កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែប្រយុទ្ធ​ហ្គា​ណា Gyan ដូរ​ចិត្ត​មិន​ចូលនិវត្តន៍​វិញ ក្រោយ​មាន​សំណើ​ផ្ទា​ល់ពី​ប្រធានាធិបតី​
23, May 2019 , 9:59 pm        
រូបភាព
​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ហ្គា​ណា Asamoah Gyan បានសម្រេច​ចិត្ត​មិន​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​វិញ​នៅក្រោយ​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រធានាធិបតី​របស់គេ​កោះហៅ​ទៅ​ជួប​រួច​។​



​អតីត​ខ្សែប្រយុទ្ធ Sunderland វ័យ​៣៣​ឆ្នាំ​រូបនេះ​បានប្រកាស​កាលពី​ថ្ងៃទី​២០ ខែឧសភា​ថា រូបគេ​បាន​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​ហ្គា​ណា​ក្រោយ​មាន​អ្នក​ជំនួស​តំណែង​ប្រធាន​ក្រុម​របស់ខ្លួន​។​
 
Gyan ដែល​ស៊ុត​បញ្ចូល​ទី ៥១​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ១០៦​ប្រកួត​សម្រាប់​ក្រុម​ក្នុង​តំបន់​អាហ្វ្រិក​នេះ ត្រូវបាន​ប្រធានាធិបតី​ហ្គា​ណា​លោក Nana Akufo-Addo កោះហៅ​ទៅ​ជួប​ភ្លាមៗ​ក្រោយ​លឺដំណឹង​ពី​ការចូល​និវត្ត​នេះ​នៅក្រោយ​រយៈពេល​មួយថ្ងៃ​ប៉ុណ្ណោះ​។​
 
​លោក Akufo-Addo បាន​ប្រាប់ Gyan ខ្សែប្រយុទ្ធ​ក្រុម Kayserispor នៃ​លី​គ​កំពូល​តួ​ក​គី​បច្ចុប្បន្ន​ឲ្យ​ផ្លាស់ប្តូរ​ចិត្ត​ចង់​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​នេះ​វិញ​។​


លោក Nana Akufo-Addo ប្រធានាធិបតីនៃប្រទេសហ្គាណា

​តាម​ការផ្សាយ​របស់ BBC នៅ​ថ្ងៃទី​២២ ខែឧសភា អតីត​សមាជិក​ក្រុម Shanghai SIPG, Rennes និង Udinese រូបនេះ​រៀបរាប់ថា​សំណើ​របស់​ប្រធានាធិបតី​គឺជា​រឿង​ដែល​មិនអាច​មិន​ធ្វើតាម​បានឡើយ​។​
 
«​លោក​ប្រធានាធិបតី​បានស្នើ​សុំ​ខ្ញុំ​ឲ្យ​នៅ​បន្ត​ដោយមាន​ជំនឿ​ខ្ពស់ ខណៈដែល​ខ្ញុំ​ត្រូវបាន​គ្រូបង្វឹក​លោក Kwasi Appiah ជ្រើស​រើសយក​ទៅលេង​ក្នុង​ពានរង្វាន់​ទ្វីបអាហ្វ្រិក​រួចរាល់​ហើយ​ដែរ​»​។​
 
​លោក Kwasi Appiah បានប្រកាស​សមាសភាព​កីឡាករ​២៩​រូប​សម្រាប់​ក្រុម​ជម្រើសជាតិ​ហ្គា​ណា​រួចហើយ មុន​សម្រេច​ចុងក្រោយ​យក​២៣​នាក់​ទៅលេង​ពាន Africa Cup of Nation ឆ្នាំ​២០១៩ ដោយ​ក្នុងនោះ​ក៏មាន​ឈ្មោះ Gyan ក្នុងនាម​ជា​ខ្សែប្រយុទ្ធ ហើយ Andre Ayew ខ្សែប្រយុទ្ធ​ក្រុម Swansea City ទំនងជា​ប្រធាន​ក្រុម​។​
 
Africa Cup of Nation ឆ្នាំ​២០១៩ ដែល​អេ​ហ្ស៊ី​ប​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ ហ្គា​ណា​ស្ថិតនៅ​ពូ​ល F ដោយ​ត្រូវ​ត​តាំ​ជាមួយ​កា​មេ​រូ​ន បេ​ណាំង និង​ហ្គី​ណេ​ប៊ី​ស្សូ​៕
 

Tag:
 បាល់ទាត់​
  Asamoah Gyan
  Nana Akufo-Addo
  Africa Cup of Nation
© រក្សាសិទ្ធិដោយ thmeythmey.com