តុលាការ​បាត់ដំបង សួរ​អតីតមន្ត្រី​បក្សប្រឆាំង​២៦​នាក់​រួចហើយ ខណៈ​៩​នាក់​ទៀត នឹង​ចូលខ្លួន​បន្ត​
ជាតិ
២៥ខេត្ត/រាជធានី
​​​ន​យោ​បាយ​ជាតិ​
តុលាការ​បាត់ដំបង សួរ​អតីតមន្ត្រី​បក្សប្រឆាំង​២៦​នាក់​រួចហើយ ខណៈ​៩​នាក់​ទៀត នឹង​ចូលខ្លួន​បន្ត​
23, May 2019 , 11:39 am        
រូបភាព
អតីតមន្រ្តីបក្សប្រឆាំងពេលចូលទៅបំភ្លឺនៅតុលាការខេត្តបាត់ដំបង (រូបពីទំព័រហ្វេសប៊ុក Seng Mengbunrong)
អតីតមន្រ្តីបក្សប្រឆាំងពេលចូលទៅបំភ្លឺនៅតុលាការខេត្តបាត់ដំបង (រូបពីទំព័រហ្វេសប៊ុក Seng Mengbunrong)
ដោយ: ថ្មីៗ
​អតីតមន្ត្រី​គណបក្សប្រឆាំង​២៦​នាក់​នៅតាម​មូលដ្ឋាន បាន​ចូលទៅ​បំភ្លឺ​នៅមុខ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​រួចហើយ ខណៈ​៩​នាក់​ទៀត នឹង​បន្ត​ចូលទៅ​បំភ្លឺ​នៅ​ថ្ងៃ​២៤ ខែឧសភា ឆ្នាំ​២០១៩​។ នេះ​បើតាម​លោក សំ សុ​គង់ មេធាវី​របស់​អ្នក​ទាំងនោះ​។


 
​លោក​មេធាវី សំ សុ​គង់ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កូនក្តី​របស់​លោកទាំង​៣៥​នាក់ ត្រូវបាន​នគរបាល​ស​រ​សេរ​សំណុំរឿង​បញ្ជូនទៅ​ព្រះរាជអាជ្ញា ដោយ​សង្ស័យថា​ពួកគេ ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំពូល អំពី​ការរំលាយ​គណបក្សប្រឆាំង​កាលពី​ចុងឆ្នាំ​២០១៧​។ ពួកគេ ធ្លាប់​ជួបគ្នា​និង​ពិសា​នំ​បញ្ចុក​ជាមួយ​នាពេល​កន្លងមក ទើប​ធ្វើ​ឲ្យ​នគរបាល​សង្ស័យថា ពួកគេ ចង់​ប្រឆាំងនឹង​សាលដីកា​របស់​តុលា​ការ​កំពូល​។​
 
​បើតាម​លោក សំ សុ​គង់ មកដល់ពេលនេះ ព្រះរាជអាជ្ញា មិនទាន់​សម្រេច​ថា ចោទប្រកាន់​ពួកគេ ឬក៏​តម្កល់​រឿង​មិន​ចាត់ការ​នោះទេ​។ លោក បន្តថា ប្រសិនបើ​ព្រះរាជអាជ្ញា​ចោទប្រកាន់ ព្រះរាជអាជ្ញា នឹង​បញ្ជូន​សំណុំរឿង​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​។ យ៉ាងណា លោក សង្ឃឹមថា ព្រះរាជអាជ្ញា នឹង​តម្កល់​សំណុំរឿង​មិន​ចាត់ការ​។ 
 
​លោក​មេធាវី ពន្យល់​ពី​ផ្លូវច្បាប់​បែបនេះ​ថា «​ការជួបគ្នា និង​ការ​ពិសា​នំ​បញ្ចុក​ជាមួយគ្នា មិនមែនជា​រឿង​ខុសច្បាប់​ទេ​។ វា ជា​សិទ្ធិ​របស់​ពួកគាត់​ដែល​ធានា​ដោយ​ច្បាប់​ជាតិ​និង​អន្តរជាតិ​»​។​
 
​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង ដែល​កំពុង​រស់នៅក្នុង​ស្រុក ចាត់ទុក ចំណាត់​ការបស់​តុលាការ ថា​ជាការ​រឹតត្បិត​សិទ្ធិសេរីភាព​។ លោក បកស្រាយ ទោះជា​គណបក្សប្រឆាំង ត្រូវបាន​រំលាយ​ហើយ​ក្តី តែ​ពុំ​មានន័យថា ប្រជាពលរដ្ឋ ឬ​អ្នកគាំទ្រ​គណបក្សប្រឆាំង បាត់បង់​សិទ្ធិ​នោះទេ​។ 
 
