ជាតិ
សង្គមជាតិ
បទ «​សង្គម​នេះ​» ត្រូវ​លុបចេញ ដោយ​អត្ថន័យ​មាក់ងាយ ឬ​ដោយសារ​ការ​រឹតត្បិត​សេរីភាព​?
23, May 2019 , 6:59 pm        
រូបភាព
​យុវជន ឈុន ឌី​ម៉ី ហៅ ឌី​ម៉ី​ខេ​ម​បូ (Dymey-CAMBO) បង្ខំចិត្ត​លុប​បទ​ចម្រៀង​រ៉េ​ប ដែលមាន​ចំណងជើង​ថា «​សង្គម​នេះ​» ចេញពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង យូ​ធូប​របស់ខ្លួន​។ ការសម្រេចចិត្ត​បែបនេះ ក៏​ព្រោះតែ​ឌី​ម៉ី បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​និង​គ្រួសារ ហើយក៏​មិន​ចង់​ឲ្យ​មានរឿង​វែងឆ្ងាយ​ដែរ ក្រោយពី​អាជ្ញាធរ​ចុះទៅ​ដល់ផ្ទះ​របស់ខ្លួន​ក្នុង​ខេត្តសៀមរាប ដើម្បី​តឿន​ឲ្យ​លុប​ចម្រៀង​នេះ​។​

 
​សារព័ត៌មាន​ថ្មីៗ មិនអាច​សូមការបកស្រាយ​ពី ឌី​ម៉ី បានឡើយ ដោយសារតែ​ហៅ​ទូរ​សព្ទ​មិន​ចូល​។ ប៉ុន្តែ កាសែត​ភ្នំពេញ​ប៉ុ​ស្តី បាន​ចុះផ្សាយ​ថា អាជ្ញាធរ​ខេត្តសៀមរាប តម្រូវ​ឲ្យ​ឌី​ម៉ី លុប​បទ​ចម្រៀង​នេះ​ចេញ​។​
 
​ភ្នំពេញ​ប៉ុស្តិ៍ បាន​សរសេរ​ពីស​ម្តី​របស់​ឌី​ម៉ី បែបនេះ​ថា​៖«​ខ្ញុំ បាន​លុប​បទ​ចម្រៀង​របស់ខ្ញុំ​ចេញ​ហើយ រួច​ខ្ញុំ​នឹង​បញ្ឈប់​រឿង​ហ្នឹង កុំ​ឲ្យ​កាន់តែខ្លាំង​ឡើង​។ ខ្ញុំ នឹង​ឈប់​ធ្វើ​បទ​ច​ម្រៀ​ង​បែប​ហ្នឹង​ទៀត បែរមក​ធ្វើ​ចម្រៀង​បែប​មនោសញ្ចេតនា លើកទឹកចិត្ត​ក្មេងជំនាន់ក្រោយ​ឲ្យ​ចេះ​ស្រឡាញ់គ្នា​និង​ចេះ​រួម​សាមគ្គី​គ្នា​វិញ សូម​ឲ្យ​ស្ងប់ស្ងាត់​ព័ត៌មាន​នេះ​វិញ​ទៅ​។ បើ​បទ​ចម្រៀង​ខ្ញុំ​នេះ មាន​បញ្ហា ខ្ញុំ​សូម​បញ្ចប់​បញ្ហា​នេះ​វិញ​»​។​

​តាមរយៈ «​បទ​សង្គម​នេះ​» ឌី​ម៉ី បាន​ច្រៀង​រៀបរាប់​យ៉ាងច្រើន​ពី​បញ្ហា​ក្នុងសង្គម​ខ្មែរ​។​

​លោក ថៃ នរៈ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្នកនិពន្ធ​គ្រប់រូប សុទ្ធ​តែមាន​សិទ្ធិ​បញ្ចេញ​ទស្សនៈ ដែល​កើតមាន​នៅក្នុង​សង្គម តាមរយៈ​បទ​ចម្រៀង​របស់ខ្លួន​។ ប៉ុន្តែ លោក លើកឡើងថា បទ​ចម្រៀង​នីមួយៗ ត្រូវ​គិតពី​គុណ​តម្លៃ និង​តថភាព​ជាក់ស្តែង​ណាមួយ​។

អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា​៖«​បទ​ចម្រៀង ដែល​រៀបរាប់​ពី​ស្នេហា មនោសញ្ចេតនា​ណាមួយ និង ធម្មជាតិ បើ​ខុសឆ្គង​តិចតួច វា​មិន​ជាមាន​បញ្ហា​ប៉ុន្មាន​ទេ ប៉ុន្តែ បើ​អ្នកនិពន្ធ និយាយ​ពី​ការ​តិះដៀល​សង្គម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​សុវត្ថិភាព​សង្គម ត្រូវ​ពិចារណា​ឡើងវិញ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សង្គមជាតិ​ទាំងមូល​»​។ 
 
​យ៉ាងណា លោក អះអាងថា ក្រសួង​វប្បធម៌ ឬ​ក្រសួង​ដែល​ពាក់ព័ន្ធ មិនមាន​ប្រតិបត្តិ​ការបញ្ជា​ឲ្យ​ឈប់​ចាក់ផ្សាយ​បទ​ចម្រៀង​នេះឡើយ​។​

