ជាតិ
អុ្ន​កល​ក់​ម៉ាស៊ីនភ្លើង​រីករាយ​នឹង​អាជីវកម្ម​ខ្លួន បន្ទាប់ពី​ចរន្តអគ្គិសនី​ដាច់​ជា​បន្តបន្ទាប់​
25, May 2019 , 9:19 am        
រូបភាព
ប្រជាពលរដ្ឋ​កំពុង​ស្វែងរក​ទិញ​ម៉ាស៊ីន​ភ្លើង នៅ​ក្នុង​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
ប្រជាពលរដ្ឋ​កំពុង​ស្វែងរក​ទិញ​ម៉ាស៊ីន​ភ្លើង នៅ​ក្នុង​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
ដោយ: VOA
​ភ្នំពេញ ៖ អាជីវកម្ម​លក់​ម៉ាស៊ីនភ្លើង​នៅ​រាជធានី​ភ្នំពេញ​កើនឡើង​យ៉ាងគំហុក នៅ​ខណៈពេលដែល​កម្ពុជា​ខ្វះខាត​ថាមពល​អគ្គិសនី​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​។

 
 
​អ្នកលក់​ម៉ាស៊ីនភ្លើង​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​និយាយថា វិបត្តិ​នៃ​ការខ្វះខាត​អគ្គិសនី​នេះ​នាំ​ឲ្យ​ការលក់ដូរ​របស់​ពួកគេ​មាន​ភាពប្រសើរឡើង​។ ពួកគេ​បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​នេះ​«​មិនដែល​មាន​ទេ​» នៅ​ប្រមាណ​២០​ឆ្នាំ​ចុងក្រោយ​។​
 
​អ្នកស្រី ស្រី​តូច វ័យ​៣៩​ឆ្នាំ​ប្រកប​របរ​លក់​ម៉ាស៊ីនភ្លើង​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​នោះបាន​មានប្រសាសន៍ថា ការលក់ដូរ​ម៉ាស៊ីនភ្លើង​មាន​ភាពប្រសើរឡើង​ខ្លាំង​ក្នុង​មួយរយៈ​ពេល​ថ្មីៗ​នេះ​។ 
 
«​វា​លើស​ទ្វេដង មានន័យថា គុណ​នឹង​ពីរ ឬ​នឹង​បី តែ​វា​មិនមាន​រយៈពេល​យូរ​ទេ គឺ​ប្រហែល​កន្លះ​ខែ ឬ​ម្ភៃ​ថ្ងៃ​ប៉ុណ្ណឹង​ឯង​។ យើង​មិនបាន​គ្រោងទុក ក៏​មិនដឹងថា​ម៉ាស៊ីន​នឹង​លក់ដាច់​ដល់​របៀប​ហ្នឹង​ដែរ​។ យើង​ក៏​មិនបាន​ស្តុក​ទុក​ម៉ាស៊ីន​អី​ដែរ ព្រោះថា ការលក់​ម៉ាស៊ីន​អន់ថយ​យូរ​ឆ្នាំ​ហើយ ចូល​ដប់​ម្ភៃ​ឆ្នាំ​ហើយ​។ វា​អត់​ដំណើរការ​ទេ​»​។​
 
​អ្នកស្រី​មានប្រសាសន៍ថា ការកើនឡើង​នូវ​តម្រូវការ​ម៉ាស៊ីនភ្លើង​បាន​ទាក់ទាញ​ឲ្យ​មានការ​លក់​ម៉ាស៊ីនភ្លើង​តាម​បណ្តាញ​សង្គម​បន្ថែម​ផងដែរ​។​
 
«​អ្នកខ្លះ​បាន​កុម្មង់​ទិញ ហើយ​យកទៅលក់​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់គ្នា​អ៊ីចឹង​អី​ណា​»​។​
 
​អ្នកស្រី​មានប្រសាសន៍​បន្ថែមថា អតិថិជន​របស់​អ្នកស្រី​ភាគច្រើន​ទិញ​ម៉ាស៊ីន​ដែលមាន​ថាមពល​តូច​គឺ​ពីរ ឬ​បី​គីឡូវ៉ាត់​សម្រាប់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ដែល​ពួកគេ​ត្រូវការ​ប្រើប្រាស់​ជា​ចាំបាច់​នៅតាម​ផ្ទះ​។​


 ហាង​ម៉ាស៊ីន​ភ្លើង​មួយ​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ នៅ​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
 
​ការរាំងស្ងួត​ដែល​កម្ពុជា​ទទួលរង​ពី​បាតុភូត​អែល​នី​ណូ​(El Nino)​បង្ក​ឱ្យ​អាកាសធាតុ​នា​រដូវប្រាំង​នេះ​មាន​សភាព​ក្តៅ​ហួតហែង ហើយ​សីតុណ្ហភាព​អតិបរមា​អាច​ហក់​ឡើងដល់​៤០-៤២°C​។​
 
​ការរាំងស្ងួត​នេះ និង​ការកើនឡើង​នូវ​ចំនួន​សំណង់​អគារ​ដែល​ភាគច្រើន​ជា​របស់​វិនិយោគិន​ចិន​បាន​បណ្តាល​ឲ្យ​ប្រទេស​កម្ពុជា ដែល​ពឹងផ្អែក​ច្រើន​លើ​ថាមពល​អគ្គិសនី​បាន​ពី​ទំនប់​វា​រី​អគ្គិសនី ជួប​ភាព​យ៉ាប់យឺន​។​
 
​កន្លងមក ការ​ដាច់​ចរន្ត​នេះ​កើតមាន​ជាប្រចាំ​ថ្ងៃ និង​ស្ទើរ​គ្រប់​តំបន់​នៅតាម​បណ្តា​ខេត្ត​និង​ក្រុង​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។ ការ​ដាច់​ចរន្ត​មាន​លក្ខណៈ​ចល័ត ហើយ​នៅតាម​តំបន់​មួយចំនួន អាច​គ្មាន​អគ្គិសនី​ប្រើប្រាស់​ដល់​ទៅ​៦​ម៉ោង​ក្នុង​នៅ​មួយថ្ងៃ​។ ការណ៍​នេះ​ខុសពី​ឆ្នាំទៅ ដែល​ការ​ដាច់​ភ្លើង​មាន​រយៈពេល​ខ្លី​ជាង និង​មិន​ប្រចាំថ្ងៃ​នោះទេ​។​
 
​អ្នកលក់​ម៉ាស៊ីនភ្លើង​បាន​ប្រាប់​វី​អូ​អេ​ថា អតិថិជន​ដែល​ទិញ​ម៉ាស៊ីនភ្លើង​មានការ​កើនឡើង ជាពិសេស​នៅក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នៃ​ខែមីនា​ដល់​ប្រមាណ​ពាក់កណ្តាល​ខែមេសា​។​
 
​លោក​សុក ហេង វ័យ​២២​ឆ្នាំ​ដែល​ធ្វើការ​នៅក្នុង​ហាង​លក់​ម៉ាស៊ីនភ្លើង​មួយ ក្នុង​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ប្រាំ បាន​ប្រាប់​វី​អូ​អេ​ថា​៖
 
«​មួយរយៈ​កាល​ដាច់​ភ្លើង​ជាង​កន្លះ​ខែ​មុន ខ្ញុំ​លក់ដាច់​បាន​ច្រើនជាង​២០​ទៅ​៣០​គ្រឿងក្នុង​មួយអាទិត្យ​អីហ្នឹង​។ ក្នុង​មួយថ្ងៃ​យើង​អាច​លក់ដាច់​បាន​៦​ទៅ​៧ គ្រឿង​។ កាល​មួយរយៈ​មិនទាន់​ដាច់​ភ្លើង​ដូច​ឆ្នាំមុន​អ៊ីចឹង យើង​លក់បាន​មួយថ្ងៃ​អី ជួនកាល​ដាច់​មួយ ហើយ​ជួនកាល​អត់​ទ‍េ​»​។​
 
​លោក​មានការ​សប្បាយចិត្ត​ដែល​តម្រូវការ​ម៉ាស៊ីនភ្លើង​មានការ​កើនឡើង​ប្រៀបធៀប​នឹង​រយៈពេល​២០​ឆ្នាំ​កន្លងមកនេះ​។​
 
«[​ខ្ញុំ​]​សប្បាយចិត្ត​ហ្មង​! សប្បាយ​ក្នុង​ការលក់ ព្រោះ​យើង​ខាន​លក់​មួយរយៈ​។ វា​ដូច​ដាច់​ខ្លះ​ដែរ តែ​វា​មិនសូវ​ខ្លាំង​ដូច​មួយរយៈ​ឆ្នាំ​ហ្នឹង​។ ហើយ​យើង​សប្បាយចិត្ត​ក្នុងការ​ល​ក‍់​»​។​
 
