អន្តរជាតិ
រ៉ែ​កម្រ កាំបិត​ដ៏​មុត​ស្រួច​ដែល​ចិន​មិនទាន់​ប្រើ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​
23, May 2019 , 9:19 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​នៅ​ដើម​សប្ដាហ៍​នេះ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ចុះ​ត្រួតពិនិត្យ​រោងចក្រ​ចម្រាញ់​ធនធាន​រ៉ែ​កម្រ​ដ៏​ធំ​មួយ​ក្នុង​ខេត្ត​ជាំ​ង​ស៊ី​។ ដំណើរ​ទស្សនកិច្ច​នេះ ទាក់ទាញ​ចំណាប់អារម្មណ៍​គេឯង​យ៉ាងខ្លាំង ព្រម​គ្នា​នឹង​ការព្រួយបារម្ភ​ផង​។ ព្រួយបារម្ភ​ត្រង់​ថា ធនធាន​រ៉ែ​កម្រ​នេះ គឺជា​កាំំ​បិត​ដ៏​មុត​ស្រួច​បំផុត​ដែល​ចិន​អាច​ប្រើ​ដើម្បី​វាយបក​អាមេរិក​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ​។ រ៉ែ​កម្រ​នេះ ជា​រូបធាតុ​ដើម​ចាំបាច់​បំផុត​សម្រាប់​វិស័យ​បច្ចេកវិទ្យា និង​វិស័យ​ការពារជាតិ​របស់​អាមេរិក​។​

 
​ស្របពេល​ជម្លោះ​ពាណិជ្ជកម្ម​នៅតែ​អូសបន្លាយ​ព្រោះ​មិនទាន់​សម្រេចបាន​កិច្ចព្រមព្រៀង​ណាមួយ​នោះ ទាំង​អាមេរិក និង​ចិន សុទ្ធតែ​បាន​បញ្ចេញ​អាវុធ​រៀងៗ​ខ្លួន​ដើម្បី​វាយប្រហារ​គូប្រជែង​។ មកទល់ពេលនេះ ការដំឡើង​ពន្ធ ជា​អាវុធ​ដែល​ភាគី​ប្រើ​ដើម្បី​ដោះស្រាយ​បញ្ហា ប៉ុន្តែ​គេ​មើលឃើញថា ចិន​ហាក់​រងរបួស​ខ្លាំង​ជាង​អាមេរិក​ព្រោះ​ទំហំ​នាំ​ចេញទៅ​អាមេរិក​របស់​ចិន ធំ​ជាង​ការនាំ​ចូល​របស់​អាមេរិក​ទៅកាន់​ទីផ្សារ​ចិន​។ 
 


ប្រធានាធិបតីចិន ស៊ី ជិនភីង ត្រួតពិនិត្យរោងចក្រ JL MAG Rare-Earth Co. Ltd ដែលជារោងចក្រចកែច្នៃរ៉ែកម្រដ៏ធំមួយ។ រូបភាព Xinhua
 
​ភាគី​ម្ខាងៗ​នៅមាន​អាវុធ​ច្រើន​ទៀត​ដែល​មិន​ប្រើ​នៅឡើយ​។ សម្រាប់​ចិន​វិញ មានកាំបិត​មុត​ស្រួច​មួយ​លាក់​ក្រោយខ្នង​ដែល​ត្រៀម​គ្រប់ពេល​។ នោះ គឺ​រ៉ែ​កម្រ​ដែល​អាមេរិក​ត្រូវការ​បំផុត​ពី​ចិន​។ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​២០ ខែឧសភា បានធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ជាំ​ង​ស៊ី ហើយក៏​ឆ្លៀត​ទៅពិនិត្យ​រោងចក្រ JL MAG Rare-Earth Co. Ltd. ដែល​ជំនាញ​ខាង​ចម្រាញ់​យក​រ៉ែ​កម្រ​ទៅ​ផលិត​ជា​ឧបករណ៍​ទំនើបៗ​។ ទស្សនកិច្ច​របស់លោក ស៊ី ជា​សញ្ញា​គំរាម​ដ៏​មាន​ប្រសិទ្ធភាព​ទៅកាន់​អាមេរិក​។  
 
​អ្វី​ជា​រ៉ែ​កម្រ​?
 
​រ៉ែ​កម្រ សំដៅ​ដល់​រ៉ែ​ចំនួន​១៧​ប្រភេទ​នៃ​តារាង​ខួប​គីមី​មាន cerium (Ce), dysprosium (Dy), erbium (Er), europium (Eu), gadolinium (Gd), holmium (Ho), lanthanum (La), lutetium (Lu), neodymium (Nd), praseodymium (Pr), promethium (Pm), samarium (Sm), scandium (Sc), terbium (Tb), thulium (Tm), ytterbium (Yb), and yttrium (Y) ។ រ៉ែ​ប្រភេទ​នេះ មិនកើត​ឡើងវិញ​ឡើយ​។ 
 
​គេ​ចាត់ទុកជា​រ៉ែ​កម្រ ទោះជា​វា​កើត​ក្នុង​ធម្មជាតិ​លាយឡំ​ជា​រ៉ែ​ផ្សេងទៀត​ក្ដី​។ នេះ​ក៏​ព្រោះ​ការ​ចម្រាញ់​យក និង​ការ​បំបែក​រ៉ែ​ទាំងនេះ​ពី​រ៉ែ​ផ្សេងទៀត​ដើម្បី​ប្រើ​ក្នុង​គោលដៅ​ពាណិជ្ជកម្ម ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ម្យ៉ាង សង្វាក់​ផលិតកម្ម ក៏ត្រូវ​គិតគូរ​ខ្លាំង​បរិស្ថាន និង​ស្តង់ដា​នៃ​ការ​ភាយ​ចេញ​ទៅកាន់​បរិយាកាស​ខាងក្រៅ ដ្បិត​អាច​បង្ក​គ្រោះថ្នាក់​។ ក្រុម​រ៉ែ​កម្រ​ទាំងនេះ​នេះ ត្រូវបាន​ប្រើ​ក្នុងការ​ផលិត​ទូរ​សព្ទ​ឆ្លាត​វៃ ទូរទស្សន៍ កាមេរ៉ា ហើយ​សូម្បី​មី​ស៊ី​ល​ប្រដេញ​អាមេរិក ក៏​ប្រើ​រ៉ែ​នេះដែរ​។   
 
​បច្ចុប្បន្ន ចិន​ជា​ប្រទេស​ច្នៃ​រ៉ែ​កម្រ​ច្រើនជាងគេ គឺ​៩៥​ភាគរយ​នៃ​ផលិតកម្ម​សរុប​ពិភពលោក ហើយ​អាមេរិក​វិញ​ពឹង​ផ្អែកលើ​ចិន​ដល់​ទៅ​៨០​ភាគរយ​នៃ​ការនាំ​ចូល​សរុប​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ផ្សាយ​ថា អំឡុង​ទស្សនកិច្ច​ខាងលើ លោក ស៊ី ចាត់ទុក​រ៉ែ​កម្រ​នេះ ជា​ធនធាន​យុទ្ធសាស្ត្រ​របស់​ចិន​។ ការលើកឡើង​បែបនេះ រឹតតែ​ធ្វើ​ឲ្យ​គេ​សង្ស័យថា ចិន​នឹងមិន​រអា​ក្នុងការ​ប្រើប្រាស់​ធនធាន​រ៉ែ​កម្រ​របស់ខ្លួន ដើម្បី​ជា​កាំបិត​វាយបក​អាមេរិក​វិញ​ឡើយ បើ​ខ្លួន​រង​ការ​គំរាម​កាន់តែខ្លាំង​នោះ​។​
 
​រ៉ែ​កម្រ កាំបិត​ដ៏​មុត​ស្រួច​ដែល​ចិន​មិនទាន់​ប្រើ​
 
​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន ការ​ធ្វើតាម​អាមេរិក​ដោយ​ការដំឡើង​ពន្ធ​នាំចូល មិនសូវមាន​ប្រសិទ្ធ​ភាពខ្លាំង​ឡើយ​។ ចិន​ក៏មាន​កាំបិត​ផ្សេងទៀត​ដែល​អាច​ប្រើ​ដូចជា ការសម្រួល​គោលនយោបាយ​សារពើពន្ធ និង​រូបិយវត្ថុ ការទម្លាក់​តម្លៃ​យ័ន ឬ​ការលក់​បណ្ណ​បំណុល​ជាដើម​។ ប៉ុន្តែ​រ៉ែ​កម្រ​ទាំង​១៧​មុខ គឺជា​កាំបិត​ដ៏​មុខស្រួច​មួយ​ដែល​អាច​ទីក្រុង​ប៉េកាំង​អាច​ប្រើ​ក្នុង​ការដាក់​សម្ពាធ​លើ​សេដ្ឋកិច្ច​អាមេរិក ហើយ​បន្ត​ការចរចា​គ្នា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ទៀត​។​
 
​លោក James Kennedy ប្រធាន​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ ThREE Consulting បាន​សរសេរ​ក្នុង​ទស្សនាវដ្ដី National Defense ថា​៖ «​ចិន​អាច​កាត់ផ្ដាច់​រាល់​ឧស្សាហកម្ម​យានយន្ត កុំព្យូទ័រ ទូរ​សព្ទ​ឆ្លាត​វៃ និង​យន្តហោះ​នៅក្រៅ​ប្រទេស​ចិន បើ​ចិន​ជ្រើសរើស​ការ​រឹតត្បិត​ការនាំចេញ​ធនធាន​រ៉ែ​ទាំងនេះ​មែន​នោះ​។​» 
 
​សព្វថ្ងៃ ក្នុង​បញ្ជី​ទំនិញ​ដែល​ត្រូវ​រង​ការដំឡើង​ពន្ធ អាមេរិក​មិនទាន់​បញ្ចូល​ធនធាន​រ៉ែ​កម្រ​ទាំងនេះ​នៅឡើយ​ទេ ព្រោះ​ដឹងថា នឹង​ប៉ះពាល់​ឧស្សាហកម្ម​ក្នុងស្រុក​របស់ខ្លួន​។ ប៉ុន្តែ​បើ​ប៉េកាំង​ចាក់​ចំណុច​នេះ វ៉ាស៊ីនតោន នឹង​របួសធ្ងន់​មិន​ខាន​។ លោក Li Mingjiang សាស្ត្រ​ចា​រ្យ​មកពី​សាលា S. Rajaratnam សម្រាប់​ការសិក្សា​អន្តរជាតិ​នៅ​សិង្ហ​បុរី អះអាងថា ទស្សនកិច្ច​របស់លោក ស៊ី មិនមែនជា​រឿង​ចៃដន្យ​ឡើយ ហើយ​ចិន​ពិតជា​ពិចារណា​ហាមឃាត់​ការនាំចេញ​រ៉ែ​កម្រ ជា​អាវុធ​ប្រឆាំង​អាមេរិក​៕  
 
   

Tag:
 ចិន​
  អាមេរិក​
  រ៉ែ​កម្រ​
© រក្សាសិទ្ធិដោយ thmeythmey.com