អន្តរជាតិ
កាណាដា​សុខចិត្ត​ដឹក​សំរាម​ទៅវិញ ក្រោយ​ការ​គំរាម​របស់លោក ឌូ​ទើ​តេ
23, May 2019 , 7:39 pm        
រូបភាព
​ទីបំផុត កាណាដា បានសម្រេច​ចិត្ត​ប្រមូល​មកវិញ​សំរាម​របស់ខ្លួន​ដែល​ត្រូវបាន​ដឹក​ទៅ​ចោល​លើ​ទឹកដី​ហ្វីលីពីន​កាលពី​ឆ្នាំ​២០១៣ ។ រដ្ឋមន្ត្រី​បរិស្ថាន​កាណាដា និយាយថា រដ្ឋាភិបាល​ទីក្រុង​អូ​តា​វ៉ា នឹង​ចំណាយលុយ​ដើម្បី​ចាត់ចែង​ការដឹកជញ្ជូន​សំរាម​ចំនួន​៦៩​កុងតឺណ័រ​មកវិញ ទោះ​វា​ជា​រឿង​របស់​ក្រុមហ៊ុន​ឯកជន​ក៏ដោយ​។ ដោយសារ​រឿង​សំរាម​នេះ ទំនាក់ទំនង​រវាង​ហ្វីលីពីន និង​កាណាដា បាន​ធ្លាក់ចុះ​ដល់​កម្រិត​មួយ​គួរ​ឲ្យ​បារម្ភ​។​

 
​បញ្ហា​សំរាម​ដែលជា​រឿង​ប្រទាំង​ប្រទើស​ក្នុង​ទំនាក់ទំនង​រវាង​ហ្វីលីពីន និង​កាណាដា ទំនងជា​បញ្ចប់​នៅត្រឹម​អាណត្តិ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នេះហើយ ដោយ​កាណាដា​សម្រេចចិត្ត​ទទួលយក​សំរាម​ទៅវិញ​ទាំងអស់​។ បញ្ហា​សំរាម​ដែល​បន្សល់ទុក​តាំងពី​រដ្ឋាភិបាល​មុន​មក ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគ​ធ្លាក់ចុះ​យ៉ាងខ្លាំង ព្រោះ​ទីក្រុង​ម៉ានីល​ចង់​ឲ្យ​ទីក្រុង​អូ​តា​វ៉ា​យក​សំរាម​ទៅវិញ តែ​អូ​តា​វ៉ា​នៅ​អេះ​អុញ​រហូតមក​។​
 
​រដ្ឋមន្ត្រី​បរិស្ថាន​កាណាដា Catherine McKenna ប្រកាស​នៅ​ថ្ងៃទី​២២ ខែឧសភា ថា រដ្ឋាភិបាល​កាណាដា បានប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ Bolloré Logistics Canada ដើម្បី​ទទួលខុសត្រូវ​លើ​ការប្រមូល​សំរាម​ចំនួន​៦៩​កុងតឺណ័រ​ពី​ហ្វីលីពីន​មកវិញ​នៅត្រឹម​ដំណាច់ខែ​មិថុនា​ខាងមុខ​។ លោកស្រី​បន្តថា សំរាម​នឹងត្រូវ​បំផ្លាញ​តាម​ស្តង់ដា​របស់​កាណាដា​នៅ​រដូវក្ដៅ​ខាងមុខ ឯ​ការចំណាយ​ទាំងអស់​ជា​បន្ទុក​រដ្ឋាភិបាល​។ គេ​រំពឹងថា ថ្លៃ​ចំណាយ​មាន​ចំនួន​១,១៤​លាន​ដុល្លារ​។​
 
​ការប្រកាស​របស់​រដ្ឋ​មន្ត្រី​កាណាដា ធ្វើឡើង​បន្ទាប់ពី​លោក ឌូ​ទើ​តេ បាន​គំរាម​ទីក្រុង​អូ​តា​វ៉ា​ជាថ្មីទៀត​លើ​រឿង​សំរាម​នេះ​។ លោក​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​លោក​ជួល​ក្រុមហ៊ុន​ឯកជន​ដើម្បី​ដឹកជញ្ជូន​សំរាម​ទៅ​ទម្លាក់ចោល​ក្នុង​ដែនទឹក​កាណាដា​វិញ បើ​កាណាដា​មិន​ប្រមូល​ដោយ​ខ្លួនឯង​។ មន្ត្រី​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​ថែមទាំង​និយាយថា រដ្ឋាភិបាល​លោក ឌូ​ទើ​តេ នឹង​ចេញថ្លៃ​ដឹក​សំរាម​នេះ​ទៀតផង​។​
 
​បញ្ហា​សំរាម កើតឡើង​តាំងពី​ឆ្នាំ​២០១៣ មកម្ល៉េះ ដោយ​សំរាម​ចំនួន​១០៣​កុងតឺណ័រ ត្រូវបាន​ដឹក​ដោយ​ក្រុមហ៊ុន​កាណាដា​មួយ​ទៅកាន់​ទឹកដី​ហ្វីលីពីន ដោយ​អះអាងថា ជា​សំរាម​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​បាន​។ សំរាម​ចំនួន​៣៤ កុងតឺណ័រ ត្រូវបាន​រដ្ឋាភិបាល​ហ្វីលីពីន​កម្ទេចចោល ទោះជា​មានការ​ប្រឆាំង​យ៉ាងណាក្ដី​។ ចំណែក​សំរាម​សេសសល់ ក៏​បន្ត​រក្សាទុក​ដល់​សព្វថ្ងៃ​រហូត​ក្លាយជា​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​តែម្ដង​។​
 
 
​តាមពិតទៅ ទីក្រុង​អូ​តា​វ៉ា ហាក់​ស្ទាក់ស្ទើរ​ក្នុងការ​ប្រមូល​សំរាម​ទៅវិញ ទោះ​ហ្វីលីពីន​ទាមទារ​ជាច្រើន​ជា​លើក​ក្ដី ព្រោះ​សំរាម​ទាំងនោះ ស្ថិតក្រោម​កិច្ចព្រមព្រៀង​រវាង​វិស័យ​ឯកជន​ប៉ុណ្ណោះ​។ រដ្ឋបាល​លោក ឌូ​ទើ​តេ ហាក់​លេង​ខ្លាំង​ដៃ​បន្តិច​ជុំវិញ​បញ្ហា​នេះ​។ ដោយសារ​កាណាដា​មិន​យក​ស្ដាប់​ការព្រមាន​ជាច្រើន​ដងនោះ ទីក្រុង​ម៉ានីល​ក៏​សម្រេចចិត្ត​កោះហៅ​អគ្គរដ្ឋទូត និង​មន្ត្រី​កុងស៊ុល​នៅ​កាណាដា​ចូល​ស្រុក​វិញ​ទៀតផង​។ ចុងក្រោយ​ទើប​កាណាដា​សុខចិត្ត​ធ្វើតាម​ការទាមទារ​៕  
 

Tag:
 កាណាដា​
  ហ្វីលីពីន​
  ឌូ​ទើ​តេ​
  សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com