សុខភាព
អន្តរជាតិ
វៀត​ណាត​មិន​ហាមឃាត់​ការលក់​គ្រឿង​ស្រវឹង​លើ​អន​ឡាញ តែ​រឹតបន្តឹង​តាម​វិទ្យុ​និង​ទូរទស្សន៍​
24, May 2019 , 8:39 pm        
រូបភាព
ដោយ:
​វៀតណាម បាន​លុបចោល​សំណើ​ក្រិ​ត្យ​មួយ ដែល​ហាមឃាត់​ការលក់​គ្រឿង​ស្រវឹង​លើ​អន​ឡាញ ។ ការសម្រេច​នេះ ធ្វើឡើង​ក្រោយពី​អ្នកតាក់តែង​ច្បាប់​វៀតណាម រិះគន់ថា ការធ្វើ​បែបនេះ គឺ​ប្រឆាំង​ទៅនឹង​និន្នាការ​អន្តរជាតិ ។ យ៉ាងណាមិញ ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​លើ​ទូរទស្សន៍ និង​វិទ្យុ នឹងត្រូវ​ហាមឃាត់​ចន្លោះ​ពី​ម៉ោង ៧ ដល់ ៨ យប់​ជា​រៀងរាល់ថ្ងៃ​។​

 
​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ក្រសួងសុខាភិបាល​វៀត​ណា​ម បានដាក់​ស្នើ​សេចក្តីព្រាងច្បាប់​មួយ ដែល​នឹង​ហាមប្រាម​ការលក់​គ្រឿង​ស្រវឹង​នានា​លើ​ប្រព័ន្ធ​អន​ឡាញ ដែលមាន​ផ្ទុក​ជាតិ​អាល់កុល​លើសពី​១៥​ភាគរយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អន​ឡាញ​វៀតណាម Vietnam Express ។​
 
​យ៉ាងណាមិញ ក្រុម​អ្នកតាក់តែង​ច្បាប់​វៀតណាម បាន​តស៊ូ​មតិ​គ្នា​យ៉ាង​ក្តៅគគុក​លើ​សំណើ​ច្បាប់​នេះ​។ ក្រោយមក ការរិះគន់​ទាក់ទិន​នឹង​សំណើ​នេះ ត្រូវបាន​លើកឡើង ដោយ​ពួកគេ អះអាងថា ការហាម​ប្រាម​បែបនេះ នឹង​ប្រឆាំង​ទៅនឹង​និន្នាការ​អន្តរជាតិ និង​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ការធ្វើ​ពាណិជ្ជកម្ម​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក (E-commerce) ។ 
 
​តាម  Vietnam Express គណៈកម្មាធិការ​សភាជាតិ​ទទួលបន្ទុក​កិច្ចការ​សង្គម​វៀតណាម នៅ​ថ្ងៃទី ២៣ ខែឧសភា បានបញ្ជាក់​ឲ្យ​ដឹងថា ខ្លួន បានសម្រេច​លុបចោល​ក្រិ​ត្យ​នេះ​ចេញ ក្រោយពី​ស្តាប់​ការយល់ឃើញ​របស់​ក្រុម​អ្នកតាក់តែង​ច្បាប់​វៀតណាម​ទាំងនោះ​។ 
 
​ម្យ៉ាងវិញទៀត ការផ្លាស់ប្តូរ​ខ្លះ ត្រូវបាន​ធ្វើឡើង​ក្នុង​សេចក្តីព្រាងច្បាប់​កំណែ​ថ្មី​ចុងក្រោយបង្អស់​។ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដែលមាន​ផ្ទុក​ជាតិ​អាល់កុល​តិចជាង ១៥​ភាគរយ នឹងត្រូវ​អនុញ្ញាត​ឲ្យ​ផ្សាយ​លើ​ទូរទស្សន៍ និង​វិទ្យុ​។ ប៉ុន្តែ ការផ្សាយពាណិជ្ជកម្ម​ទាំងនេះ ពុំ​ត្រូវ​ចាក់ផ្សាយ​ជាដាច់ខាត​ចន្លោះ​ពី​ម៉ោង ៧ ដល់ ៨ យប់ ជា​រៀងរាល់ថ្ងៃ​។ 
 
​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ គ្រោង​ដាក់​ឲ្យ​ពិភាក្សា និង​បោះឆ្នោត​នៅ​ចុងបញ្ចប់​នៃ​សម័យប្រជុំ​សភា​វៀតណាម​ដែល​ដំណើរការ​ចាប់ពី​ថ្ងៃទី​២០ ខែឧសភា​ដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​។​
 
​គ្រឿង​ស្រវឹង ជាពិសេស ស្រា​បៀរ ត្រូវបាន​ទទួលទាន​យ៉ាង​ទូលំទូលាយ​ក្នុងប្រទេស​វៀតណាម​។ ទិន្នន័យ​ដែល​ប្រមូលបាន​ដោយ​ក្រសួងសុខាភិបាល​វៀតណាម​ក្នុង​ឆ្នាំ​២០១៧ បង្ហាញ​ឲ្យ​ដឹងថា ប្រជាជន​វៀតណាម ផឹកស្រា​បៀរ ៤,១​ពាន់​លាន​លីត្រ ក្នុង​មួយឆ្នាំ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយជា​ប្រទេស​ផឹក​គ្រឿង​ស្រវឹង​ធំ​បំផុត ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​តំបន់​អាស៊ី បន្ទាប់ពី ជប៉ុន និង​ចិន​៕

Tag:
 វៀតណាម​
  គ្រឿង​ស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com