ដើមត្នោតដុះលើដីខ្សាច់ និងក្រួស ទើបអាចផលិត«ស្ករត្នោតកំពង់ស្ពឺ»លក់នៅបរទេសបាន
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
២៥ខេត្ត/រាជធានី
ដើមត្នោតដុះលើដីខ្សាច់ និងក្រួស ទើបអាចផលិត«ស្ករត្នោតកំពង់ស្ពឺ»លក់នៅបរទេសបាន
23, May 2019 , 1:59 pm        
រូបភាព
ភ្នំពេញ៖  «ស្ករត្នោតកំពង់ស្ពឺ» មានឈ្មោះល្បីល្បាញ ដោយបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI) ពីសហភាពអឺរ៉ុបកាលពីខែ មេសា។ ដើម្បីផលិតជាស្ករត្នោតកំពង់ស្ពឺ អ្នកជំនាញត្រូវកំណត់ស្តង់ដារដើមត្នោត តាមសៀវភៅបន្ទុករបស់សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺជាមុនសិន។ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បញ្ជាក់ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖ «អ្នកឡើងត្នោតដែលពាក់ស្លាកស្ករត្នោតកំពង់ស្ពឺបាន គឺអាស្រ័យលើដើមត្នោត ដែលដុះលើដីខ្សាច់ជម្រៅ៨តឹក និងខាងក្រោមមានក្រួស។ ប៉ុន្តែបើដើមត្នោតដុះលើដីខ្សាច់ ហើយខាងក្រោមមានដីឥដ្ឋ មិនអាចយកមកផលិតស្ករត្នោតកំពង់ស្ពឺបានទេ»។


 
«ស្ករត្នោតកំពង់ស្ពឺ» ត្រូវបានផលិតក្នុងស្រុកចំនួន ៣គឺ ស្រុកអង្គស្នួល នៃខេត្តកណ្ដាល, ស្រុកសំរោងទង និងស្រុកឧតុង្គ នៃខេត្តកំពង់ស្ពឺ។ ទឹកត្នោត ដែលអាចរំងាស់ជាស្ករត្នោតកំពង់ស្ពឺបាន លុះត្រាតែទឹកត្នោតនោះ យកចេញពីដើមត្នោតដុះលើដីខ្សាច់ និងខាងក្រោមមានក្រួស។  បើតាមប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ មិនមែនដើមត្នោតដុះទូទាំងខេត្តកំពង់ស្ពឺ ឬនៅស្រុកទាំងបី ដែលសមាគមកំពុងធ្វើការសុទ្ធតែអាចផលិតស្ករត្នោតកំពង់ស្ពឺបាននោះទេ។
 
សូមអញ្ជើញទស្សនាបទសម្ភាសខ្លីរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺដូចតទៅ៖


នៅពេលប្រជាកសិករចង់ចូលជាសមាជិករបស់សមាគម នោះសមាគមនឹងបញ្ជូនបុគ្គលិកជំនាញទៅពិនិត្យស្ថានភាពដីខាងក្រោមដើមត្នោតជាមុនសិន។ «ក្រុមអ្នកជំនាញ នឹងខួងដីខាងក្រោមដើមត្នោតមើល ប្រសិនបើដីនោះមានសក្តានុពលត្រូវតាមសៀវភៅបន្ទុក ទើបអនុញ្ញាតឲ្យចូលជាសមាជិក។ ប៉ុន្តែបើដីខាងក្រោមដើមត្នោត ខុសស្ដង់ដារសៀវភៅបន្ទុកមិនអាចយកបានទេ»។ នេះជាការលើកឡើងរបស់លោក សំ សារឿន។ 
 


ដើមត្នោត ដែលមានដីខាងក្រោមជាដីខ្សាច់ជម្រៅ៨តឹក ហើយនៅក្រោមដីខ្សាច់នោះ ជាដីក្រួស អាចច្រោះទឹកបាន ធ្វើឲ្យស្ករត្នោតមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់។ សូមបញ្ជាក់ថា បច្ចុប្បន្នសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ មានសមាជិកជាអ្នកឡើងត្នោត និងផលិតស្ករត្នោតចំនួន ១៦៧គ្រួសារ។ ចំណែកដើមត្នោត ដែលប្រជាកសិករកំពុងទទួលផលមានជាង ៨០០០ដើម នៅក្នុងតំបន់ស្រុកទាំង៣ខាងលើ៕ 
 

អត្ថបទទាក់ទង
 
 
 

Tag:
 ដើមត្នោត
  ស្ករត្នោតកំពង់ស្ពឺ
  កំពង់ស្ពឺ
  សហភាពអឺរ៉ុប
  Confirel
© រក្សាសិទ្ធិដោយ thmeythmey.com