លោក សម រង្ស៊ី​៖ មានតែ​ការបោះឆ្នោត​ឆ្នាំ​៩៣​ម្តងគត់ ដែល​ត្រឹមត្រូវ​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖ មានតែ​ការបោះឆ្នោត​ឆ្នាំ​៩៣​ម្តងគត់ ដែល​ត្រឹមត្រូវ​
24, May 2019 , 3:01 pm        
រូបភាព
សកម្មភាពរៀបចំការបោះឆ្នោតសកលលើកដំបូង កាលពីអំឡុងខែឧសភា ឆ្នាំ១៩៩៣​ (រូបពី AFP)
សកម្មភាពរៀបចំការបោះឆ្នោតសកលលើកដំបូង កាលពីអំឡុងខែឧសភា ឆ្នាំ១៩៩៣​ (រូបពី AFP)
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃ​២៣ ដល់​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​១៩៩៣ កម្ពុជា បានរៀបចំ​ការបោះឆ្នោត​ជា​សាកល​លើកដំបូង ក្រោយពី​រួចផុត​ពី​សម័យ​សង្គ្រាម​។ 


 
​លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង បាន​បង្ហោះ​សារ​រម្លឹក​ខួប​២៦​ឆ្នាំ នៃ​ការបោះឆ្នោត​លើកដំបូង​នេះ​។ លោក បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា «​ការបោះឆ្នោត​នោះ ជាការ​បោះឆ្នោត​នៅ​កម្ពុជា​ជា​លើក​ទី​១ និង​តែ​ម្តងគត់ ក្នុង​ប្រវត្តិសាស្ត្រ ដែលមាន​លក្ខណៈ​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ ដោយសារតែ​អង្គការសហប្រជាជាតិ (​អ៊ុនតាក់​) ជា​អ្នករៀបចំ​»​។​
 
​លោក បន្តថា ការបោះឆ្នោត​នាពេលនោះ បានផ្តល់​ជ័យជម្នះ ដល់​ចលនា​ស្នេហា​ជាតិ និង​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច ដែលមាន​លោក និង ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជា​តំណាង ឯ​គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​បរាជ័យ​។ 
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច ចំអក​ថា ឲ្យ​តែ​ក្រុម​អ្នកប្រឆាំង នៅតែ​ចាញ់ ការបោះឆ្នោត​នៅតែ​មិន​ត្រឹមត្រូវ សម្រាប់​ពួកគេ​។ លោក និយាយ​ត្រឡប់មកវិញ​ថា ការបោះឆ្នោត​ត្រឹមត្រូវ លុះត្រា​ពួកគេ​បានឈ្នះ​។  
 
​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ ហាក់​មិន​ចង់​ត​តប​នឹង​លោក សម  រង្ស៊ី ឡើយ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងខ្លី​ថា «​គាត់ ជាម​នុស្ស ដែល​គេ​បដិសេធ​គ្រប់គ្នា​ហើយ ខ្ញុំ​មិន​ចង់​ឆ្លើយតប​អ្វី​វែងឆ្ងាយ​ទេ​»​។ 
 
​មកដល់ពេលនេះ ការបោះឆ្នោត​សកល​នៅ​កម្ពុជា ប្រព្រឹត្តទៅបាន​៦​លើក​ហើយ​។ ក្នុង​នីតិកាល​ទី​៦​នេះ គណបក្សកាន់អំណាច ដែល​ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួលបាន​អាសនៈ​ទាំងអស់ ដោយសារតែ​គណបក្សប្រឆាំង ដែលមាន​លោក សម  រង្ស៊ី  និង លោក កឹម សុខា ជា​មេដឹកនាំ មិនបាន​ចូលរួម​៕ 
 

Tag:
 សម រង្ស៊ី​
  សុខ ឥសាន​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com