​លោក​បន្ថែមថា ក្រុមហ៊ុន​របស់លោក​នាំចូល​ម៉ាស៊ីនភ្លើង​ភាគច្រើន​មកពី​ប្រទេស​ជប៉ុន ហើយ​ម៉ាស៊ីន​ទាំងនេះ​មានតម្លៃ​ចាប់ពី​៨០០​ដុល្លារ​សហរដ្ឋអាមេរិក​ឡើងទៅ​។​
 
«​អតិថិជន​ទិញ​មា​ស៊ីន​ភ្លើង​ប្រើ​សម្រាប់​ផ្គត់ផ្គង់​ជា​លក្ខណៈ​ផ្ទះសំណាក់ ជា​ហាង ជា​ផ្ទះ​វីឡា ជា​ហ្កា​រ៉ា​ស​សាំង​ជា​អូ​តែ​ល​តូចធំ​ធម្ម​ត‍ា​»​។​​
 
​អ្នកលក់​ខ្លះទៀត​និយាយថា ការ​ដាច់​ភ្លើងអគ្គិសនី​ជា​ញឹកញាប់​នេះ​បាន​ជួយ​ទាក់ទាញ​អតិថិជន​ថ្មី​សម្រាប់​ពួកគាត់​។​
 
​អ្នកស្រី​តាំង ណៃ​ហួ វ័យ​៣២​ឲ្យ​ដឹងថា ក្រុមគ្រួសារ​អ្នកស្រី​ប្រកប​របរ​លក់​ម៉ាស៊ីនភ្លើង​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​ប្រាំ​នៅក្នុង​រាជធានី​ភ្នំពេញ​។ អ្នកស្រី​បាន​ប្រាប់​វី​អូ​អេ​ថា​៖
 
«​ហាង​ខ្ញុំ​ជាទូទៅ​មាន​ម៉ូយ​ភាគច្រើន​នៅតាម​ការដ្ឋាន​ទេ ហើយ​ម៉ូយ​តាម​ផ្ទះ ពួក​ខ្ញុំ​មិនសូវមាន​ទេ​។ ដោយសារ​មួយរយៈ​នេះ​ដាច់​ភ្លើង​អ៊ីចឹងទៅ ខ្ញុំ​ក៏មាន​អ្នក​មក​ទិញ តែ​ម៉ូយ​ខ្ញុំ​គឺ​អ្នក​នៅតាម​ការដ្ឋាន​ដដែល​»​។​
 
​លោកស្រី​បន្ថែមថា គ្រួសារ​របស់លោក​ស្រី​ដែល​ធ្លាប់តែ​លក់​ម៉ាស៊ីនភ្លើង​សម្រាប់​វិស័យ​កសិកម្ម​នោះបាន​ទិញ​ម៉ាស៊ីនភ្លើង​សម្រាប់​ការផ្គត់ផ្គង់​ក្នុងផ្ទះ​និង​សម្រាប់​ការប្រើប្រាស់​ក្នុងការ​សាងសង់​ផ្សេងៗ​។​
 
«​អ្នក​ភ្នំពេញ​ក៏មាន​អ្នក​ខាង​ការដ្ឋាន​សាងសង់ ជនជាតិ​ចិន​ក៏មាន ខ្មែរ​ក៏មាន មាន​គ្រប់​ទាំងអស់​។ និយាយ​ទៅ មួយរយៈ​ហ្នឹង​មាន​គ្រប់​ទាំងអស់ អ្នករកស៊ី​ផង អ្នក​នៅផ្ទះ​ផង​»​។​


រោងចក្រ​អគ្គិសនី​មួយ​នៅ​សង្កាត់​ទួលសង្កែ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
 
​កាលពី​ខែមីនា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​បាន​និយាយថា ការកើនឡើង​នៃ​ការសាងសង់​របស់​អ្នកវិនិយោគ​ដែល​ភាគច្រើន​មកពី​ប្រទេស​ចិន និង​ការប្រែប្រួល​អាកាសធាតុ​ដែល​នាំ​ឲ្យ​មានការ​រាំងស្ងួត​ខ្លាំង បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ជួបប្រទះ​នឹង​ការខ្វះខាត​ថាមពល​អគ្គិសនី​រហូត​ដល់​៤០០​មេ​ហ្កា​វ៉ា​ត់​។ នេះ​ជា​ទំហំ​នៃ​កង្វះខាត​ដែល​ប្រទេស​កម្ពុជា​មិន​ធ្លាប់បាន​ជួបប្រទះ​។​
 
​បើតាម​លោកនាយក​រដ្ឋមន្ត្រី វិស័យ​សំណង់​ក្នុង​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​២០១៩​បាន​កើនឡើង​ជាង​៧០០% ប្រៀប​ជាមួយនឹង​ឆ្នាំមុន ឆ្នាំ​២០១៨​។  ការណ៍​នេះ​ស្រូបយក​ការប្រើប្រាស់​ថាមពល​អគ្គិសនី​យ៉ាងគំហុក​។​
 
​ការ​ដាច់​ភ្លើងអគ្គិសនី​ជា​ញឹកញាប់​បានធ្វើ​ឲ្យ​អ្នកវិនិយោគ​ខ្នាតតូច និង​ធំ​ផ្អាក​ការងារ​របស់ខ្លួន​មួយរយៈ​ខ្លី​។ រីឯ​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ឥតឈប់ឈរ​នឹង​តម្លៃ​ម៉ាស៊ីនភ្លើង​ក៏មាន​ការកើនឡើង​ផងដែរ​។​
 
​ខណៈដែល​អាជីវកម្ម​លក់​ម៉ាស៊ីនភ្លើង​មាន​ភាព​កាក់កប​មួយរយៈ​ពេល អ្នកលក់​ទាំងនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្លះ​ចោទប្រកាន់ថា ដំឡើងថ្លៃ​ម៉ាស៊ីនភ្លើង​ឲ្យ​ខ្ពស់ជាង​ពេល​ធម្មតា ប៉ុន្តែ​អ្នកលក់​ទាំងនេះ​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​។​
 
​ម្ចាស់​អាជីវករ​ម្នាក់​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​លោក​ភ័យខ្លាច​ពី​ការប៉ះពាល់​ដល់​អាជីវកម្ម​របស់លោក បាន​ប្រាប់​វី​អូ​អេ​ថា លោក​ចាប់ផ្តើម​ដើររក​ទិញ​ម៉ាស៊ីនភ្លើង​នៅក្នុង​ខែមីនា​នៅពេលដែល​ការ​ដាច់​ចរន្តអគ្គិសនី​ចាប់ផ្តើម​ប៉ះពាល់​ដល់​អាជីវកម្ម​របស់លោក​។​
 
​លោក​បន្ថែមថា លោក​បាន​សាកសួរ​ពី​តម្លៃ​ម៉ាស៊ីនភ្លើង​នៅ​កន្លែង​មួយចំនួន ហើយ​អ្នកលក់​ប្រាប់​លោក​ថា​ម៉ាស៊ីនភ្លើង​ទំហំ​កណ្តាល មានតម្លៃ ចាប់ពី​៧០០​ទៅ​៣៧០០​ដុល្លារ​សហរដ្ឋអាមេរិក​។​
 
​លោក​ស​ម្រ​ច​ចិត្ត​មិន​ទិញ​ម៉ាស៊ីន​វិញ​បន្ទាប់ពី​មិត្ត​ភ័ក្តិ​របស់លោក​បាន​ប្រាប់​លោក​ថា តម្លៃ​ម៉ាស៊ីនភ្លើង​កើនឡើង​លើសពី​ធម្មតា​ក្រោយ​ការ​ដាច់​ភ្លើង​។ 
 
​លោក​បន្ថែមថា ការ​ដាច់​ចរន្តអគ្គិសនី​មិនមាន​ញឹកញាប់​ទៀត​ទេ​នៅក្នុងពេល​ថ្មីៗ​នេះ​។​
 
​វី​អូ​អេ​បាន​ព្យាយាម​ទាក់ទង​មន្ត្រី​អគ្គិសនី​កម្ពុជា​ដើម្បី​សុំ​ការអត្ថាធិប្បាយ ប៉ុន្តែ​ពុំមាន​ការឆ្លើយតប​ទេ​។​
 
​យោងទៅលើ​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា​ដែល​ចេញ​កាលពី​ខែ​មិនា​បាន​ឲ្យ​ដឹងថា ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​មុន​ចុងខែ​ឧសភា ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​នេះ​នឹងមាន​ជាធម្មតា​ឡើងវិញ​។​
 
​បន្ទាប់ពី​អាជីវករ​សប្បាយរីករាយ​នឹង​ការលក់​ម៉ាស៊ីនភ្លើង​មិនបាន​ប៉ុន្មាន​ផង ភ្លៀង​បានចាប់ផ្តើម​ធ្លាក់​។ អ្នកលក់​ទាំងនេះ​បាន​និយាយថា អាជីវកម្ម​ពួកគេ​នឹង​វិលត្រឡប់​ទៅរក​ភាព​ដើម​វិញ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com