ONE Championship
កីឡាជាតិ
ជាតិ
ឡុង សុ​ភី ចង់​ឡើង​សង្វៀន ONE ម្តងទៀត បន្ទាប់ពី​បង្ហាញខ្លួន​លើកដំបូង​ឆ្នាំ​២០១៣
23, May 2019 , 7:19 pm        
រូបភាព
ដោយ​៖ ស៊ី​ធី​

​ឡុង សុ​ភី ដែល​គេ​ស្គាល់​ច្បាស់​តាមរយៈ​ក្បាច់​ជង្គង់ និង​ក្បាច់​កែង​ដ៏​មាន​ប្រសិទ្ធភាព​នោះ​ជា​កីឡាករ​ដំបូង​គេ​តំណាង​កម្ពុជា​ឡើង​ប្រកួត​នៅ​សង្វៀន ONE: CHAMPIONS AND WORRORS  កាល​ខែ កញ្ញា ឆ្នាំ ២០១៣ នៅ​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​។


 
​កីឡាករ​គុន​ខ្មែរ​ដែល​ធ្លាប់​ប្រកួត​នៅ Thai Fight បាន​ម្ដង​រូបនេះ​បាន​ថ្លែងថា ៖«​ខ្ញុំ​បាន​មើល​ការរៀបចំ​របស់ ONE អស្ចារ្យ​ណាស់ និង​ការស្វាគមន៍​មុន​ឡើង​រេញ​ដ៏​រំភើប ហើយ​កាលនោះ​មានតែ​ខ្ញុំ​ទេ​ដែល​ប្រកួត​ដំបូង​គេ​ក្នុងនាម​កីឡាករ​កម្ពុជា​។ ប៉ុន្តែ​គ្រានោះ​ខ្ញុំ​អត់​មាន​ទំនុកចិត្ត​ក្នុង​ការប្រើ​ក្បាច់​ដែល​យើង​ធ្លាប់​វៃ​គុន​ខ្មែរ​ទល់នឹង​កីឡាករ​ឥណ្ឌូណេស៊ី Max Metino សោះ​។ ខ្ញុំ​ប្រើ​ជំហរ MMA ដែល​គេ​ចាប់​ខ្ញុំ​ឃ្លេ​បាន​ហើយ​អាជ្ញាកណ្ដាល​រាប់​បញ្ឈប់​ខ្ញុំ​តែម្ដង ទាំង​ខ្ញុំ​មិនទាន់បាន​គោះ​ដៃ​ចុះចាញ់​សោះ​។ ពេលនោះ​ខ្ញុំ​ក៏ អត់​សូវ​យល់​ដែរ​នៅ​គាត់​បញ្ឈប់​ត្រឹម​ទឹក​ទី​២»​។​
​បើ​រំលឹក​ពេលនោះ នៅ​ទឹក​ទី​១ ឡុង សុ​ភី​ត្រូវបាន​កីឡាករ​គុន​ចម្រុះ​ឥណ្ឌូណេស៊ី Max Metino ប្រើ​បុក​ចូល​ឱប​ដោយសារ​រូបគេ​ពូកែ​ខាង​គុន​ចម្រុះ​។ Max Metino បាន​ព្យាម​ចូល​កៀក និង បោក ចាប់​ឃ្លេ ចំនួន ២ ដង ប៉ុន្តែ សុ​ភី រើរួច​ឃ្លេ និង ប្រឹង​វ៉ៃ​ពីលើ​វិញ ហើយ ត្រូវ​ជាប់​ឃ្លេ​ម្ដងទៀត​រហូតដល់​ចប់​ទឹក​ទី​១​។ ចូលដល់​ទឹក​ទី​២ សុ​ភី ព្យាយាម​កុំ​ឲ្យ Max ចូល​កៀក តែ​មិនអាច​ទប់​បាន​រហូតដល់​កីឡាករ​ម្ចាស់ផ្ទះ​ចូលចាប់​ឃ្លេ​បាន​ដដែល​។ Max ចូល​កៀក និង នៅ​ពីលើ​ដោយ​ប្រើ​កំភួនដៃ​អុក សុ​ភី រហូត ខណៈដែល​ដៃ និង ជើង​ម្ខាង​គាប​ឃ្លេ​ទាល់តែ​អាជ្ញាកណ្ដាល​បញ្ចប់​ការប្រកួត​ត្រឹម​ចុង​ទឹក​ទី​២​តែម្ដង​។ 


 
​យ៉ាងណាក្ដី ប្អូនប្រុស​បង្កើត​របស់​គ្រូបង្វឹក ឡុង សាល​វ័​ន្ត រូបនេះ​បង្ហើប​អំពី​ការតាំង​ចិត្ត​ថា ៖« បើ​មានឱកាស ខ្ញុំ​ចង់ទៅ​ប្រកួត​នៅ​សង្វៀន ONE ជាថ្មី​ម្ដងទៀត ព្រោះ​ឥឡូវនេះ​គេ​មាន​គូប្រកួត Kickboxing ដែល​ត្រូវ​ជំនាញ​របស់ខ្ញុំ​។ ពេល​ខ្ញុំ​ប្រកួត​លើក​មុន ខ្ញុំ​ទៅ​វ៉ៃ​ក្នុង​ការប្រកួត​គុន​ចម្រុះ ហើយ ខ្ញុំ​ហាត់​ក្បាច់​ឃ្លេ គាប និង ចាប់ បាន​រយៈពេល​ខ្លី​ត្រឹម ២ សប្ដាហ៍​ប៉ុណ្ណោះ​។ ការប្រកួត Kickboxing គឺ​ល្អ​ជាង​គុន​ចម្រុះ ព្រោះ​ជា​ក្បាច់​បាត​យើង​ហាត់​តាំងពីដើម​មក​។ ត្បិត​ខ្ញុំ​ពូកែ​ខាង​ប្រើ​កែង តែ Kickboxing គេ​បិទ​កែង​។ វា​មិនជា​បញ្ហា​ទេ ខ្ញុំ​គោរព​តាម​កម្មវិធី​ប្រកួត និង គោរព​គោលការណ៍​របស់គេ​»​។ 
 
​គួរ​រំលឹក ឡុង សុ​ភី បច្ចុប្បន្ននេះ​មាន​អាយុ ៣១ ឆ្នាំ​ហើយ​។ គេ​មាន​ស្រុកកំណើត​នៅ​ភូមិ ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ក្នុង​រយៈពេល ១៥ ឆ្នាំ​មកនេះ ឡុង សុ​ភី ឡើង​ប្រកួត​យ៉ាងតិច​ពី​ចន្លោះ​ពី ៥០០ ទៅ ៦០០ ដង បើ​គិត​ទាំង​ការប្រកួត​តាម​តំបន់​ក្នុង​កម្មវិធី​ផ្សេងៗ និង តាម​ខេត្ត​រួមទាំង​ការឡើង​សង្វៀន​តាម​ទូរទស្សន៍​។ ក្នុង​អាជីព​ជា​អ្នក​ប្រដាល់ កីឡាករ​មកពី​ខេត្តបាត់ដំបង​ដដែល​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ស្រា​សាច់ដុំ​, Gold Region, ឈ្នះ​ប្រាក់រង្វាន់​ពី​ធនាគារ​, K-Cement  និង ឈ្នះ​មេដាយមាស​ជាច្រើន​ក្នុងការ​ប្រកួត​ថ្នាក់ជាតិ​៕ 
 

Tag:
 MMA
  ឡុង សុ​ភី
© រក្សាសិទ្ធិដោយ thmeythmey.com