អន្តរជាតិ
វៀតណាម ស្នើ​ប្រេ​ស៊ី​លបើក​ទីផ្សារ​កសិកម្ម​សម្រាប់​ខ្លួន និង​សន្យា​ធ្វើជា​ស្ពាន​ភ្ជាប់​ក្រុម​សេដ្ឋកិច្ច​អាស៊ាន​-​អាមេរិក​ខាងត្បូង​
23, May 2019 , 8:39 pm        
រូបភាព
នាយករដ្ឋមន្ត្រីវៀតណាម និងរដ្ឋមន្ត្រីកសិកម្មប្រេស៊ីល (រូបភាព៖ VNA)
នាយករដ្ឋមន្ត្រីវៀតណាម និងរដ្ឋមន្ត្រីកសិកម្មប្រេស៊ីល (រូបភាព៖ VNA)
ដោយ:
​រដ្ឋាភិបាល​វៀតណាម បានបង្ហាញ​ជំហរ​មុតមាំ​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម វិនិយោគ  និង​កសិកម្ម​ជាមួយនឹង​រដ្ឋាភិបាល​ប្រេ​ស៊ី​ល​។ វៀតណាម ក៏បាន​ស្នើ​ត្រង់ៗ​ទៅកាន់​ប្រេ​ស៊ី​ល​ដើម្បី​បើកចំហរ​ទីផ្សារ​របស់ខ្លួន​ដើម្បី​វៀតណាម​អាចមាន​លទ្ធភាព​នាំចូល​ផលិតផល​កសិកម្ម​ទៅ​ទីនោះ​កាន់តែ​ទូលាយ​ផងដែរ​។​

 
​នា​ជំនួប​ក្នុង​រដ្ឋធានី​ហាណូយ​ជាមួយនឹង​រដ្ឋមន្ត្រី​កសិកម្ម​ប្រេ​ស៊ី​ល លោកស្រី Terresa Cristina Correa លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc បានធ្វើ​សំណើ​ត្រង់ៗ​ទៅកាន់​ប្រេ​ស៊ី​ល​ដើម្បី​ជួយ​សម្របសម្រួល​ដល់​ការនាំ​ចូល​ផលិតផល​កសិកម្ម និង​ផលិតផល​សមុទ្រ​វៀតណាម​ទៅក្នុង​ទីផ្សារ​របស់​ប្រេ​ស៊ី​ល​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Vietnam News នៅ​ថ្ងៃ​១៨ ឧសភា​។​
 
​លោកនាយក​រដ្ឋមន្ត្រី តាមរយៈ​ជំនួប​ដដែល​នោះ បាន​ថ្លែង​ពី​ការពេញចិត្ត​ចំពោះ​ការអភិវឌ្ឍ​ទំនាក់ទំនង​រយៈពេល​បី​ទសវត្សរ៍​មកនេះ​រវាង​វៀតណាម និង​ប្រេ​ស៊ី​ល និង​ថែម​ចង់ឃើញ​ភាគី​ទាំងពីរ​បង្កើន​គម្រោង និង​កម្មវិធី​ជាក់លាក់​នឹង​គ្នា​សម្រាប់​កិច្ចសហប្រតិបត្តិការ ជាពិសេស​នោះ​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​កសាង​ភាពជា​ដៃគូ​លើ​វិស័យ​សក្តានុពល​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោកស្រី​រដ្ឋមន្ត្រី ក៏បាន​អះអាង​ដូចគ្នា​ផងដែរ​ថា ប្រេ​ស៊ី​ល ពិតជា​ផ្តល់​តម្លៃ​ខ្ពស់​លើ​ទំនាក់ទំនង​ជាមួយនឹង​វៀតណាម​។ លោកស្រី ក៏​រំពឹង​ផងដែរ​ថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​វៀតណាម​-​ប្រេ​ស៊ី​ល ពិសេស​នោះ​លើ​វិស័យ​កសិកម្ម​នឹង​កើនឡើង​ថែមទៀត ខណៈ​តំណាង​ក្រុមហ៊ុន​ប្រេ​ស៊ី​ល​ជាង​២០ ដែល​អមដំណើរ​ជាមួយ​លោកស្រី ក៏បាន​បង្ហាញ​ពី​ការចាប់អារម្មណ៍​ផង​នោះ​។​
 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ នៅ​ចំពោះមុខ​ប្រតិភូ​ជាន់ខ្ពស់​របស់​ប្រេ​ស៊ី​ល ប្រមុខ​ដឹកនាំ​វៀតណាម បាន​សន្យា​ធ្វើជា​ស្ពាន​ត​ភ្ជាប់​អាស៊ាន និង​ក្រុម​សេដ្ឋកិច្ច​អាមេរិក​ខាងត្បូង Mercosur ក៏ដូចជា​ស្នើ​ឲ្យ​ប្រេ​ស៊ី​ល​សិក្សា​លើ​លទ្ធភាព​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម វៀតណាម និង​ក្រុម​សេដ្ឋកិច្ច Mercosur នេះដែរ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា Mercosur គឺជា​ក្រុម​ប្រទេស​សេដ្ឋកិច្ច រួមមាន អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល ប៉ា​រ៉ា​ហ្កា​យ អ៊ុយ​រូ​ហ្កា​យ និង​វេ​ណេ​ស៊ុយ​អេ​ឡា​។ ប្រេ​ស៊ី​ល គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​វៀតណាម​ប្រចាំ​តំបន់​អាមេរិក​ឡាទីន និង​ជា​ដៃគូ​ធំ​បំផុត​លំដាប់​ទី​ពីរ​ប្រចាំ​តំបន់​អាមេរិក បន្ទាប់ពី​សហរដ្ឋអាមេរិក​៕ 
 

Tag:
 វៀតណាម​
  ប្រេ​ស៊ី​ល
© រក្សាសិទ្ធិដោយ thmeythmey.com