ជាតិ
​​​ន​យោ​បាយ​ជាតិ​
នយោបាយ​អត្តឃាត​!
24, May 2019 , 1:51 pm        
រូបភាព
​ភ្នំពេញ​៖ តើ​អ្វី​ទៅជា​នយោបាយ​អត្តឃាត «Suicidal Politics» « Politique Suicidaire» ? នយោបាយ​នេះ គឺ​សំដៅ​ទៅលើ​ការធ្វើ​នយោបាយ ដោយ​គ្មាន​មូលដ្ឋាន​រឹងមាំ ហើយ​ទទួល​បរាជ័យ​វិញ នៅក្រោយការ​ប្រកួតប្រជែង​បោះឆ្នោត​។​

 
​វា​ប្រហែលជា​មានការ​យល់ឃើញ និង​ឲ្យ​និយមន័យ​ខុសគ្នា ជុំវិញ​ពាក្យនយោបាយ​អត្តឃាត ពី​សំណាក់​សាស្ត្រាចារ្យ ឬ​អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ការទូត នយោបាយ​ការបរទេស និង​ភូមិសាស្ត្រ​នយោបាយ​ជាដើម​។ ហើយ​សារព័ត៌មាន​ThmeyThmey ក៏​មិនអាច​ជំទាស់​រាល់​ការ​ឲ្យ​និយមន័យ​លើ​ពាក្យនយោបាយ​អត្តឃាត​នេះដែរ​។​
 
​ប៉ុន្តែ​តាមរយៈ​សារព័ត៌មាន​ThmeyThmey សូម​លើកយក​និយមន័យ​ពាក្យនយោបាយ​អត្តឃាត ដែល​ស្រង់​ចេញពី​សទ្ទានុក្រម​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត​ខ្មែរ​-​អង់គ្លេស​-​បារាំង នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ដែល​ចេញផ្សាយ​កាលពី​ឆ្នាំ​២០១៤ មក​បកស្រាយ​។​
 
​ពាក្យនយោបាយ​អត្តឃាត នៅក្នុង​សទ្ទានុក្រម​នេះ បាន​ពន្យល់ថា បុគ្គល ឬ​ក្រុមបក្សនយោបាយ​ណាមួយ ដែល​បង្កើតឡើង​គ្មាន​មូលដ្ឋាន​រឹងមាំ ហើយ​ត្រូវ​ទទួល​បរាជ័យ និង​បាត់ឈ្មោះ​ពី​ក្នុង​គណបក្សនយោបាយ​ទៅវិញ ក្រោយពី​មានការ​ប្រកួតប្រជែង​។ 
 
​ប៉ុន្តែ​ពាក្យនយោបាយ​អត្តឃាត នៃ​ភាសា​អង់គ្លេស​«Suicidal Politics» នេះ ក៏មាន​ការពន្យល់​ផងដែរ​ថា  រាល់​បុគ្គល​នយោបាយ ឬ​ក្រុមបក្សនយោបាយ​ណាមួយ ដែល​ត្រូវបាន​បាត់បង់​ការជឿទុកចិត្ត ឬ​ការគាំទ្រ ពី​សំណាក់​សាធារណមតិ​នោះ ពួកគេ​តែងតែ​ទទួលរង​នូវ​សំណើរ​អវិជ្ជមាន ឬ​ការគំរាមកំហែង​ទៅដល់​តួនាទី និង​មុខតំណែង​របស់​ពួកគេ​។ ត្រង់ចំណុច​នេះ មានន័យថា រាល់​អ្នកនយោបាយ​ដែល​គេ​ឃើញថា មាន​ឆន្ទៈ ឬ​ការប្ដេជ្ញាចិត្ត​ពិតប្រាកដ ហើយ​ប្រើប្រាស់​នយោបាយ​អត្តឃាត​នេះ គឺ​រូបគេ​ប្រហែលជា​ត្រូវ​បង្ខំចិត្ត​លាលែង​ពីមុខ​តំណែង ឬ​តួនាទី​អ្វីមួយ ដោយសារ​សម្ពាធ​ពី​សង្គម​ខាងក្រៅ និង​សម្ពាធ​ពី​ផ្ទៃក្នុង​បក្ស តាមរយៈ​ថ្នាក់ដឹកនាំ​ ឬ​សមាជិក​បក្ស​ជាដើម​។​
 