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​បញ្ចេញមតិ​យ៉ាងខ្លី​នៅតាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​បែបនេះ​ថា​៖«​ការនិពន្ធ ការសរសេរ ការ​ច្រៀង​ប្រមាថ​ជាតិ​សាស​ន៏​ឯង មិនមែនជា​សិទ្ធិ​ទេ​»​។

មិន​ត្រឹមតែ​មន្ត្រី​រដ្ឋាភិបាល​និង​អាជ្ញាធរ​ទេ សូម្បីតែ​សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ  (University of South-East Asia) ដែល​ឌី​ម៉ី​សិក្សា​នៅ​ទីនោះ ក៏​មិន​ពេញចិត្ត​ដែរ​។ សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ បានចេញ​សេចក្តី​ថ្លៃ​ង​ការណ៍ នៅ​ថ្ងៃទី​២១ ខែឧសភា ដោយ​បង្ហាញ​ពី​ការសោកស្តាយ​ចំពោះ​អត្ថន័យ​នៃ​បទ​ចម្រៀង​របស់​ឌី​ម៉ី​។ សាកលវិទ្យាល័យ​នេះ យល់ថា បទ​ចម្រៀង​របស់​ឌី​ម៉ី ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​រដ្ឋា​ភិ​បាល ហើយ​ផ្ទុយ​ពី​គោលនយោបាយ និង​យុត្តិសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ ហាក់​ព្រួយបារម្ភ​ខ្លាច​រាលដាល​ទៅដល់​ស្ថាប័ន​ខ្លួន ទើប​ព្យាយាម​បកស្រាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា កម្មវិធីសិក្សា​គ្រប់មុខ​ជំនាញ គ្រប់​កម្រិតសិក្សា​នៃ​សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ មិនបាន​បញ្ចូល​ខ្លឹមសារ​សម្រាប់​រិះគន់​រដ្ឋាភិបាល ឬ ថ្នាក់ដឹកនាំ​ប្រទេស​ណាមួយ នៅលើ​ពិភពលោក​នោះទេ​។ សាកលវិទ្យាល័យ​នេះ បន្តថា ទង្វើ​ខុសឆ្គង​របស់​និស្សិត ឌី​ម៉ី គឺ​កើតចេញពី​គំនិត​ផ្ទាល់ខ្លួន​របស់គេ ដោយ​គ្មាន​ការផ្តល់​យោបល់​ពី​គណៈ​គ្រប់គ្រង ឬ​សាស្ត្រាចារ្យ​ណាមួយ​នៃ​សាកលវិទ្យាល័យ​ឡើយ​។​
 
​សាកលវិទ្យាល័យ​មួយ​នេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើងខ្ញុំ​ទាំងអស់គ្នា សូម​ច្រានចោល​ទាំងស្រុង​នូវ​ខ្លឹមសារ​បទ​ចម្រៀង​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង សេចក្តីថ្លៃថ្នូរ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា ហើយ​យើងខ្ញុំ​ទាំងអស់គ្នា សូម​គាំទ្រ​ទាំងស្រុង​លើ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​.....»​។​
 
​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន ដោយ​រួមទាំង​ក្រុម​សង្គម​ស៊ីវិល​ខ្លះ​ផង បានបង្ហាញ​ការហួសចិត្ត​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ ហើយក៏​មិន​នឹកស្មាន​ដែរ​ថា បទ​ចម្រៀង​នេះ រង​ការព្រមាន​ពី​អាជ្ញាធរ​។ ពួកគេ យល់ថា សិទ្ធិ​សេរី​នៅ​កម្ពុជា ហាក់​កាន់តែ​តូចចង្អៀត​។ 
 
​អ្នកស្រី ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​សរសើរ​ខ្លឹមសារ​នៃ​បទ​ចម្រៀង​របស់​ឌី​ម៉ី​។ អ្នកស្រី បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​បែបនេះ​ថា​៖«​ប្អូន មាន​ស្នាដៃ​ល្អ ក្នុងការ​តាក់តែង​ទំនុកភ្លេង និង​អត្ថន័យ ដែល​អាចជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​សង្គម ហើយ​ប្អូន​ក៏​ចង់ឃើញ​ពី​អភិបាលកិច្ច​ល្អ​មួយ ដែល​អាចជួយ​ឲ្យ​សង្គម​យើង មាន​ភាពប្រសើរឡើង​។ យ៉ាងណា ចម្រៀង​ដែលមាន​លក្ខណៈ​រិះគន់​នេះ ត្រូវបាន​ហាមឃាត់​»​។​
 
