អន្តរជាតិ
ក្រុមហ៊ុន​អង់គ្លេស និង​ជប៉ុន ដើរ​តាម Google ផ្តើម​ងាក​ចេញពី Huawei
23, May 2019 , 4:16 pm        
រូបភាព
ប្រភពរូប៖  AP
ប្រភពរូប៖ AP
ដោយ:
​នា​ដើម​សប្តាហ៍​នេះ ក្រោយពី​អាមេរិក បានដាក់​បញ្ចូល​ក្រុមហ៊ុន Huawei ក្នុង​បញ្ជីខ្មៅ ក្រុមហ៊ុន Google បានប្រកាស​លែង​ធ្វើ​អាជីវកម្ម​ជាមួយ Huawei ដោយ​ឈប់​ផ្តល់​សេវាកម្ម​សំខាន់ៗ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android ។ ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក​នេះ បង្ក​ជា​ព្យុះភ្លៀង​យ៉ាងខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម​ទូរ​សព្ទ​នៅ​ជុំវិញ​សកលលោក​។  ប៉ុន្មាន​ថ្ងៃក្រោយ​មកទៀត ក្រុមហ៊ុន​បណ្តាញ​ទូរ​សព្ទ​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​អាស៊ី ក៏​ចាប់ផ្តើម​ធ្វើតាម Google ដោយ​ផ្អាក​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន Huawei ផងដែរ​។

 
​ក្នុង​ចក្រភព​អង់គ្លេស ក្រុមហ៊ុន​បណ្តាញ​ទូរ​សព្ទ​ធំ​បំផុត​ចំនួន​២ ដូចជា EE  និង Vodafone បានប្រកាស​នៅ​ថ្ងៃ​ពុធ​ទី ២២ ឧសភា ថា ក្រុមហ៊ុន​ខ្លួន នឹង​ផ្អាក​ការផ្គត់ផ្គង់​ទូរ​សព្ទ Huawei ដែលមាន​បច្ចេកវិទ្យា 5G ទៅ​ឲ្យ​អតិថិជន​ខ្លួន​។
 
​ប្រាប់​ទូរទស្សន៍ CNN អ្នកនាំពាក្យ​ឲ្យ​ក្រុមហ៊ុន Vodafone បញ្ជាក់​ឲ្យ​ដឹងថា ក្រុមហ៊ុន​ខ្លួន បានសម្រេច​ផ្អាក​ការបញ្ជាទិញ​ទុក​មុន​សម្រាប់​ទូរ​សព្ទ​ឆ្លាត​វៃ Huawei Mate 20X ដែលមាន​បច្ចេកវិទ្យា 5G  ក្នុង​ចក្រភព​អង់គ្លេស​។ ទាក់ទិន​នឹង​មូលហេតុ​នៃ​ការផ្អាក​នេះ ក្រុមហ៊ុន​នេះ​លើកឡើងថា នេះ គឺ​គ្រាន់តែ​ជា​ចំណាត់ការ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ខណៈ​អនាគត​ទូរ​សព្ទ Huawei ជំនាន់​ថ្មីៗ មាន​ភាពស្រពេចស្រពិល ក្រោយ Google ដកហូត​អាជ្ញា​បណ្ណ​ប្រព័ន្ធ​ប្រតិបត្តិការ Android លើ​ទូរ​សព្ទ​នេះ​។​
 
​ទន្ទឹមនឹង​គ្នា​នេះ ក្រុមហ៊ុន​បណ្តាញ​ទូរ​សព្ទ​ធំ​បំផុត​ប្រចាំ​ចក្រភព​អង់គ្លេស​មួយទៀត​ឈ្មោះថា EE ក៏បាន​ប្រកាស​ពន្យារ​កា​រ​ណែនាំ​ទូរ​សព្ទ​ប្រភេទ​ថ្មី​របស់ Huawei ផងដែរ ដោយ​អះអាងថា ខ្លួន​នឹងមិន​ដាក់លក់​ជា​ផ្លូវការ​ឡើយ ពោលគឺ​រហូតដល់​ស្ថានការណ៍​ល្អ​ឡើងវិញ​។ ការពន្យារ​នេះដែរ ធ្វើឡើង​ក្រោយពី ក្រុមហ៊ុន​នេះ កាលពី​ថ្ងៃទី​១៦ ខែឧសភា​កន្លងទៅ បានប្រកាស​ពី​គម្រោង​លក់ ទូរ​សព្ទ Huawei Mate 20X ដែលជា​ទូរ​សព្ទ​មាន​បណ្តាញ​បច្ចេកវិទ្យា 5G  នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់​ក្រុមហ៊ុន​ខ្លួន​។​
 