​ក្នុងន័យនេះ គេ​អាច​ឲ្យ​ជា​ឧទាហរណ៍​បាន​ថា បើសិនជា​បុគ្គល​នយោបាយ ឬ​គណបក្សនយោបាយ​ណា ដែល​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស តាមរយៈ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​ហើយ បែរជា​មិនបាន​អនុវត្តតាម​ការសន្យា​ខ្លួន ដែល​ប្រកាស​ឃោសនា​មុន​ការបោះឆ្នោត ឬ​ដឹកនាំ​មិនបាន​ល្អ​នោះ ពួកគេ​អាច​ប្រឈមមុខ​និង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នោះ ដោយ​ការទាមទារ​ឲ្យ​ចុះ​ចេញពី​តំណែង ឬ​លែង​បោះឆ្នោត​ផ្ដល់​សេចក្តីទុកចិត្ត​ឲ្យ​ទៀត​នៅ​អាណ​ត្តិ្ក​ក្រោយ​។ ប៉ុន្តែ​បើសិនជា​អ្នកនយោបាយ ឬ​មេដឹកនាំ​នោះ មាន​ឆន្ទៈ ឬ​ការប្ដេជ្ញាចិត្ត​ខ្ពស់​នោះ ប្រហែលជា​រូបគេ​នឹង​សុំលាលែង​ពី​តំណែង​នេះ ដើម្បី​រក្សា​ប្រជាប្រិយភាព​បក្ស​។​

ជាក់ស្ដែង​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ នៅ​ថ្ងៃទី​២៤ ខែឧសភា បានប្រកាស​លាលែង​ពី​តំណែង​ហើយ បន្ទាប់ពី​លោកស្រី​រង​សម្ពាធ​ខ្លាំង​ទាក់ទង​ការ​អូស​ដៃ​អង់គ្លេស​ច​ញ​ពី​សហភាព​អឺរ៉ុប​។ ការលាលែង​ពី​តំណែង​របស់​លោកស្រី ទំនង​ជាការ​បំបែក​ភាពទ័លច្រក​នៅក្នុង​សភា​ជុំវិញ​ការចាកចេញ​ពី​អឺរ៉ុប ដែល​មកទល់ពេលនេះ មិនទាន់​មានការយល់​ព្រម​នៅឡើយ​។ តាមរយៈ​ប្រជាមតិ​ខែមិថុនា ឆ្នាំ​២០១៦ ប្រជាជន​អង់គ្លេស​សម្រេចចិត្ត​ចាក​ចេញពី​សហភាព​អឺរ៉ុប ដែល​កាលនោះ​លោក ដេវីដ កា​មេ​រ៉ូ​ន ជា​នាយករដ្ឋមន្ត្រី​នៅឡើយ​។ ប៉ុន្តែ​ជិត​បី​ឆ្នាំ​មកនេះ អង់គ្លេស នៅតែ​មិនអាច​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដដែល ដ្បិត​កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប ត្រូវបាន​សភា​អង់គ្លេស​បោះឆ្នោត​ប្រឆាំង​ដល់​ទៅ​បី​ដង​។ លោកស្រី ម៉េ​យ៍ បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ចរចា​ជាមួយ​ដៃគូ​អឺរ៉ុប ប៉ុន្តែ​មិនអាច​បញ្ចុះបញ្ចូល​សមាជិក​សភា​ខ្លួនឯង​ទៅវិញ​។ ការលាលែង​ពី​តំណែង​ប្រធាន​បក្ស ក៏ដូច​ជាការ​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ដែរ ក្រោមហេតុផលថា លោកស្រី​មិនអាច​ទាញ​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប តាម​បំណង​ប្រជាជន​ខ្លួន​។​
អត្ថបទទាក់ទង
 
​ឧទាហរណ៍មួយទៀត យើង​អាច​លើក​ករណី​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ ជា​ឧទាហរណ៍​បាន​ថា មុន​ការបោះឆ្នោត​លោក ត្រាំ បាន​សន្យា​សាងសង់​ជញ្ជាំង​ព្រំដែន​អាម៉េរិក​និង​ម៉ិ​ក​ស៊ី​កូ ។ ការសន្យា​នេះហើយ វា​ជា​ផ្នែក​មួយ​ដែល​ជួយ​ឲ្យ​លោក ត្រាំ ទទួលបាន​ប្រជាប្រិយភាព រហូតដល់​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​អាម៉េរិក កាលពី​ឆ្នាំ​២០១៦​។ ប៉ុន្តែ​ការសន្យា​សាងសង់​ជញ្ជាំង​នេះ មិនបាន​លេចចេញ​ជា​រូបរាង​ដូច​ការលើកឡើង​ទេ ដោយសារ​បញ្ហា​អនុម័ត​ថវិកា​។ ដូច្នេះ​បើសិនជា​ការសន្យា​សាងសង់​នេះ មិន​ដូច​ការពិត ហើយ​គណបក្ស​សាធារណរដ្ឋ ចាញ់ឆ្នោត​នៅ​អាណត្តិ​ក្រោយ ដោយសារ​ការបាត់បង់​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​នោះ វា​ប្រហែល​អាចមកពី​មូលហេតុ​សន្យា​របស់លោក ត្រាំ នេះដែរ​៕ 

Tag:
 នយោបាយ​
  អត្តឃាត​
  សទ្ទានុក្រម​
© រក្សាសិទ្ធិដោយ thmeythmey.com