ជាតិ
ករណី​ផ្ទុះ​នៅលើ​អាកាស​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ បណ្ដាលមកពី​ការបាញ់​ផ្កាយរណប​បរាជ័យ​រប​ស់​ចិន​?
24, May 2019 , 4:11 pm        
រូបភាព
​ភ្នំពេញ​៖ មកដល់ពេលនេះ មិនទាន់មាន​ការសន្និដ្ឋាន​ជា​ផ្លូវការ លើ​ករណី​ផ្ទុះ​នៅលើ​អាកាស​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ នៅឡើយ​ទេ ខណៈ​មាន​សេចក្តីរាយការណ៍​ថា ករណី​ផ្ទុះ​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការបាញ់​ផ្កាយរណប​បរាជ័យ​រប​ស់​ចិន​។​

 
​លោក ម៉ៅ តារា ស្នងការ​ខេត្តស្ទឹងត្រែង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​បានស្នើ​មកកាន់​ថ្នាក់ដឹកនាំ ដើម្បី​បញ្ជូន​មន្ត្រី​ជំនាញ ទៅ​សិក្សា​លើ​បំណែក ដែល​បាន​ផ្ទុះ​ពីលើ​អាកាស​ធ្លាក់ នៅក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡាបរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ដែល​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ​។ «​យើង​មិនទាន់​អាច​សន្និដ្ឋានថា តើ​ករណី​ផ្ទុះ ហើយ​ធ្លាក់​បំណែក​មកនេះ ជា​ករណី​អ្វី​នោះទេ​? យើង​កំពុង​ស្នើសុំ​ថ្នាក់ដឹកនាំ បញ្ជូន​អ្នកជំនាញ​មក​ពិនិត្យមើល​លើ​បំណែក​ទាំងនេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ៅ តារា ដែល​កំពុង​តាមដាន​ករណីនេះ បាន​បន្ថែមថា វត្ថុ​ទាំងនោះ កំពុង​រក្សាទុក​នៅ​អង្គភាព​លោក​។​
 
​ចំណែក​លោក ម៉ុម សា​រឿង អភិបាលខេត្ត​ស្ទឹងត្រែង ក៏​មិនទាន់​អាចសន្និដ្ឋាន​បាន​លើ​ករណី​ផ្ទុះ​នេះដែរ​។​
 
​តែ​យ៉ាងណា​ករណី​ផ្ទុះ​នេះ ត្រូវបាន​គេ​រាយការណ៍​មក​ថា វា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការបាញ់​ផ្កាយរណប​បរាជ័យ​រប​ស់​ចិន​។ ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ នៅក្នុង​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey​ថា ផ្កាយរណប​បាន​ផ្ទុះ​ធ្លា​ក់នៅ​តំបន់ Boeng Ngam ចម្ងាយ​ប្រហែល​បី​គីឡូម៉ែត្រ​ពី​ខ្សែទឹក Veun Kham ដែលជា​ព្រំដែន​កម្ពុជា​-​ឡាវ ឆ្លងកាត់​ទន្លេមេគង្គ​។ ប្រភព​ដដែល​បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​វា​ជា​ផ្កាយរណប​របស់​ចិន​»​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ បាន​ចុះផ្សាយ​ថា យាន​រ៉ុក្កែត Long-March Rocket-4C ដែលមាន​ផ្ទុក​ផ្កាយរណប Yaogan 33 បាន​បរាជ័យ បន្ទាប់ពី​ការបាញ់​បង្ហោះ​ចេញពី​ខេត្ត​សាន​ស៊ី កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។​

 
​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ចិន​បាន​និយាយថា «​ដំណាក់កាល​ទី ១ និង​ទី ២ នៃ​រ៉ុក្កែត​បាន​ដំណើរការ​ជាធម្មតា ខណៈ​ដំណាក់កាល​ទី ៣ មាន​ប្រតិបត្តិ​ការខុស​ប្រក្រតី ។ ផ្អែក​តាម​ទិន្នន័យ​ត្រួតពិនិត្យ​ដំណាក់កាល​ទី ៣ នៃ​កំទេចកំទី​រ៉ុក្កែត​និង​ផ្កាយរណប បាន​ធ្លាក់ចុះ​នៅលើ​ដី​»​។​
 
​ចិន បាន​និយាយថា ផ្កាយរណប Yaogan នេះ ត្រូវបាន​ប្រើ​សម្រាប់​ការស្រាវជ្រាវ​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច និង​ការធ្វើ​តេស្ត​បច្ចេកវិទ្យា​ដែល​ទាក់ទង​ផ្សេងទៀត​។ នេះ​បើ​យោងតាម​សារព័ត៌មាន Space News​។​
 
​ប៉ុន្តែ​ក្រុមអ្នកវិភាគ យល់ឃើញថា ផ្កាយរណប​ទាំងនោះ គឺជា «​ផ្កាយរណប​រ៉ា​ដា អុ​ប​ទិ​ក​និង​សំយោគ សម្រាប់​គោលបំណង​ឈ្លបយកការណ៍​យោធា​» ៕



 
 

Tag:
 ផ្កាយរណប​
  ព្រំដែន​
  ឡាវ​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com