកបម្រុង​កិច្ចការ​កំណែទម្រង់​ការ​បោះឆ្នោត តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត អំឡុង​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៨​។ ហើយ​បើទោះជា​សហភាព​អឺរ៉ុប​ប្រកាស​ដកខ្លួន​ចេញពី​កំណែទម្រង់​នៅ​ចុងឆ្នាំ​២០១៧​ជុំវិញ​សំណុំរឿង​បង្ក្រាប​នយោបាយ​នៅ​កម្ពុជា​ក្ដី ជប៉ុន​បន្ត​ស្ថិតនៅក្នុង​បញ្ជី​ម្ចាស់ជំនួយ​ក្នុង​កំណែទម្រង់​ដែល​គេ​ជឿថា អាច​ផ្ដល់​ទំនុកចិត្ត​ផ្នែក​ស្ថាប័ន​យូរអង្វែង​សម្រាប់​ធានា​ស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស​។​
 
​យ៉ាងណាក៏ដោយ ជប៉ុន​នៅមាន​ប្រៀប​ខាង​អំណាច​ស្រទន់​ដែល​ចិន​ទៅវិញ​ទេ ដែល​នឹង​ពិបាក​ក្នុង​ការយក​តុល្យភាព​ជាមួយ​ទាក់ទិន​នឹង​ការជឿជាក់ និង​និយម​ទុកចិត្ត​ពី​សំណាក់​ប្រជាជន និង​អ្នកនយោបាយ​កម្ពុជា​។ នេះ​បើ​យោងតាម​លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​។​
 
«​ដូច្នេះ​អាហ្នឹង​គឺជា​អ្វីមួយ​ដែល​ប្រទេស​ខាងក្រៅ ជាពិសេស​ចិន ពិបាក​នឹង​យក​បេះដូង​កម្ពុជា​ណាស់​។ ដូច្នេះ​ការប្រកួតប្រជែង ខ្ញុំ​យល់ថា ទោះជា​ចិន​ឈានមុខ​ទាក់ទង​នឹង​ជំនួយ និង​ក៏ដូចជា​ការវិនិយោគ ក៏ប៉ុន្តែ​ចិន​ពិបាក​នឹង​យកឈ្នះ​បេះដូង​ប្រជាជន​កម្ពុជា​ណាស់​។ អ៊ីចឹង​ទេ​ខ្ញុំ​គិតថា ការប្រកួតប្រជែង​វែងឆ្ងាយ សំខាន់​ជាងគេ​គឺ​ឈ្នះ​បេះដូង​ប្រជាជន​»​។​
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​មិន​ឆ្លើយ​ឱ្យចំៗ​នោះទេ​អំពី​តួនាទី​របស់​ជប៉ុន​ក្នុង​ការធានា​តុល្យភាព​ជាមួយ​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា​។ លោក​គ្រាន់តែ​បញ្ជាក់ថា ជប៉ុន​ជា​«​មិត្ត​ប្រវត្តិសាស្ត្រ​» ហើយ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​កាន់​យក​នូវ​គោលនយោបាយ​ការបរទេស​ពហុ​ប៉ូល​និង​ទទួល​ស្វាគមន៍​គ្រប់​មិត្ត​បរទេស ដើម្បី​ធានា​កម្ពុជា​មិន​ធ្លាក់ខ្លួន​ទៅជា​សមរភូមិ​នៃ​ការប្រឡងប្រណាំង​ភូមិសាស្ត្រ​នយោបាយ​នោះទេ​។​
 
«​ជប៉ុន​សំខាន់​សម្រាប់​កម្ពុជា​គឺជា​មិត្ត​មួយ​ល្អ មិត្ត​ដែលមាន​ទំនាក់ទំនង​ល្អ និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​។ ជប៉ុន​មិន​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា គោរព​នូវ​សិទ្ធិ​សម្រេច​របស់​កម្ពុជា ទោះ​ស្ថិតនៅក្នុង​របប​ណាក៏ដោយ ហើយ​ជប៉ុន​ក៏​ជួយ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​រដ្ឋបាល និង​ផ្នែក​ថ្នល់ ហើយក៏​ដូចជា​ពង្រឹង​សក្ដានុពល​នៅក្នុង​ទិសដៅ​ពាណិជ្ជកម្ម ឬក៏​សេដ្ឋកិច្ច​នេះឯង​»​។​
 
​ក្រោយពី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​កាលពី​ខែមេសា​ដើម្បី​ចូលរួម ក្នុង​កិច្ចប្រជុំ​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​ពីរ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅឯ​ប្រទេស​ជប៉ុន​ផងដែរ ក្នុង​ខែឧសភា​នេះ​ដើម្បី​ចូលរួម​សន្និសីទ​អន្តរជាតិ​ស្ដីពី​អនាគត​ទ្វីបអាស៊ី រៀបចំឡើង​ដោយ​សាជីវកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន Nikkei​។​
 
​ខណៈដែល​ស្ថានទូត​ចិន​មិនបាន​ឆ្លើយតប​នឹង​សំណួរ​ផ្ញើ​សុំ​សេចក្ដីបំភ្លឺ​របស់ VOA ស្ថានទូត​ជប៉ុន​នៅ​ភ្នំពេញ​ក៏​មិនបាន​បរិយាយ​ឱ្យចំ​ផងដែរ​អំពី​តួនាទី​របស់​មហាអំណាច​មួយ​នេះ ផ្ដល់ឱ្យ​កម្ពុជា​នូវ​តុល្យភាព​នយោបាយ​ការបរទេស​។​
 
​ក្នុង​សំណេរ​ឆ្លើយតប​មួយ​ផ្ញើ​ត្រឡប់​មកកាន់ VOA លោក Suzuki Hironori មន្ត្រី​ប្រឹក្សា​ជាន់ខ្ពស់​នៃ​ស្ថានទូត​ជប៉ុន បានបញ្ជាក់​ប្រាប់​អំពី​តួនាទី​របស់​ជប៉ុន​ក្នុង​ការជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា តាមរយៈ​ផ្លូវ​សេដ្ឋកិច្ច និង​នយោបាយ​ដើម្បី​ធានា​អនាគត​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ​ប្រកបដោយ​ប្រជាធិបតេយ្យ​តាមរយៈ​ជំនួយ​ទៅលើ​ការបោះឆ្នោត និង​ធានា​បរិយាកាស​វិនិយោគ​ល្អប្រសើរ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​ដាក់ទុន​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម