អន្តរជាតិ
តុលាការធម្មនុញ្ញថៃ ព្យួរកៅអីសមាជិកសភាមេបក្សប្រឆាំងរបបយោធា លោក Thanatorn Juangroongruangkit ប្រធានបក្សអនាគតឈានមុខ។ រូបភាព AFP
× តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី២៣ ខែឧសភា បានសម្រេចចិត្តហាមលោក Thanathorn Juangroongruangkit មេបក្សអនាគតឈានមុខ និងជាសមាជិកសភាទើបជាប់ឆ្នោតពីការបំពេញតួនាទីរបស់ខ្លួន។ លោក Thanathorn រងការចោទប្រកាន់ពីបទបំពានច្បាប់ដែលហាមបេក្ខភាពតំណាងរាស្ត្រកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនផ្សព្វផ្សាយ។ បើរកឃើញកំហុស មេបក្សវ័យក្មេងរូបនេះ នឹងត្រូវហាមឃាត់ធ្វើនយោបាយ ហើយបក្សរបស់លោក អាចត្រូវរំលាយទៀតផង។
តុលាការធម្មនុញ្ញថៃ បានសម្រេចចិត្តទទួលយកបណ្ដឹងរបស់គណៈកម្មការរៀបចំការបោះឆ្នោត ដែលស្នើឲ្យពិចារណាលើសមាជិកភាពសភារបស់មេបក្សអនាគតឈានមុខ Thanathorn Juangroongruangkit ជុំវិញករណីរំលោភច្បាប់ធម្មនុញ្ញ។ បណ្ដឹងដដែល ក៏ស្នើឲ្យតុលាការហាមឃាត់មេបក្សដ៏មានប្រជាប្រិយភាពរូបនេះពីការអនុវត្តតួនាទីជាសមាជិកសភារហូតដល់ការប្រកាសសាលក្រមរបស់ខ្លួន។
ក្នុងបណ្ដឹងរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ លោក Thanathorn រងការចោទថា មានភាគហ៊ុនក្នុងក្រុមហ៊ុន V-Luck Media Co Ltd នៅពេលដាក់ពាក្យឈរឈ្នះជាតំណាងរាស្ត្រ។ ការណ៍នេះ គណៈកម្មការដដែលយល់ឃើញថា អ្នកនយោបាយមានប្រវត្តិជាសេដ្ឋីរូបនេះ បំពានរដ្ឋមាត្រា៩៨ នៃរដ្ឋធម្មនុញ្ញ។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ជាមួយនឹងការទទួលបណ្ដឹងដើម្បីពិចារណា តុលាការធម្មនុញ្ញថៃ ក៏យល់ព្រមលើសំណើដែលចង់ហាមលោក Thanathorn ពីការធ្វើការជាសមាជិកសភាដោយសំឡេង៨ទល់១ ។ ក្នុងសេចក្ដីប្រកាសរបស់ខ្លួន តុលាការធម្មនុញ្ញដដែលអះអាងថា ការហាមឃាត់លោក Thanathorn ក៏ដោយសារការព្រួយបារម្ភថា បញ្ហាប្រឈម និងឧបសគ្គផ្លូវច្បាប់ នឹងកើតឡើងសម្រាប់រដ្ឋសភា បើលោកបំពេញតួនាទីជាសមាជិកសភារបស់ខ្លួន។
មេបក្សដែលមានជំហរប្រឆាំងរបបយោធាថៃរូបនេះ មានពេល១៥ថ្ងៃដើម្បីដាក់ភស្តុតាងបង្ហាញភាពស្មោះត្រង់របស់ខ្លួន។ ក្នុងករណី រកឃើញថា ពិតជាបំពានច្បាប់មែន លោក Thanathorn អាចត្រូវជាប់ទោសក្នុងពន្ធនាគារ ឬមិនអាចធ្វើនយោបាយរយៈពេលយូរ។ កាន់ធ្ងន់ធ្ងរនោះ បក្សអនាគតឈានមុខ ក៏ប្រឈមមុខការរំលាយដែរ បើមេបក្សមានកំហុស ព្រោះឲ្យបុគ្គលដែលមិនគ្រប់លក្ខណៈសម្បត្តិឈរឈ្មោះជាតំណាងរាស្ត្រ។
ក្នុងរយៈពេលហាមឃាត់នេះ លោក Thanathorn នឹងគ្មានសិទ្ធិជ្រើសរើសនាយករដ្ឋមន្ត្រីឡើយ។ ការជ្រើសរើសនាយករដ្ឋមន្ត្រី ទំនងជាធ្វើនៅដើមសប្ដាហ៍ក្រោយ។
លោក Thanathorn ផ្ទាល់ មិនពេញចិត្តនឹងចំណាត់ការនេះឡើយ ហើយលោកថែមទាំងចោទសួរពីភាពស្របច្បាប់នៃចំណាត់ការលើរូបលោកផង។ មេបក្សរូបនេះ បានយកករណីរដ្ឋមន្ត្រីការបរទេស Don Pramudwinai មកប្រៀបធៀប។ លោក Don ក៏រងបណ្ដឹងស្រដៀងគ្នាដែរពាក់ព័ន្ធការកាន់កាប់ហ៊ុនរបស់ភរិយាខ្លួន តែលោក Don នៅតែអាចបំពេញការងារទោះជាតុលាការធម្មនុញ្ញទទួលបណ្ដឹងក្ដី ហើយចុងក្រោយសម្រេចថា គ្មានទោសទៅទៀត។
អ្នកនយោបាយខាងលើ ក៏រិះគន់គណៈកម្មការរៀបចំការបោះឆ្នោតដែលអនុវត្តនីតិវិធីលឿនហួសហេតុក្នុងការបញ្ជូនសំណុំរឿងរបស់លោកទៅកាន់តុលាការ ខណៈក្នុងករណីលោក Don គណៈកម្មការនេះចំណាយពេលច្រើនជាង៤០០ថ្ងៃ ទើបសំណុំរឿងដល់ដៃតុលាការ៕
Tag:
ថៃ
Thanathorn Juangroongruangkit
© រក្សាសិទ្ធិដោយ thmeythmey.com