​បន្ទាប់មក អ្នកស្រី បាន​ប្រតិកម្ម​នឹង​សេចក្តីថ្លែងការណ៍​របស់​សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ​។ តាមរយៈ​សំណេរ​នោះ អ្នកស្រី បង្ហាញ​ការចាប់អារម្មណ៍​ខ្លាំង​បំផុត​ត្រង់​ឃ្លា «​កម្មវិធីសិក្សា​គ្រប់មុខ​ជំនាញ គ្រប់​កម្រិតសិក្សា​នៃ​សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ មិនបាន​ប​ញ្ជូ​ល​ខ្លឹមសារ​សម្រាប់​រិះគន់​រដ្ឋាភិបាល ឬ ថ្នាក់ដឹកនាំ​ប្រទេស​ណាមួយ​នៅលើ​ពិភពលោក​នោះទេ​» ដែល​សាកលវិទ្យាល័យ​នេះ សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​។​
 
​អ្នកស្រី ដាក់​ជា​សំណួរ​ថា​៖«​ប្រព័ន្ធ​អប់រំ​មួយ ដែលមាន​លក្ខណៈ​រឹតត្បិត បើ​សូម្បីតែ​មិនអាច​រិះគន់​គោលនយោបាយ ឬ​រដ្ឋាភិបាល​ណាមួយ​នោះ តើ​យើង ចង់​បណ្តុះបណ្តាល​អ្វី​ដល់​និស្សិត​របស់​យើង​? យើង ចង់​ឲ្យ​និស្សិត​គ្រាន់តែ​ស្តាប់​និង​ព្រម តែ​មិនមាន​គំនិត​ពិភាក្សា​អំពី​ចំណុចខ្លាំង ចំណុចខ្សោយ ឬ​ចំណុច​ដែល​ត្រូវ​កែលម្អ​ឲ្យ​ប្រសើរ​ទេ​ឬ​?»
 
​ដាក់​ជា​សំណួរ​បែបនេះហើយ អ្នកស្រី ក៏​បញ្ចេញ​ទស្សនៈ​ថា​៖«​ការអប់រំ​ឲ្យ​ពលរដ្ឋ​ចូលរួម​យ៉ាងសកម្ម អាចធ្វើ​ការវិនិច្ឆ័យ​ប្រកបដោយ​គតិយុត្តិ និង​អាច​ដើរតួ​ក្នុងការ​ទាញ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ នោះ​ជាការ​ចាំបាច់​សម្រាប់​ឲ្យ​សង្គម​យើង​មានការ​ចូលរួម​ប្រកបដោយ​ប្រសិទ្ធភាព និង​មានការ​ច្នៃប្រឌិត​ខ្ពស់​។ ការបន្ត​រឹតត្បិត​ដល់​ការ​ត្រិះរិះ សេរីភាព​ក្នុង​ការគិត ការបញ្ចេញមតិ មិនគួរ​មាន​ក្នុង​យុគសម័យ​មួយ ដែល​យើង​ចង់បាន​ធនធាន​មួយ ដែលមាន​ការចូលរួម និង​ការច្នៃប្រឌិត​នោះទេ​»​។ 
 
​លោក មឿ​ន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ​និង​សិទ្ធិមនុស្ស (Central) ក៏បាន​បញ្ចេញ​គំនិត​ពី​រឿង​នេះដែរ​។ លោក បាន​យក​សេចក្តីថ្លែងការណ៍​របស់​សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ ទៅ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ដោយ​អម​ជាមួយនឹង​សំណេរ​ថា​៖«​ពេលដែល​សេរីភាព​នៃ​គំនិត ត្រូវបាន​រឹតត្បិត បញ្ញវ័ន្ត មិនអាច​សរសេរ​សៀវភៅ​ប្រាប់​ការពិត កវី​មិនអាច​និពន្ធចម្រៀង ឬ​រឿងនិទាន​ប្រាប់​រឿង​ពិត ពេលនោះ ប្រជាពលរដ្ឋ ជាពិសេស​យុវជន កើត​ជម្ងឺ​ក្តៀនគំនិត​ផងដែរ​»​។​
 
​គេ​សង្កេតឃើញថា បទ​នេះ រង​ការព្រមាន​និង​រហូត​ឈានទៅដល់​ការ​លុបចេញ គឺ​កើតឡើង​ក្រោយពី​លោក សម រង្ស៊ី យកទៅ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​ថ្ងៃទី​៨ ខែឧសភា​។ លោក សម រង្ស៊ី បាន​សរសេរ​សំណេរ​លើ​វីដេអូ​បទ​ចម្រៀង​នេះ​ថា​៖«​យុវជន នៅ​ប្រទេស​កម្ពុជា បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ កំពុងតែ​និយម​ចម្រៀង​រ៉េ​ប ដែលមាន​ឈ្មោះ សង្គម​នេះ ច្រៀង​ដោយ Dymey-CAMBO​។ ខ្ញុំ​ជឿជាក់ថា ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ក៏​ពេញចិត្ត​ពី​អត្ថន័យ​នៃ​ចម្រៀង​នេះដែរ​»​។ 
 
​ឌី​ម៉ី ធ្លាប់​ស្នើ​ឲ្យ​លោក សម  រង្ស៊ី ដក​បទ​ចម្រៀង​នេះ​ចេញពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​។ ប៉ុន្តែ មកដល់ពេលនេះ លោក សម រង្ស៊ី មិនទាន់​ដកចេញ​នោះទេ​៕ 
 

Tag:
 សិទ្ធិ​
  សិល្បៈ​
  ចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com