​ក្រឡេក​មក​មើល​នៅ​តំបន់​អាស៊ី​វិញ ក្រុមហ៊ុន​បណ្តាញ​ទូរ​សព្ទ​ធំៗ​ចំនួន​៣ ដូចជា KDDI,  Softbank និង NTT DoCoMo បានប្រកាសថា ក្រុមហ៊ុន​ខ្លួន នឹង​ពន្យារ​ពី​គម្រោង​ដាក់លក់​ទូរ​សព្ទ  Huawei P30 Lite និង ទូរ​សព្ទ Huawei P30 Pro ដោយ​អះអាងថា ពួកគេ កំពុង​តាមដាន​ពី​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​របស់​អាមេរិក​។ ឲ្យ​ពិត​ទៅ ទូរ​សព្ទ​របស់ Huawei ទាំងពីរ​នេះ ត្រូវបាន​ក្រុមហ៊ុន​ត្រៀម​ដាក់លក់​ជា​ផ្លូវការ នា​ខែមិថុនា​ខាងមុខ ក្នុងប្រទេស​ជប៉ុន​។​
 
​ការប្រកាស​ទាំងនេះ គឺជា​ការឆ្លើយតប​ដំបូងបង្អស់​របស់​ក្រុមហ៊ុន​បណ្តាញ​ទូរ​សព្ទ​ក្នុង​តំបន់​អឺរ៉ុប ទៅនឹង​ការបាត់បង់​អាជ្ញា​បណ្ណ Android របស់ Huawei ព្រោះថា ទូរ​សព្ទ​របស់​ក្រុមហ៊ុន​ចិន​នេះ លក់ដាច់​ខ្លាំង​ក្នុង​តំបន់​នេះ​។  គិត​ត្រឹម​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០១៩ Huawei បាន​នាំចេញ​ទូរ​សព្ទ​ខ្លួន​ច្រើនជាង ៥៩​លាន​គ្រឿង ដែល​ជិត​ពាក់កណ្តាល​នៃ​ទូរ​សព្ទ​ទាំងនោះ ឆ្ពោះទៅកាន់​ទីផ្សារ​អឺរ៉ុប​។ នេះ​មានន័យថា ទូរ​សព្ទ​របស់​ក្រុមហ៊ុន​នេះ គ្របដណ្តប់​ស្ទើរតែ​១​ភាគ​៤ នៃ​ទីផ្សារ​ទូរ​សព្ទ​ទំនើប​ទាំងមូល​ក្នុង​តំបន់​អឹ​រ៉ុ​ប​។ 
 
អត្ថបទទាក់ទង
 
 
​ដោយ​គ្មាន​អាជ្ញា​បណ្ណ Android ពេញលេញ​របស់ Google ទូរ​សព្ទ​ទំនើប Huawei នឹង​បាត់បង់​សិទ្ធិ​ចូលទៅ​កាន់ Google Play Store , កម្មវិធី​សំខាន់ៗ ដូចជា Facebook Instagram, YouTube និង​Google Maps ជាដើម និង​សិទ្ធិ​ទទួលបាន​សេវាកម្ម​ដំឡើង​សុវត្ថិភាព​ទូរ​សព្ទ​ផងដែរ​។ ទោះបីជា Huawei ទទួល​អាជ្ញា​បណ្ណ​បណ្តោះអាសន្ន ដែល​អាច​បន្ត​ប្រើប្រាស់​សេវាកម្ម​សំខាន់ៗ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android លើ​ទូរ​សព្ទ​ខ្លួន​ដដែល រហូតដល់​ថ្ងៃទី​១៩ ខែសីហា​ក្តី ប៉ុន្តែ​អនាគត​របស់​ទូរ​សព្ទ​របស់​ក្រុមហ៊ុន​នេះ នៅតែ​មិនទាន់​ច្បាស់លាស់​៕

Tag:
 ចក្រភព​អង់គ្លេស​
  ជប៉ុន​
  Huawei
© រក្សាសិទ្ធិដោយ thmeythmey.com