កីឡាជាតិ
ជាតិ
សមត្ថភាព ច្រឹង ពលរដ្ឋ វិលមករកភាពប្រសើរឡើងវិញប្រមាណ៩០ភាគរយហើយ
× ក្រោយជាសះស្បើយពីរបួស១០០ភាគរយ និងហ្វឹកហាត់ក្នុងក្រុមមួយរយៈកន្លងមក សមត្ថភាពកីឡាករ ច្រឹង ពលរដ្ឋ បានវិលត្រឡប់មកភាពដើមវិញបានប្រមាណ៩០ភាគរយហើយ។ ទម្រង់លេងរបស់គេ នឹងវិលមករកភាពដើម១០០ភាគរយក្នុងពេលឆាប់ៗខាងមុខនេះ។ មកទល់ពេលនេះ ពលរដ្ឋ បានបង្ហាញខ្លួនពីរលើកហើយ នាការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។
លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រសួងការពារជាតិអះអាងថា ស្ថានភាពរបួសសរសៃជើងខាងស្តាំរបស់កីឡាករ ច្រឹង ពលរដ្ឋ បានជាសះស្បើយ១០០ភាគរយ ហើយទម្រង់លេងក៏ដូចជាសមត្ថភាពគេបានវិលមករកភាពដើមប្រមាណ៩០ភាគរយ បន្ទាប់ពីរូបគេចូលរួមហ្វឹកហាត់ជាមួយក្រុមក្រសួងការពារជាតិមួយរយៈកន្លងមកនេះ។ គ្រូបង្វឹករូបនេះវាយតម្លៃថា សមត្ថភាព ពលរដ្ឋ នឹងវិលត្រឡប់ដូចដើម១០០ភាគរយវិញក្នុងពេលឆាប់ខាងមុខនេះ។
«សមត្ថភាព ពលរដ្ឋ កំពុងវិវត្តទៅរកភាពល្អប្រសើរ តែមិនទាន់ដូចដើម១០០ភាគរយនោះទេ ដោយសាររបួសជង្គង់ខុសពីរបួសកជើង និងកន្លែងផ្សេងៗ។ ប៉ុន្តែបើនិយាយពីរបួសគាត់ជាសះស្បើយ១០០ភាគរយហើយ ខណៈទម្រង់លេងនិងសមត្ថភាពរបស់គាត់ខ្ញុំវាយតម្លៃថា បានប្រហែល៩០ភាគរយហើយ។ ខ្ញុំគិតថា សមត្ថភាពគាត់ នឹងដូចដើម១០០ភាគរយត្រឹម៣ប្រកួតបន្ទាប់»។ នេះជាការបញ្ជាក់របស់លោក ភា សុភ័ក្ត្រា។
ទោះបីសមត្ថភាព ពលរដ្ឋ មិនទាន់អាចវិលត្រឡប់ដូចដើមក៏ដោយ តែក្រោយដាក់ឲ្យលេងបានពីរប្រកួតកន្លងមកគ្រូបង្វឹករូបនេះសង្កេតឃើញថា ទម្រង់លេងរបស់គេមានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើធៀបនឹងទម្រង់លេងកន្លងមក។ រីកចម្រើនត្រង់រូបគេ លែងជាកីឡាករលេងយករួចខ្លួន តាមរយៈការបញ្ជូនបាល់ត្រឡប់ថយក្រោយពេលមានឧបសគ្គនៅខាងមុខ មកជាកីឡាករលេងជម្នះឧបសគ្គ និងបញ្ជូនបាល់ទៅមុខ ដើម្បីបង្កើតឱកាសក្នុងការរកគ្រាប់បាល់។ លោក សុភ័ក្ត្រា ជឿជាក់ថា ពលរដ្ឋ នឹងក្លាយជាកីឡាករដ៏គ្រោះថ្នាក់មួយរូប បើគេរក្សាទម្រង់លេងបែបនេះ។
កីឡាករ ច្រឹង ពលរដ្ឋ ត្រូវបានលោក ភា សុភ័ក្ត្រា ផ្តល់ឱកាសឲ្យបង្ហាញខ្លួនលើទីលានប្រកួតជាមួយក្រសួងការពារជាតិចំនួនពីរលើក គឺក្នុងជំនួបស្មើ ១-១ ជាមួយសូលទីឡូអង្គរ និងបរាជ័យ ៤-១ ជាមួយគីរីវង់សុខសែនជ័យ។ មុនត្រឡប់មកចូលរួមជាមួយក្រសួងការពារជាតិ ខ្សែបម្រើរូបនេះបានចុះកិច្ចសន្យាលេងឲ្យក្លិបក្របខណ្ឌកំពូលថៃ Buriram United កាលពីអំឡុងខែសីហា ឆ្នាំ២០១៩។ ប៉ុន្តែដោយសារស្ថានភាពរបួសជើងខាងស្តាំមិនទាន់ជាសះស្បើយ១០០ភាគរយ ធ្វើឲ្យរូបគេខកខានក្នុងការចូលរួមជាមួយ Buriram នៅរដូវកាលនេះតែម្តង។
Tag:
Cambodia League 2019
ច្រឹង ពលរដ្ឋ
ភា សុភ័ក្ត្រា
ទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com