អន្តរជាតិ
អាមេរិក ប្រកាស​ជួយ​កសិករ ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​
24, May 2019 , 7:39 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​សហរដ្ឋអាមេរិក បានប្រកាស​កញ្ចប់​ជំនួយ​ថ្មី​មួយ ដែលមាន​ទំហំ​ទឹកប្រាក់ ១៦​ពាន់​លាន​ដុល្លារ ។ កញ្ចប់​ជំនួយ​នេះ មាន​គោលដៅ​ជួយ​សម្រួល​ដល់​កសិករ​អាមេរិក ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។

 
​ប្រាប់​ក្រុម​សារព័ត៌​មាននៅ​សេត​វិមាន​អាមេរិក នៅ​ថ្ងៃទី​២៣ ឧសភា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បញ្ជាក់​ឲ្យ​ដឹងថា ដោយសារ​ចិន កសិករ​អាមេរិក​ជាច្រើន ជួបប្រទះ​ការខាតបង់ ជាពិសេស ទាក់ទិន​នឹង​បញ្ហា​ចំណូល​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ត្រាំ និយាយថា  រដ្ឋបាល​លោក នឹង​ជួយ​សម្រួល​ការលំបាករ​បស់​ពួកគេ តាមរយៈ​កញ្ចប់​ជំនួយ​នេះ​។
 
​ទន្ទឹមនឹង​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​អាមេរិក លោក Sonny Perdue លើកឡើងថា លុយ​មួយផ្នែកធំ​នៃ​កញ្ចប់​ជំនួយ​ទាំង​១៦​ពាន់​លាន​ដុល្លារ​នេះ នឹង​បញ្ជូនទៅ​ដល់ដៃ​កសិករ​ដោយផ្ទាល់ ខណៈ​លុយ​មួយផ្នែក​តូច​ផ្សេងទៀត នឹងត្រូវ​យកទៅ​ប្រើប្រាស់​សម្រាប់​ទិញ​ចំណីអាហារ ដើម្បី​ផ្គត់ផ្គង់​ក្នុង​កម្មវិធី​ជំនួយ​អាមេរិក ដូចជា កម្មវិធី​អាហារ​ថ្ងៃត្រង់​នៅ​សាលារៀន និង​ធនាគារ​អាហារ​ជាដើម​។  
 
​តាមរយៈ AFP មន្ត្រីជាន់ខ្ពស់​រូបនេះ គូសបញ្ជាក់ថា ផែនការ​ថ្មី​នេះ មាន​គោលបំណង​ចម្បង​មួយ ដោយ​ធានា​ឲ្យ​បាន​ថា កសិករ​អាមេរិក ពុំ​ទទួលរង​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការដំឡើង​ពន្ធ​វាយបក​ពី​សំណាក់​ក្រុង​ប៉េកាំង និង​ដៃគូ​ពាណិជ្ជកម្ម​ផ្សេងៗ​ទៀត​។ លោក Perdue បន្ថែមថា កសិករ ចង់បាន​ការធ្វើ​ពាណិជ្ជកម្ម​ច្រើនជាង​ជំនួយ ប៉ុន្តែ​ដោយ​គ្មាន​ការធ្វើ​ពាណិជ្ជកម្ម ពួកគេ ច្បាស់​ជា​ត្រូវការ​ជំនួយ​គាំទ្រ​ខ្លះ​ពី​រដ្ឋាភិបាល​។ 
 
​សូមបញ្ជាក់ថា យុទ្ធសាស្ត្រ​ដំឡើង​ពន្ធ​ប្រឆាំង​ចិន​របស់លោក​ត្រាំ ទទួលរង​ការ​វាយបក​យ៉ាង​មុត​ស្រួល​ពី​ក្រុង​ប៉េកាំង ដ្បិត​ក្រុង​ប៉េកាំង បាន​សំដៅ​ទៅលើ​វិស័យ​កសិកម្ម​អាមេរិក​។ សណ្តែកសៀង និង​សាច់ជ្រូក គឺជា​គោលដៅ​ចម្បង ប៉ុន្តែ​ក៏មាន​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត ដែល​ទទួលរង​ប៉ះពាល់​ដោយផ្ទាល់ ឬ​ប្រយោល​ផងដែរ​។ 
 
​យោងតាម​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម​អាមេរិក ការនាំចេញ​សណ្តែកសៀង​ទៅកាន់​ប្រទេស​ចិន បាន​ធ្លាក់ចុះ ៧៥​ភាគរយ​ក្នុង​ឆ្នាំ​២០១៨​។ ជាមួយគ្នានេះ ក្រសួងកសិកម្ម​អាមេរិក នឹង​គិតគូរ​ពី​ការខាតបង់ ដែល​កើតឡើង​ដោយសារ​ការ​វាយបក​របស់​ចិន ក្នុង​សង្គ្រាម​ពាណិជ្ជ​កម្មនេះ ដែល​កំពុង​ឆាបឆេះ​នេះ​។ តួលេខ​បឋម នឹងត្រូវ​បញ្ចេញ​នា​ខែកក្កដា ឬ​សីហា ខាងមុខនេះ​៕
 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  សង្គ្រាម​ពាណិជ​កម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com