ជាតិ
ពីនេះ ពីនោះ
ត្រី​ក្រាយ ចាប់​សត្វល្អិត​ដែល​ធ្វើ​សកម្មភាព​នៅលើ​ផ្ទៃ​ទឹក នាពេល​យប់​ជា​អាហារ​
23, May 2019 , 2:59 pm        
រូបភាព
  ​ត្រី​ក្រាយ​។ រូបភាព​៖ Dinh D. Tran / ffish.asia
​ត្រី​ក្រាយ​។ រូបភាព​៖ Dinh D. Tran / ffish.asia
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប រស់នៅក្នុង​ទន្លេធំៗ និង​មធ្យម ដែលមាន​ចរន្តទឹក​ហូរ និង​ជាពិសេស​ក្នុង​អាងទឹក​ជ្រៅ​តាម​ដង​ទន្លេមេគង្គ និង​ទន្លេសាប​។​

 
​ត្រី​ក្រាយ មានឈ្មោះ​វិទ្យាសាស្ត្រ (Chitala ornata) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Clown featherback ដែល​យើង​អាច​សម្គាល់​វា​បាន តាមរយៈ​ចំណុច​មូល​ខ្មៅៗ ៧-៩ ចំណុច ស្ថិតនៅ​ក្បែរ​ព្រុយ​ពោះ តាម​បណ្តោយ​ដងខ្លួន​ផ្នែក​ខាង​កន្ទុយ​។ ត្រី​ក្រាយ មាន​ប្រវែង​ដងខ្លួន​អតិបរមា ១០០ ស​.​ម និង​ទម្ងន់​អតិបរមា ៥​គីឡូក្រាម​។ 
 
​ត្រី​ក្រាយ ជា​ប្រភេទ ««​មំ​សាហារ​សត្វ​»» ពោល​គឺជា​ប្រភេទ​ត្រី​ដែល​ស៊ីសាច់​ជា​អាហារ​។ វា​ស៊ី​ពពួកសត្វ​ល្អិត​ដែល​ធ្វើ​សកម្មភាព​នៅលើ​ផ្ទៃ​ទឹក​នាពេល​យប់ និង​ពពួកសត្វ​មាន​សម្បក​ដូចជា​ក្តាម កំ​ពិស​ជាដើម​ជា​អាហារ​។ ត្រី​ក្រាយ​ធ្វើចរាចរ​ផ្លាស់​ទី​ចូលទៅក្នុង​តំបន់​ព្រៃ​លិច​ទឹក ដូចជា​បឹង​ទន្លេសាប ក្នុងអំឡុងពេល​ទឹកទន្លេ​មេគង្គ​ចាប់​ផ្តើមឡើង និង​ហូរ​ឆ្លងកាត់​ទន្លេសាប ចូលទៅក្នុង​បឹង​ទន្លេសាប ចាប់ពី​ខែមិថុនា ដល់​ខែតុលា​។ ពេល​ទឹក​ស្រក វា​ត្រឡប់​ចូលមកក្នុង​បឹង ស្ទឹង និង​ទន្លេ​វិញ​។ ត្រី​ក្រាយ ជា​ប្រភេទ​ត្រី​ពង​ដាក់​ឲ្យ​តោង​ព្រៃ​លិច​ទឹក ឬ​ផ្ទាំង​ថ្ម​ក្នុង​ទឹក ទី​ដែលមាន​ចរន្ត​ទឹកនឹង ដោយ​ទាំង​ញី​ទាំង​ឈ្មោល​នៅ​ការពារ​សម្បុក​ពង​រប​ស់វា​។ 
 
​ត្រី​ក្រាយ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១២ ជា​ប្រភេទ​ត្រី​មានការ​ព្រួយបារម្ភ​តិចតួច ដែល​នឹង​ឈានទៅ​ផុត​ពូជ​។ ការនេសាទ​ហួស​កម្រិត​ពី​អតីតកាល និង​ទៅ​អនាគត ការបាត់បង់ និង​ការប្រែប្រួល​ទីជម្រក ការបាត់បង់​ព្រៃ​លិច​ទឹក ការសាងសង់​ទំ​បន់​វារិ​អគ្គិសនី ទំនងជា​បញ្ហា​អវិជ្ជមាន ដែល​បន្ត​ប៉ះពាល់​ដល់​ជីវិត​មច្ឆា​ប្រភេទ​នេះ និង​ប្រភេទ​ផ្សេងទៀត​នាពេល​បច្ចុប្បន្ន​។​

© រក្សាសិទ្ធិដោយ thmeythmey.com