​កម្ពុជា​-​ជប៉ុន​បោះជំហាន​ទៅមុខ​ហើយ​លើ​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​ប្រឡាយ​លូទឹកកខ្វក់​នៅ​បឹង​ជើងឯក​
ជាតិ
សង្គមជាតិ
​កម្ពុជា​-​ជប៉ុន​បោះជំហាន​ទៅមុខ​ហើយ​លើ​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​ប្រឡាយ​លូទឹកកខ្វក់​នៅ​បឹង​ជើងឯក​
24, May 2019 , 8:19 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះហត្ថលេខា លើគម្រោងអភិវឌ្ឍប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯក កាលពីថ្ងៃទី២៣ឧសភា
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះហត្ថលេខា លើគម្រោងអភិវឌ្ឍប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯក កាលពីថ្ងៃទី២៣ឧសភា
​ភ្នំពេញ​៖ ភាគី​កម្ពុជា និង​ជប៉ុន បាន​ចុះហត្ថលេខា ស្តីពី​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​ប្រឡាយ​លូទឹកកខ្វក់​នៅ​បឹង​ជើងឯក កាលពី​ថ្ងៃទី​២៣​ឧសភា​។ គម្រោង​នេះ ផ្តោត​សំខាន់​លើ​ការធ្វើ​ឲ្យ​ប្រសើរឡើង និង​ការកែលម្អ​បរិស្ថាន​ប្រកបដោយ​ប្រសិទ្ធភាព និរន្តរភាព និង​ការពារ​បរិស្ថាន លើកកម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ និង​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ គម្រោង​អភិវឌ្ឍ​នេះ មានលទ្ធភាព​កែច្នៃ ឬ​បន្សុទ្ធ​ទឹក​កខ្វក់ ៥,០០០​ម៉ែត្រគូប ក្នុង​មួយថ្ងៃ ដែល​នឹង​កាត់បន្ថយ​ការបំពុល​បរិស្ថាន​មួយកម្រិត​ធំ នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​។

​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​ប្រឡាយ​លូទឹកកខ្វក់​នៅ​បឹង​ជើងឯក នឹង​ត្រូវជា​គម្រោង​គំរូ​ដំបូងបង្អស់ សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​នឹង​កាត់បន្ថយ​ការបំពុល​បរិស្ថាន​មួយកម្រិត​ធំ នៅ​ភាគ​ខាងជើង​ក្រុងភ្នំពេញ​។ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អះអាង​ដូច្នេះ​នា​ពិធី​ចុះហត្ថលេខា​ជាមួយ​លោក បណ្ឌិត​អ៊ី​តូ​មិ​ម​ប៉េ​អ៊ិ​(Dr. lto Minpei) ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) លើ​គម្រោង​នេះ កាលពី​ថ្ងៃទី​២៣ ខែឧសភា ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ស្រង់​សម្តី​មក​ផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ 


ប្រភពរូប៖ បានពីរដ្ឋបាលរាជធានីភ្នំពេញ​
 
​តាម​ប្រភព​ដដែល លោក​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ការអភិវឌ្ឍ​ប្រព័ន្ធ​ប្រឡាយ​លូទឹកកខ្វក់​នេះ គឺ​ផ្តោត​សំខាន់​ទៅលើ​ការធ្វើ​ឲ្យ​ប្រសើរឡើង និង​ការកែលម្អ​បរិស្ថាន​ប្រកបដោយ​ប្រសិទ្ធភាព និរន្តរភាព និង​ការពារ​បរិស្ថាន លើកកម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ ព្រមទាំង​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ គម្រោង​អភិវឌ្ឍ​នេះ មានលទ្ធភាព​កែច្នៃ ឬ​បន្សុទ្ធ​ទឹក​កខ្វក់ ៥,០០០​ម៉ែត្រគូប ក្នុង​មួយថ្ងៃ​។ 
 
​បើតាម​លោក ឃួ​ង ស្រេង ការចុះហត្ថលេខា​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​សិក្សា​ស្រាវជ្រាវ រវាង​ក្រុមការងារ​គម្រោង​របស់ JICA មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ី​ធី​អាយ (CTI) អស់​រយៈពេល​១២​ខែ​។  


រូបភាព បានពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
 
​លោក lto Minpei ក៏បាន​លើកឡើង​នៅក្នុង​ពិធី​នោះដែរ​ថា ការស្តារ​បរិស្ថាន​ឡើងវិញ​គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន លើសពី​ការវិនិយោគ ដែល​ដំណោះស្រាយ​បឋម គឺ​វ​ធ្វើ​ប្រព័ន្ធ​លូបង្ហូរទឹក ដើម្បី​ទប់ទល់​ការចំណាយ​ដ៏​ច្រើន​នេះ​។ លោក lto Minpei  បញ្ជាក់ទៀតថា ក្រោយ​ការចុះហត្ថលេខា​នេះ ស្ថាប័ន​លោក នឹង​បញ្ជូន ទៅ​ឲ្យ​រាជរដ្ឋាភិបាល​ជប៉ុន​អនុម័ត​ចុងក្រោយ​។​
 
​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ កន្លងមក លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ក្នុង​គម្រោង​នេះ ស្ថិតក្រោម​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន ២៧​លាន​ដុល្លារ​៕


លោក Dr. lto Minpei ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA ចុះហត្ថលេខា លើគម្រោងអភិវឌ្ឍប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯក កាលពីថ្ងៃទី២៣ឧសភាថា

Tag:
 ទឹក​កខ្វក់​
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com