កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ឆ្នាំ​២០២២ នៅ​កាតា រក្សា​៣២​ក្រុម​ដដែល មិនទាន់​ឡើងដល់​៤៨​ក្រុម​ឡើយ​
23, May 2019 , 11:49 am        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានសម្រេច​លុបចោល​ផែនការ​បន្ថែម​ក្រុម​ពី ៣២ ទៅ​៤៨ វិញ​សម្រាប់​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០២២ នៅ​កាតា​។​


 
​ប្រធាន FIFA លោក Gianni Infantino ធ្លាប់​លើកឡើង​កាលពី​ឆ្នាំមុន​ថា ការពង្រីក​លើសពី​៣២​ក្រុម​អាច​នឹងត្រូវ​យកទៅ​អនុម័ត​នៅ​ឆ្នាំ ២០២៦ ឬ​នៅ​ឆ្នាំ ២០២២ នៅក្នុង​ប្រទេស​កាតា​តែម្តង​។ ប៉ុន្តែ​ដោយ​មើលឃើញថា​ការបន្ថែម​ក្រុម​នេះ​ត្រូវ​លេង​លើស​ចំនួន​ថ្ងៃ​ធម្មតា និង​ពិបាក​ក្នុងការ​ដំណើរការ​ការប្រកួត​នៅក្នុង​ប្រទេស​កាតា​តែមួយ​ដោយ​តម្រូវ​ឲ្យ​កាតា​រំលែក​ការប្រកួត​ទៅ​បណ្តា​ប្រទេសជិតខាង​ក្នុង​តំបន់​នោះ ទើប​ធ្វើ​ឲ្យ FIFA សម្រេច​លុបចោល​ការផ្លាស់​ប្តូរ​វិញ​តែម្តង​។​
 
​ការលុបចោល​គម្រោង​នេះ គឺ​បន្ទាប់ពី​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​បាន​ពិគ្រោះ​យោបល់​គ្នា​យ៉ាង​ហ្មត់ចត់ ហើយ​មើលឃើញថា ការសម្រេច​បន្ថែមចំនួន​ប្រទេស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បាល់​លំដាប់​ពិភពលោក មិនអាច​ធ្វើទៅបាន​ឥឡូវនេះ​ទេ​។​
 
​មួយវិញទៀត កាតា​ក៏​ធ្លាប់មាន​បញ្ហា​ន​យោ​យ​បាយ​ជាមួយ​ប្រទេសជិតខាង​ដោយ​ហ៊ុម​ព័​ទ​សេដ្ឋកិច្ច​ផ្លូវអាកាស ផ្លូវទឹក និង​ផ្លូវគោក​ជាមួយ​អារ៉ាប់​រួម​អា​មេ​រ៉ា​ត និង​បា​រ៉ែ​ន ដែល​ធ្វើ​ឲ្យ​មាន​ភាពស្មុគស្មាញ​ក្នុងការ​ចែករំលែក​ទីលាន​ប្រកួត​ខ្លះទៅ​ក្រៅប្រទេស​។​
 
​លោក Infantino បន្ថែមទៀតថា​អង្គភាព​លោក​បាន​ព្យាយាម​ស្វែងរក​លទ្ធភាព​សម្រាប់​ម្ចាស់ផ្ទះ​កាតា​ដើម្បី​ដឹកនាំ ៤៨ ក្រុម​ប្រកួតប្រជែង​ដែរ ប៉ុន្តែ​បានសម្រេច​មិន​បន្ត​ផែនការ​នេះ​វិញ ដ្បិត​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​វាយតម្លៃ​គ្រប់​ជ្រុងជ្រោយ​នៃ​ផលប៉ះពាល់​របស់​វា​។​
 
​បើ​ទោះ​បិ​ន​បន្ថែម​នៅ​ឆ្នាំ​២០២២​នេះ ប៉ុន្តែ FIFA ប្រកាស​ម្តង​រួចមកហើយ​ថា FIFA World Cup ឆ្នាំ​២០២៦ ដែលមាន សហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​ធ្វើជា​ម្ចាស់ផ្ទះ​នោះ នឹងមាន​ក្រុម ៤៨​ចូលរួម​ប្រកួតប្រជែង​ជា​លើកដំបូង បន្ទាប់ពី​មានការ​បោះឆ្នោត​គាំទ្រ​លើ​ការបន្ថែម​ក្រុម​មាន​ចំនួន​ច្រើន​លើសលុប​៕
 

Tag:
 បាល់ទាត់​
  FIFA World Cup
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com