ជាតិ
​​​ន​យោ​បាយ​ជាតិ​
នយោបាយ​បង្កក​!
23, May 2019 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តើ​អ្វី​ទៅជា​នយោបាយ​បង្កក «Frozen Politics» «Gel Politique»? វា​គឺជា​នយោបាយ​មួយ ដែល​ត្រូវបាន​គេ​ប្រើប្រាស់​តាមរយៈ​ការ​ផ្តាច់ទំនាក់ទំនង​ការទូត ឬ​វិធី​ផ្សេងទៀត ដើម្បី​ដាក់​សម្ពាធ​គ្នា​ទៅវិញទៅមក នៅពេល​ភាគី​ទាំងពីរ គ្មាន​ការចុះ​សម្រុង​គ្នា​។​

 
​ទំនាក់ទំនង​ការទូត ឬ​នយោបាយ​ការបរទេស រវាង​ប្រទេស​នីមួយៗ តែងតែមាន​ភាពល្អ អាក្រក់ ត្រជាក់ និង​ក្តៅ​។ ការប្រើប្រាស់​នយោបាយ​ការទូត គឺមាន​ការបត់បែន​តា​ម​កាលៈទេសៈ និង​គ្រប់​ស្ថានភាព​ជាក់ស្ដែង​។ ប៉ុន្តែ​បើ​ឈានដល់​ចំណុច​មួយ ដែល​ភាគី​ទាំងសងខាង ខ្វះ​ការយល់​ចិត្ត​គ្នា និង​គ្មាន​ការចុះ​សម្រុង​គ្នា​នោះ ការប្រើប្រាស់​នយោបាយ​ការទូត បែប​ធម៌​ក្តៅ​ដាក់គ្នា នឹង​អាច​កើតឡើង​ជាក់​ជាមិនខាន​។​
 
​ត្រង់ចំណុច​នេះ​សារព័ត៌មាន​ThmeyThmey សូម​លើកយក​ពាក្យនយោបាយ​បង្កក ដែលមាន​នៅក្នុង​សទ្ទានុក្រម​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត​ខ្មែរ​-​អង់គ្លេស​-​បារាំង របស់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ដែល​ចេញផ្សាយ​កាលពី​ឆ្នាំ​២០១៤ មក​បកស្រាយ​។​
 
​នយោបាយ​បង្កក គឺជា​នយោបាយ​មួយ ដែល​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ប្រទេស​ណាមួយ ឬ​ក្រុម​ណាមួយ ដែល​បាន​ប៉ះពាល់​ផលប្រយោជន៍ ដល់​ប្រទេស​ឬ​ក្រុម​នោះ​។ វា​មានន័យថា ជា​នយោបាយ​ប្រើប្រាស់​វិធី​បញ្ឈប់​ទំនាក់ទំនង​ការបរទេស ការទូត និង​ផ្នែក​សេដ្ឋកិច្ច​។ នយោបាយ​នេះ កើតឡើង​តែ​នៅក្នុង​រយៈពេល​ណាមួយ ដែល​ភាគី​ទាំងសងខាង​មិនទាន់​ឯកភាព ឬ​ស្រុះស្រួល​គ្នា​។​
 
​ក្នុងន័យនេះ គេ​អាច​ឲ្យ​ជា​ឧទាហរណ៍ ទាក់ទង​ទៅនឹង​បញ្ហា​ទំនាស់​រវាង​រុស្ស៊ី និង​ហ្ស៊​ក​ហ្ស៊ី ដែល​ឈានដល់​ការប្រើប្រាស់​នយោបាយ​បង្កក​នេះ​។ កាលណោះ នៅ​ថ្ងៃទី​០៨ សីហា ឆ្នាំ​២០០៨ ក្រោយពី​មានទំនាស់​រវាង​សហព័ន្ធរុស្ស៊ី និង​ហ្ស៊​ក​ហ្ស៊ី (Georgia) បានធ្វើ​ឲ្យ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក បង្កក​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​។ ឯ​រុស្ស៊ី វិញ ក៏បាន​ឆ្លើយតប​ទៅ​សហគមន៍​អឺរ៉ុប ដោយ​ធ្វើ​នយោបាយ​បង្កក​ដូចគ្នា តាមរយៈ​ការផ្ដាច់​ការផ្គត់ផ្គង់​ថាមពល​ឧស្ម័ន ដោយ​ចោទ​អ៊ុយ​ក្រែ​ន​ថា បាន​បូម​យក​ឧស្ម័ន​ប្រាសចាក​ពី​កិច្ចព្រមព្រៀង ដែល​ធ្វើ​ឲ្យ​ទំនាស់​នេះ កាន់​តែមាន​សភាព​ប្រឈម​ដាក់គ្នា កាន់តែ​តានតឹង​ឡើង​រវាង​រុស្ស៊ី និង​អឺរ៉ុប​។ បញ្ហា​នេះ បានអូសបន្លាយ​រហូត​ដល់​ថ្ងៃទី​១៨ មករា ឆ្នាំ​២០០៩ ទើប​មាន​ជំនួប​ទ្វេរ​ភាគី​រវាង​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន និង​នាយករដ្ឋមន្ត្រី​រុស្ស៊ី ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ដោយមាន​ការចូលរួម​ពី​ប្រទេស​បារាំង អ៊ីតាលី អេ​ស្ប៉ា​ញ និង​អាល្លឺម៉ង់​ផងដែរ​។​
 
​ចំណុច​ផ្អាក​ទំនាក់ទំនង​ការទូត និង​ផ្ដាច់ការ​ផ្គត់ផ្គង់​ទំនិញ នៃ​ផ្នែក​សេដ្ឋកិច្ច​នេះ គឺជា​យុទ្ធសាស្ត្រ​នយោបាយ​បង្កក ដើម្បី​ដាក់​សម្ពាធ​គ្នា​ទៅវិញទៅមក​។​
អត្ថបទទាក់ទង
​សារព័ត៌មាន​ThmeyThmey ទទួលបាន​សិទ្ធិ​ចុះផ្សាយ ពី​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ។​

Tag:
 នយោបាយ​
  ការទូត​
  ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com