អន្តរជាតិ
លោក ម៉ូ​ឌី បន្តធ្វើ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ក្រោយ​ទទួល​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​
24, May 2019 , 12:04 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី នៅ​ថ្ងៃទី​២៣ ខែឧសភា បាន​សន្យា​កសាង​អនាគត​រួម​សម្រាប់​ប្រជាជន​ឥណ្ឌា​ទាំងអស់ បន្ទាប់ពី​ទទួល​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​ក្នុងការ​បោះឆ្នោត​សភា​។ បក្ស Bharatiya Janata Party (BJP) របស់លោក បានឈ្នះ​អាសនៈ​ក្នុង​សភា​ច្រើន​លើសលប់ ដែល​បានបញ្ចប់​ក្ដីសង្ឃឹម​ក្នុង​ការវិល​មករ​កអំ​ណា​ច​របស់​បក្ស​សមាជ​នៃ​ត្រកូល​អ្នកនយោបាយ​គ​ន្ធី​។ មេដឹកនាំ​បរទេស​ជាច្រើន បាន​ផ្ញើ​សារ​សាទរ​លោក ម៉ូ​ឌី ដែល​នឹង​បន្ត​ដឹកនាំ​ឥណ្ឌា​៥​ឆ្នាំ​ទៀត​។

 
​បក្ស​កាន់អំណាច Bharatiya Janata Party (BJP) រំពឹង​ទទួលបាន​អាសនៈ​ក្នុង​សភា​យ៉ាងហោចណាស់​៣០០ ក្នុងចំណោម​អាសនៈ​សរុប​៥៤៣ ដែល​ធ្វើ​ឲ្យ​បក្ស​នេះ​មាន​សំឡេង​ភាគច្រើន​លើស​ក្នុង​សភា ហើយ​បើកផ្លូវ​ឲ្យ​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​ឥណ្ឌា​៥​ឆ្នាំ​ទៀត​។ ចំណែក​បក្ស​សមាជ​ដែលជា​បក្សប្រឆាំង​វិញ ក៏​កើន​សំឡេង​ក្នុង​សភា​ដែរ ប៉ុន្តែ​មិន​គ្រប់គ្រាន់​ដើម្បី​រារាំង​ការបន្ត​អំណាច​របស់លោក ម៉ូ​ឌី ឡើយ​។​
 
​ថ្លែង​ក្នុង​ពិធី​អបអរ​ជ័យជម្នះ​នៅ​ទីស្នាក់ការ​បក្ស​ក្នុង​រដ្ឋធានី​ញូវដែលី លោក ម៉ូ​ឌី ប្រកាស​កសាង​ឥ​ណ្ឌ​សម្រាប់​ប្រជាជន​ឥណ្ឌា​ទាំងអស់ ដោយ​មិន​ទុក​ឲ្យ​នរណា​នៅតែ​ឯង​ឡើយ​។ ចំពោះ​អ្នកគាំទ្រ​របស់ខ្លួន លោក ម៉ូ​ឌី និយាយថា រួមគ្នា​យើង​រីកចម្រើន រួមគ្នា​យើង​នឹង​ទៅមុខ​។ លោក​ចាត់ទុក​ការបោះឆ្នោត​ដែល​ចាប់ផ្ដើម​តាំងពី​ពាក់កណ្ដាល​ខែមេសា​មក​នោះ ជា​ព្រឹ​ត្ត​ការណ៍​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រជាធិបតេយ្យ​ពិភពលោក​។​
 
​នេះ​ជា​លើក​ប្រវត្តិសាស្ត្រ​ឥណ្ឌា​ជាង​ប្រាំ​ទសវត្សរ៍​មកនេះ​ដែល​នាយករដ្ឋមន្ត្រី​ទទួល​ជ័យជម្នះ​នៅ​អាណត្តិ​ទី​ពីរ​ដោយ​សំឡេង​កើនឡើង​លើសលប់​បែបនេះ​។ កាលពី​ការបោះឆ្នោត​ឆ្នាំ​២០១៤ បក្ស BJP ឈ្នះ​កៅអី​សភា​ចំនួន​២៨២ ប៉ុណ្ណោះ​។ បក្សប្រឆាំង​ឯណោះ​វិញ ទទួលបាន​កៅអី​សភា​ចំនួន​៥២​។ ប្រធាន​បក្សប្រឆាំង រា​ហ៊ុល គ​ន្ធី បាន​បាត់បង់​អាសនៈ​របស់ខ្លួន​បន្ទាប់​ពី​បរាជ័យ​ដោយសារ​គូប្រជែង​មកពី​បក្ស​លោក ម៉ូ​ឌី ក្នុង​មណ្ឌល​ដែល​ត្រកូល​គ​ន្ធី​ធ្លាប់​កាន់កាប់​ជា​យូរ​។ 
 
​មេដឹកនាំ​បរទេស ពិសេស​ប្រទេស​មហាអំណាច​ជាច្រើន​បាន​សាទរ​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​របស់លោក ម៉ូ​ឌី ។ មេដឹកនាំ​ទាំងនោះ​មាន ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណា​តាន់​យ៉ា​ហ៊ូ ។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​លើ Twitter ថា រឿង​អស្ចារ្យ​កើតមាន​ក្នុង​ទំនាក់ទំនង​អាមេរិក​-​បារាំង​ពេល​លោក ម៉ូ​ឌី ធ្វើ​នាយករដ្ឋមន្ត្រី​។ 
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ ប៉ា​គី​ស្ថាន​ជាស​ត្រូវ​សួ​ពូជ​របស់​ឥណ្ឌា ក៏​ចូលរួម​អបអរ​លោក ម៉ូ​ឌី ដែរ​។ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន អ៊ី​ម​រ៉ា​ន ខាន់ លើកឡើងថា លោក​រង់ចាំ​ធ្វើការ​ជាមួយ​លោក ម៉ូ​ឌី ដើម្បី​សន្តិភាព ការឈាន​មុខ និង​វិបុលភាព​អាស៊ី​ខាងត្បូង​។ លោក ម៉ូ​ឌី បាន​អរគុណ​ជា​អនេក​ទៅ​មេដឹកនាំ​ប៉ា​គី​ស្ថាន​វិញ ហើយក៏​ប្រកាស​ពី​ជំហរ​ប្រកាន់ខ្ជាប់​សន្តិភាព និង​ការអភិវឌ្ឍ​ក្នុង​តំបន់​៕   
 

Tag:
 ឥណ្ឌា​
  នា​រិ​ន្ទ្រា ម៉ូ​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com