កីឡាអន្តរជាតិ
អន្តរជាតិ
Hiroshima ធ្វើ​ឲ្យ Keisuke Honda ខកចិត្ត​សម្រាប់​ជំនួប​ចុងក្រោយ​នៅ Melbourne
23, May 2019 , 2:24 pm        
រូបភាព
​ជំនួប​លាគ្នា​របស់ Keisuke Honda ជាមួយ​ក្លិប Melbourne Victory ទទួលបាន​ត្រឹម​ខកចិត្ត​ប៉ុណ្ណោះ​ក្រោយ​ចាញ់ Sanfrecce Hiroshima ៣-១ ក្នុងផ្ទះ​ខ្លួនឯង នា​ការប្រកួត​ជុំ​ចុងក្រោយ​ពូ​ល F ពានរង្វាន់ AFC Champions League នៅ​ថ្ងៃទី​២២ ខែឧសភា​។​


 
Honda បានប្រកាស​រួចហើយ​ថា​ជំនួប​រវាង Melbourne និង Hiroshima ជាការ​បង្ហាញខ្លួន​ចុងក្រោយ​របស់គេ​សម្រាប់​ក្រុម​នៃ​លី​គ​កំពូល​អូស្ត្រាលី A-League នេះ​។ អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ជប៉ុន​វ័យ​៣២​នេះ​បាន​ផ្លាស់​ពី Pachuca នៃ​លី​គ​កំពូល​ម៉ិ​ក​ស៊ិ​ក​ទៅកាន់​ទឹកដី​អូស្ត្រាលី​ដោយ​ចុះកិច្ចសន្យា​រយៈពេល​មួយឆ្នាំ​ជាមួយ Melbourne កាលពី​ខែសីហា​ឆ្នាំ ២០១៨​។​
 
Taishi Matsumoto ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​ឲ្យ Hiroshima តាំងពី​នាទី​ទី​៥ ដោយ​លទ្ធផល ១-០ បន្ត​រហូត​ចប់​វគ្គ​ទី​១​។ ចូលដល់​តង់​ទី​២ ខណៈ​ការប្រកួត​ដំណើរការបាន​២៥​នាទី Ola Toivonen បា​នរក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ Melbourne វិញ មុនពេល Yusuke Minagawa និង Tsukasa Morishima រកបាន​ម្នាក់​មួយគ្រា​ប់​ដើម្បី​ជួយ Hiroshima ឈ្នះ​ក្រុម​របស់ Honda ដោយ​លទ្ធផល ៣-១​។​


 
Melbourne អស់សិទ្ធិ​ទៅ​វគ្គ​បន្ត​ក្រោយ​រកបាន​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​៥​លើក ខណៈ Hiroshima ក្រុម​ពី​លី​គ​កំពូល​ជប៉ុន J.League បាន​កៅអី​ទៅ​វគ្គ​១៦​ចុងក្រោយ​សម្រាប់​ពាន​ក្របខណ្ឌ​តំបន់​អាស៊ី ACL នេះ ដោយ​បញ្ចប់​ទៅក្នុង​កំពូល​តារាង​ពូ​ល F មាន​១៥​ពិន្ទុ​។ Guangzhou Evergrande ស្ថិតនៅ​ចំណាត់​ទី​២​មាន​១០​ពិន្ទុ​ក៏បាន​ទៅ​វគ្គ​បន្ត​ដែរ ហើយ Daegu FC ដែល​រកបាន​៩​ពិន្ទុ​ត្រូវ​ហាលអាវ​។​
 
​វា​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ផងដែរ​សម្រាប់​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ​ដែល​មិន​អាចជួយ​ក្រុម​ទទួលបាន​លទ្ធផល​ល្អ​សម្រាប់​ការបង្ហាញ​ខ្លួន​លើកចុងក្រោយ​របស់ខ្លួន​។ 
 
​មួយវិញទៀត​ការចាកចេញ​ពី Melbourne Victory របស់ Honda គេ​មិនទាន់​ដឹង​ពត៌មាន​ច្បាស់ការ​ណាមួយ​ថា​កីឡាករ​រូបនេះ​នឹង​ទៅ​ប្រកប​អាជីព​ជាមួយ​ក្លិប​ណា​ផ្សេង​នៅឡើយ​ទេ ហើយក៏​មិន​ប្រាកដថា​រូបគេ​នឹង​មកជួយ​ពង្រឹងសមត្ថភាព​ក្រុម​ជម្រើសជាតិ​កម្ពុជា ដោយ​ចំណាយពេល​ច្រើនជាង​មុន​ឬ​យ៉ាណា​នោះដែរ​៕
 
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com