​ម្យ៉ាងទៀត លោក យល់ថា ប្រជាពលរដ្ឋ​ទាំងនោះ មិនមែន​ជាប់​បម្រាម ដូច​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទាំង​១១៨​នាក់​ឡើយ​។ លោក សង្កត់ធ្ងន់ថា «​រដ្ឋាភិបាល ឬ​តុលាការ ធ្វើ​អ៊ីចឹង គឺ​ប៉ះពាល់​មុខមាត់​កម្ពុជា​វិញ​ទេ ព្រោះ​តំណាង​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ក៏​ឃ្លាំង​មើល​រឿង​ហ្នឹង​ដែរ​»​។ 
 
​ពេល​រំលាយ​គណបក្សប្រឆាំង តុលាការ​កំពូល បាន​ហាម​អតីត​ថ្នាក់ដឹកនាំ​១១៨​នាក់​នៃ​គណបក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ មាន​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​៤-៥​នាក់​ហើយ ដែល​ទទួលបាន​សិទ្ធិ​នយោបាយ​វិញ ក្រោយ​ពួកគេ ស្នើសុំ​។ 
 
​ក្រៅពី​ខេត្តបាត់ដំបង អតីតមន្ត្រី​គណបក្សប្រឆាំង​ថ្នាក់មូលដ្ឋាន ក្នុង​ខេត្តកំពង់ធំ និង​នៅ​ខេត្ត​ដទៃទៀត ក៏ត្រូវ​ហៅ​ទៅ​សួរនាំ​ដែរ​។ នៅ​កំពង់ធំ មាន​អតីតមន្ត្រី​គណបក្សប្រឆាំង​៣៥​នាក់​ដូចគ្នា ដែល​ត្រូវបាន​កម្លាំង​នគរបាល ហៅ​ទៅ​សួរនាំ​ពី​រឿង​ជួបជុំគ្នា​។ ប៉ុន្តែ​សំណុំរឿង​របស់​ពួកគេ  មិនទាន់​ធ្លាក់​ដល់ដៃ​តុលាការ​នៅឡើយ​ទេ​។  
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ចំណាត់ការ​របស់​តុលាការ​និង​សមត្ថកិច្ច មិនមែន​ជាការ​បំភ័យ​ឡើយ​។ ផ្ទុយទៅវិញ លោក យល់ថា ចំណាត់ការ​នេះ គឺជា​ការបង្ហាញ​ពី​សុចរិត​ភាព​របស់​អតីតមន្ត្រី​គណបក្សប្រឆាំង​ទាំងនោះ បើ​ពួកគេ ពិតជា​មិនបាន​ប្រព្រឹត្ត​អំពើ​ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំពូល​មែន​។ 
 
​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បង្ហាញ​ក្តីកង្វល់​ដែរ ដែល​តុលាការ​និង​សមត្ថកិច្ច ហៅ​អតីតមន្ត្រី​គណបក្សប្រឆាំង​មិនតិចជាង​៧០ ទៅ​សួរនាំ​ជា​បន្តបន្ទាប់​។ ស្ថាប័ន​តំណាង​ឲ្យ​អង្គការសហប្រជាជាតិ​មួយ​នេះ សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ ថា ខ្លួន​កំពុង​តាមដាន​រឿងនេះ​។​
 
​លើសពីនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស បានចេញ​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី​១៧ ខែឧសភា ដោយ​បង្ហាញ​ក្តីកង្វល់​ចំពោះ​មរណភាព​លោក ទិ​ត  រ៉​ន  កូនប្រុស​របស់​អតីត​សកម្មជន​គណបក្សប្រឆាំង នៅក្នុង​ពន្ធនាគារ​វត្ត​ឃ្មួ​ង​ខេត្តកំពង់ចាម​។ ក្រសួងការបរទេស​អា​មេ​រិ​ក អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​ជាបន្ទាន់​លើ​ករណីនេះ​។ 
 
​ក្រសួងការបរទេស​អា​មេ​រិ​ក ក៏មាន​កង្វល់​ផងដែរ  អំពី​ការចាត់វិធានការ​រប​ស់​តុលាការ ទៅលើ​អតីតមន្ត្រី​គណបក្សប្រឆាំង​។ ក្រសួងការបរទេស​អា​មេ​រិ​ក អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា  លុបបំបាត់​ការ​រឹតត្បិត និង​ដោះលែង​អ្នកទោស​ទាំងឡាយណា  ដែល​ត្រូវបាន​ឃុំខ្លួន​តាម​អំពើ​ចិត្ត ដោយ​រួមទាំង​លោក កឹម សុខា ផងដែរ​។  
 
«​យើង ក៏​សូម​អំពាវនាវ​ដល់​រដ្ឋា​ភិ​បាល​កម្ពុជា ឲ្យ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​ពិតប្រាកដ  ហើយ​ធ្វើយ៉ាងណា ឲ្យ​សកម្មភាព និង​ច្បាប់​របស់ខ្លួន  គោរព​ទៅតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស របស់​កម្ពុជា ស្ថិតក្រោម​ច្បាប់​អន្តរជាតិ​»​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​ដដែល​៕   
 

Tag:
 តុលាការខេត្ត​បាត់ដំបង​
  មន្ត្រី​បក្សប្រឆាំង​
  ច្បាប់​
  មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com