បុរសម្នាក់ទៀត ត្រូវជាប់ឃុំ ព្រោះប្រមាថព្រះមហាក្សត្រនិងនាយករដ្ឋមន្រ្តី
ជាតិ
ព្រះមហាវីរក្សត្រ
បុរសម្នាក់ទៀត ត្រូវជាប់ឃុំ ព្រោះប្រមាថព្រះមហាក្សត្រនិងនាយករដ្ឋមន្រ្តី
24, May 2019 , 10:03 am        
រូបភាព
បុរសដែលប្រមាថព្រះមហាក្សត្រ ត្រូវចាប់ខ្លួន (រូបពី Bayon Radio)
បុរសដែលប្រមាថព្រះមហាក្សត្រ ត្រូវចាប់ខ្លួន (រូបពី Bayon Radio)
ដោយ: ថ្មីៗ
សមត្ថកិច្ចខេត្តស្វាយរៀង បានចាប់បុរសម្នាក់ទៀតឈ្មោះ គឹម បញ្ញា អាយុ២៣ឆ្នាំ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ។ ការចាប់ខ្លួនេះ គឺធ្វើតាមដីកាបង្គាប់របស់លោក សុវណ្ណ ច័ន្ទន៍គ្រឹះស្នា ចៅក្រមស៊ើបសួរតុលាការខេត្តស្វាយរៀង​។



ចៅក្រមស៊ើបសួរ បញ្ជាក់ក្នុងដីកាដែលចេញនៅថ្ងៃទី២៣ឧសភាថា បុរសនេះ រងបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ប្រមាថព្រះមហាក្សត្រ» ដែលប្រព្រឹត្តនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២២ឧសភា។

តាមរយៈដីកានោះ ចៅក្រមស៊ើបសួរ បង្គាប់ឲ្យយកបុរសនេះ ទៅឃុំបណ្តោះអាសន្ន។

លោក ទេព ផល្លា​ ប្រធានរដ្ឋបាលតុលាការខេត្តស្វាយរៀង ប្រាប់សារព័ត៌មានថ្មីៗថា​ មូលហេតុដែលបុរសខាងលើ រងបទចោទទាំងនោះ គឺដោយសារតែរូបគេ បង្ហោះសារលក្ខណៈប្រមាថព្រះមហាក្សត្រ លើបណ្តាញសង្គម កាលពីកន្លងទៅ។ លោក អះអាងបែបនេះថា «គេ ឃុំគាត់តាំងពីម្សិលមិញម្ល៉េះ»។  

សារនោះ ត្រូវបានបង្ហោះចេញពីគណនីហ្វេសប៊ុកឈ្មោះ Kim Panha។ ក្រៅពីប្រមាថព្រះមហាក្សត្រ សារនោះ ក៏មានលក្ខណៈប្រមាថសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ តែបង្ហាញការគាំទ្រមេដឹកនាំក្រុមប្រឆាំង ដោយសរសេរថា «សម រង្ស៊ី និង កឹម​ សុខា ជាមនុស្សតែមួយ»។ 

កន្លងមក មានបុរស៣នាក់ហើយ ដែលត្រូវចាប់ខ្លួនពីបទប្រមាថព្រះមហាក្សត្រ។ សូម្បីលោក សម រង្ស៊ី ក៏រងពីបទប្រមាថព្រះមហាក្សត្រដែរ។ ប៉ុន្មានថ្ងៃមុន តុលាការភ្នំពេញ ទើបនឹងកាន់ក្តីឲ្យលោក ជាប់ពន្ធនាគារ៤ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ។ 

កន្លងមក ក៏មាននារីម្នាក់ជាអ្នកគាំទ្រអតីតគណបក្សប្រឆាំង ត្រូវជាប់ឃុំដែរ ពីរឿងប្រមាថសម្តេចនាយករដ្ឋមន្រ្តី។ នារីនោះ បានយកស្បែកជើង គប់ទៅលើស្លាកគណបក្សប្រជាជនកម្ពុជា ដែលមានរូបសម្តេចនាយករដ្ឋមន្រ្តី និង រូបសម្តេច ហេង សំរិន៕  

អត្ថបទទាក់ទង



© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម