អន្តរជាតិ
ឥណ្ឌូណេស៊ី កាត់ទោសប្រហារជីវិតជនជាតិបារាំងម្នាក់ដែលរត់ពន្ធគ្រឿងញៀន ៣ គីឡូក្រាម
× តុលាការឥណ្ឌូណេស៊ី បានសម្រេចផ្តន្ទាទោសប្រហារជីវិតបុរសជនជាតិបារាំងម្នាក់ពីបទនាំចូលគ្រឿងញៀនជាមួយនឹងបរិមាណច្រើនដោយខុសច្បាប់នៅក្នុងប្រទេស។ តុលាការបានយល់ឃើញថា គ្រឿងញៀន បានជះឥទ្ធិពលអាក្រក់បំផុតដល់សង្គម ជាពិសេសនោះក្មេងជំនាន់ក្រោយតែម្តង។
ប្រធានអង្គជំនុំជម្រះតុលាការឥណ្ឌូណេស៊ី Isnurul Syamsul Arif នៅថ្ងៃ២០ ឧសភា បានឲ្យដឹងថា តុលាការបានពិនិត្យលើផ្នែកច្បាប់ពាក់ព័ន្ធនឹងករណីនាំចូលថ្នាំញៀន របស់បុរសជនជាតិបារាំងម្នាក់ ឈ្មោះ Felix Dorfin និងបានសម្រេចកាត់ទោសប្រហារជីវិត ស្របតាមអង្គហេតុ និងកំហុសដែលបានប្រព្រឹត្ត។ នេះបើយោងតាមភ្នាក់ងារព័ត៌មាន AFP ។
លោក បានគូសបញ្ជាក់ថា ករណីបុរសជនជាតិបារាំងរូបនេះ គឺជាបទល្មើសជួញដូរគ្រឿងញៀនបែបអន្តរជាតិ ហើយបរិមាណថ្នាំញៀនដែលលោក នាំចូលឥណ្ឌូណេស៊ី មានចំនួនលើសលប់។ លោក សង្កត់ធ្ងន់ថា សកម្មភាពរបស់ជនជាប់ចោទរូបនេះ អាចបំផ្លាញអនាគតអ្នកជំនាន់ក្រោយរបស់ឥណ្ឌូណេស៊ី យ៉ាងធ្ងន់ធ្ងរ។
តាមប្រភពព័ត៌មានដដែលនោះ ជនជាប់ចោទរូបនេះ បានបង្ហាញឥរិយាបថភ្ញាក់ផ្អើលខ្លាំង ក្រោយពីតុលាការ បានសម្រេចផ្តន្ទាទោសធ្ងន់ធ្ងរបំផុតដល់រូបគេ។ នោះក៏ព្រោះតែតាមសំណើរបស់រដ្ឋអាជ្ញា បានចោទប្រកាន់ និងស្នើឲ្យដាក់ទោសពន្ធនាគារលើរូបគេត្រឹមតែ២០ឆ្នាំប៉ុណ្ណោះ។
សំណុំរឿងជួញដូរគ្រឿងរបស់ជនជាតិបារាំងរូបនេះ បានបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង និងក្លាយជាសាច់រឿងទំព័រមុខរបស់ឥណ្ឌូណេស៊ីកាលពីដើមឆ្នាំកន្លងទៅ។ ការណ៍ដែលសំណុំរឿងគ្រឿងញៀននេះមានការចាប់អារម្មណ៍ ដោយសារតែលោក ត្រូវបានប៉ូលិសស្រីឥណ្ឌូណេស៊ីម្នាក់ជួយសម្រួលឲ្យរួចផុតពីពន្ធនាគារជិតពីរសប្តាហ៍មុនពេលចាប់ខ្លួនបានមកវិញ។
តាមពិតទៅ នេះមិនមានជាករណីដំបូងនោះទេ ដែលតុលាការឥណ្ឌូណេស៊ីកាត់ទោសប្រហារជីវិតអ្នកជួញដូរគ្រឿងញៀននោះ។ ឥណ្ឌូណេស៊ី ដែលរដ្ឋមួយក្នុងតំបន់មានច្បាប់តឹងរ៉ឹងបំផុតលើបញ្ហាគ្រឿងញៀន ធ្លាប់ទាំងកាត់ទោសប្រហារជីវិតតាមរយៈការបាញ់សម្លាប់ក៏មាន៕
Tag:
ឥណ្ឌូណេស៊ី
គ្រឿងញៀន
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com