ជាតិ
​ទោះ​និយម​សរសេរ «​ក្រូ​អាត​» តែ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ តម្រូវ​ឲ្យ​សរសេរ «​ក្រូ​អាស៊ី​»
26, May 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
«​ក្រូ​អាស៊ី​» មិនមែន «​ក្រូ​អាត​» នោះឡើយ​។ នេះ​បើ​យោងតាម​សទ្ទានុក្រម​ឈ្មោះ​ប្រទេស​, រាជធានី​/​រដ្ឋធានី របស់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ចេញផ្សាយ​កាលពី​ខែធ្នូ ឆ្នាំ​២០១៣ ពាក់ព័ន្ធ​នឹង​សំណេរ​ជា​ភាសា​ខ្មែរ​របស់​ប្រទេស Croatia (​ភាសា​អង់គ្លេស​) ឬ Croatie (​ភាសា​បារាំង​)​។​



«​ក្រូ​អាស៊ី​» ដែលជា​សាធារណរដ្ឋ​តូច​មួយ​នៅ​អឺរ៉ុប មាន​ទីក្រុង​ឈ្មោះថា Zagreb ដោយ​សំណេរ​ជា​ភាសា​ខ្មែរ ថា «​សា​គ្រែប​»​។

​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នកគាំទ្រ​កីឡាបាល់ទាត់​ស្គាល់ឈ្មោះ​ប្រទេស​ច្បាស់ ដោយសារតែ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​ពិភពលោក (FIFA World Cup) ឆ្នាំ​២០១៨ កន្លងមក​។​

​សំណេរ​ជាច្រើន មាន​លក្ខណៈ​លាយឡំ គ្នា ដោយ​អ្នកខ្លះ​សរសេរ ក្រូ​អាត រីឯ​ខ្លះទៀត​សរសេរ ក្រូ​អាស៊ី​។ តែបើ​ផ្អែក​តាម​សទ្ទានុក្រម​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ «​ក្រូ​អាស៊ី​» ជា​សំណេរ​ដែល​ត្រូវ​ឯកភាពគ្នា​។​

ចំណាំ​៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួល​នូវ​ការរិះគន់​ទាក់ទង​នឹង​ការតម្រូវ​ឲ្យ​សរសេរ​ឈ្មោះ​ប្រទេស​។ ទាក់ទង​នឹង​ករណីនេះ យើងខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់ថា សំណេរ​យើងខ្ញុំ​ផ្អែកលើ​ឯកសារ​ដែល​ទទួលបាន​ពី​ស្ថាប័នរដ្ឋ (​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​) យើងខ្ញុំ​គ្រាន់តែ​ចង់ឃើញ​សំណេរ​ដែលមាន​ការឯកភាព​គ្នា​ប៉ុណ្ណោះ ហើយក៏​មិន​ហ៊ាន​អារកាត់​ថា សំណេរ​តាម​ទម្លាប់​កន្លង មាន​កំហុសឆ្គង​នោះដែរ​៕


Tag:
 ឈ្មោះប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com